ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់អាជ្ញាធរ កុំឲ្យទារសគុណ ពេលផ្តល់សេវាជូនពលរដ្ឋ
24, Mar 2022 , 1:40 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលក្នុងស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ (រូបពីំទំព័រហ្វេសប៊ុករបស់សម្តេច)។ កន្លែងធ្វើអត្តសញ្ញាណបណ្ណមួយ ក្នុងស្រុកបវេល ខេត្តបាត់ដំបង (រូបដោយសហការី)។
សម្តេច ស ខេង ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលក្នុងស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ (រូបពីំទំព័រហ្វេសប៊ុករបស់សម្តេច)។ កន្លែងធ្វើអត្តសញ្ញាណបណ្ណមួយ ក្នុងស្រុកបវេល ខេត្តបាត់ដំបង (រូបដោយសហការី)។
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឲ្យអាជ្ញាធរ លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងបម្រើផលប្រយោជន៍នានាជូនប្រជាជន ដោយគ្មានការយកប្រាក់។ ការជំរុញរបស់សម្តេចរដ្ឋមន្រ្តី ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលមួយចំនួន ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។



សម្តេច ស ខេង ថ្លែងដូច្នេះថា៖ «គាត់ត្រូវការអី ដែលជាផលប្រយោជណពិតប្រាកដ សម្រាប់ជីវភាពរបស់គាត់ យើងត្រូវតែខិតខំដោះស្រាយ ក្នុងនោះមានទាំងដោះស្រាយវិវាទ ទំនាស់ បញ្ហាប្រឈមនៅមូលដ្ឋាន។ គាត់រងការគំរាមដោយជនខិលខូច ដោយក្មេងទំនង ដោយអីណាហូរហែ ឬមួយគាត់ត្រូវការក្រដាសស្នាម បណ្ណស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញណបណ្ណ លិខិតឆ្លងដែន អាជ្ញាបណ្ណធ្វើអាជីវកម្ម គ្រប់បែបយ៉ាង។ល។ គឺត្រូវតែធ្វើឲ្យបានល្អ ឆាប់រហ័ស ដោយគ្មានអំពើអសកម្មកើតឡើង ដាក់ការតថ្លៃ ទារសគុណនេះ សគុណនោះ អត់បានទេ»។

បន្ថែមពីនេះ សម្តេច ប្រាប់អាជ្ញាធរ ឲ្យបន្តពង្រឹងគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថភាព»។ រដ្ឋមន្រ្តីមហាផ្ទៃ  ថែមទាំងណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច រួមគ្នារក្សាសន្តិសុខតាមមូលដ្ឋាន ដោយត្រូវយកចិត្តទុកដាក់ទប់ស្កាត់ឲ្យមានអំពើលួចប្លន់ គ្រឿងញៀន និងល្បែងខុសច្បាប់៕

Tag:
 ស ខេង
  សេវាសាធារណៈ
  មូលដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com