ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប៉ាគីស្ថាន ចាត់ទុកកម្ពុជា ជាដៃគូសំខាន់
22, Mar 2022 , 9:59 pm        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន និងលោក ហ្សាហ៊ីរូឌីន បាបា ថាហ៊ីម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។_
ជំនួបរវាងសម្តេច ហ៊ុន សែន និងលោក ហ្សាហ៊ីរូឌីន បាបា ថាហ៊ីម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។_
លោក ហ្សាហ៊ីរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប៉ាគីស្ថានប្រចាំកម្ពុជា បានថ្លែងនៅចំពោះមុខនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន ថា ប៉ាគីស្ថាន ចាត់ទុកកម្ពុជា ជាដៃគូសំខាន់។ លោក បានចូលជួបសម្តែងការគួរសមជាមួយសម្តេច នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។ 

 
លោក ហ្សាហ៊ីរូឌីន បាបា ថាហ៊ីម ជម្រាបសម្តេច ហ៊ុន សែន ថា ក្នុងពេលបំពេញបេសកកម្មការទូតនៅកម្ពុជា លោក នឹងបន្តសកម្មភាព ដែលមានស្រាប់ និងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ ជាមួយគ្នានេះ លោក កោតសរសើរថា កម្ពុជាមានការអភិវឌ្ឍ មានភាពស្រស់ស្អាត ប្រជាជនមានការរាក់ទាក់ ហើយមន្ត្រីរាជការផ្ដល់កិច្ចសហប្រតិបត្តិការល្អ។
 
សម្តេច ហ៊ុន សែន អបអរសាទរលោក ហ្សាហ៊ីរូឌីន បាបា ថាហ៊ីម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តលោកឯកអគ្គរដ្ឋទូត ឲ្យពិនិត្យមើលសក្តានុពលផ្សេងៗ ដែលប្រទេសទាំងពីរ អាចធ្វើបាន ដូចជា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគ ដែលមានសារសំខាន់សម្រាប់បំពេញឲ្យគ្នាទៅវិញទៅមក និងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ 
 
ជាមួយគ្នានេះ មេដឹកនាំកម្ពុជា បានអរគុណរដ្ឋាភិបាលប៉ាគីស្ថាន ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយបានស្នើរដ្ឋាភិបាលប៉ាគីស្ថាន ឲ្យបន្តផ្ដល់អាហារូបករណ៍ជាបន្តទៀត ដល់កម្ពុជា។ 
 
សូមបញ្ជាក់ថា កម្ពុជា និងប៉ាគីស្ថាន មានទំនាក់ទំនងជាមួយគ្នា៧០ឆ្នាំហើយ។ នាយករដ្ឋមន្រ្តីកម្ពុជា ចាត់ទុកទំនាក់ទំនងនៃប្រទេសទាំងពីរនេះ ថាជាទំនាក់ទំនងវ័យចំណាស់មួយ៕  
 

Tag:
 កម្ពុជា-ប៉ាគីស្ថាន
  ការទូត
  ទំនាក់ទំនង
  ហ៊ុន សែន
  Zaheeruddin Babar Thaheem
© រក្សាសិទ្ធិដោយ thmeythmey.com