កីឡាអន្តរជាតិ
អន្តរជាតិ
អាម៉េរិក ព្រមាន​ចិនជាថ្មី បើហ៊ានជួយរុស្សីគេចចេញពីទណ្ឌកម្មសេដ្ឋកិច្ច
24, Mar 2022 , 4:09 pm        
រូបភាព
ទីប្រឹក្សាសន្តិសុខអាម៉េរិក Jake Sullivan ។ រូបថត AFP
ទីប្រឹក្សាសន្តិសុខអាម៉េរិក Jake Sullivan ។ រូបថត AFP
ដោយ:
រដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃដិន នៅថ្ងៃទី២៣ ខែមីនា ​បានព្រមាន​ចិនជាថ្មីមិនឱ្យផ្តល់ជំនួយណាមួយ ដល់រុស្ស៊ីដែលកំពុងរងទណ្ឌកម្មឡើយ។ ទីប្រឹក្សាសន្តិសុខជាតិអាម៉រិក Jake Sullivan សង្កត់ធ្ងន់ថា ក្រុងប៉េកាំងមិនត្រូវទាញយកផលប្រយោជន៍សេដ្ឋកិច្ចណាមួយ ដែលកើតចេញពីការដាក់ទណ្ឌកម្មលើរុស្ស៊ី​​ ហើយជួយក្រុងមូស្គូ គេចចេញពីផលវិបាកនៃការនាំចូលទំនិញ ​ឬប្រតិបត្តិការហិរញ្ញវត្ថុដែលត្រូវហាមឃាត់នោះឡើយ។



ពីលើយន្តហោះក្នុងដំណើរទៅកាន់បែលហ្ស៊ិក ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក​ Jake Sullivan បានថ្លែងប្រាប់អ្នកសារព័ត៌មានថា​ ​ក្រុមប្រទេសឧស្សាហកម្មទាំង៧ (G7) នឹងប្រកាសការឆ្លើយតបរួមមួយនាពេលឆាប់ៗនេះដើម្បីធ្វើឱ្យប្រាកដថា ​រុស្ស៊ីមិនអាចគេចវេសពីការដាក់ទណ្ឌកម្មពីក្រុមប្រទេសលោកខាងលិច ជុំវិញការឈ្លានពានលើអ៊ុយក្រែនដោយមានជំនួយពីចិន ឬប្រទេសផ្សេងទៀត។
 
«វាមិនផ្តោតទៅលើតែចិនទេ ​ប៉ុន្តែការព្រមាននេះ គឺសំដៅលើប្រទេសសេដ្ឋកិច្ចទាំងអស់ដែលមានចេតនា ឬ​បញ្ចេញសកម្មភា​ពចង់បំផ្លាញ ឬបន្ទន់ទណ្ឌកម្មដែលយើងដាក់ចេញ។» លោក Sullivan ថ្លែងបែបនេះ អំឡុងធ្វើដំណើរទៅកាន់ក្រុងព្រុចសែល ជាទីដែលប្រធានាធិបតី ចូ បៃដិន នឹងចូលរួមកិច្ចប្រជុំកំពូលបន្ទាន់របស់ NATO និង G7។
 
សូមបញ្ជាក់ថា ក្រោយជំនួបតាមទូរស័ព្ទរវាងលោក បៃដិន និងមេដឹកនាំចិន​​កាលពីសប្តាហ៍មុន ​ក្រុងប៉េកាំងក៏បានថ្កោលទោសលើការដាក់ទណ្ឌកម្មលើរុស្ស៊ី​ ដោយនិយាយត្រង់ៗថា ​ទណ្ឌកម្មយ៉ាងសន្ធឹកសន្ទាប់ដែលមិនបានវិនិច្ឆ័យច្បាស់លាស់ មានតែធ្វើឱ្យប្រជាជនស៊ីវិលរងទុក្ខ។ ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាលើអ៊ុយក្រែនមក​ អាម៉េរិកបានរឹតត្បិតការនាំចេញទំនិញជាច្រើនទៅកាន់រុស្ស៊ីដូចជា​សម្ភារអេឡិចត្រូនិក ​កុំព្យូទ័រ និងគ្រឿងបន្លាស់យន្តហោះជាដើម។ 
 
​ក្រុងវ៉ាស៊ីនតោន ក៏បារម្ភថា ចិនអាចនឹងជួយរុស្ស៊ី លើការនាំចូលទំនិញទាំងនោះ ដោយការរំលោភលើការរឹតបន្តឹងពាណិជ្ជកម្ម។
 
បន្ថែមពីលើកលោក Sullivan នៅថ្ងៃទី២៣ ខែមីនាដដែល​ រដ្ឋមន្រ្តីពាណិជ្ជកម្មអាម៉េរិក លោកស្រី Gina Raimondo ប្រាប់ទីភ្នាក់ងារ​​ Reuters ថា អាម៉េរិក នឹងមិនស្ទាក់ស្ទើរលើការដាក់ទោស លើក្រុមហ៊ុនណាដែលរំលោភលើវិធានការហាមឃាត់ ការនាំចេញទំនិញដូចជាបន្ទះឈីបឡើយ។ លោកស្រីអះអាងថា​ ​ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិនទាំងអស់ ​បានពឹងផ្អែកលើកម្មវិធីអាម៉េរិក ដែលធ្វើឱ្យការនាំចេញរបស់ទំនិញនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់អាម៉េរិក។ 
 
ត្រង់នេះ រដ្ឋមន្រ្តីពាណិជ្ជកម្មអាម៉េរិកព្រមានដែរថា ​បើសិ​នក្រុមហ៊ុនចិនហ៊ានបញ្ជូនបន្ទះឈីប ដែលផលិតដោយបច្ចេកវិទ្យារបស់អាម៉េរិកទៅកាន់រុស្ស៊ី ​នោះអាម៉េរិក នឹងចាត់វិធានការភ្លាម៕
 
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com