អន្តរជាតិ
WHO៖កន្លែងថែទាំសុខភាព៦៤កន្លែងនៅអ៊ុយក្រែន ត្រូវវាយប្រហារតាំងពីសង្គ្រាមផ្ទុះឡើង
24, Mar 2022 , 7:29 pm        
រូបភាព
អាគារមន្ទីរពេទ្យផ្លូវចិត្តមួយកន្លែង រងការបំផ្លាញដោយគ្រាប់ផ្លោងរុស្ស៊ីនៅទីក្រុង Mykolaiv ។ រូបថត AFP
អាគារមន្ទីរពេទ្យផ្លូវចិត្តមួយកន្លែង រងការបំផ្លាញដោយគ្រាប់ផ្លោងរុស្ស៊ីនៅទីក្រុង Mykolaiv ។ រូបថត AFP
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២៤ ខែមីនាបានអះអាងថា មន្ទីរថែទាំសុខភាពចំនួន៦៤ទីតាំងនៅអ៊ុយក្រែន ត្រូវបានវាយប្រហារអំឡុងពេលដែលរុស្ស៊ីលុកលុយអ៊ុយក្រែនពីនៅថ្ងៃទី២៤ ខែកុម្ភៈដល់ថ្ងៃទី២១ ខែមីនា។ ការវាយប្រហារទាំងប៉ុន្មានករណីខាងលើនេះ បានបណ្តាលឱ្យមនុស្ស១៥នាក់ស្លាប់ និង៣៧នាក់រងរបួស។

 
បើតាមរបាយការណ៍របស់ WHO ចេញផ្សាយថ្ងៃទី២៤ ខែមីនា ខណៈសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីបានអូសបន្លាយអស់ពេលជាងមួយខែមកនេះ ប្រជាជនអ៊ុយក្រែនជាង៧លាននាក់បានចាកចេញពីផ្ទះដើម្បីរកទីសុវត្ថិភាព។ 
 
របាយការណ៍ដដែលបញ្ជាក់ថា ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី សម្ពាធបានកើនឡើងយ៉ាងគំហុកលើអ្នកជំនាញវេជ្ជសាស្រ្ត និងអ្នកស្ម័គ្រចិត្តអ៊ុយក្រែន និងបរទេសដើម្បីរក្សាប្រព័ន្ធសុខាភិបាលឱ្យដំណើរទៅមុខ ខណៈពេលមានការវាយប្រហារជាញឹកញយលើមន្ទីរព្យាបាល។
 
គិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈដល់ថ្ងៃទី២១ ខែមីនា WHO អះអាងថា មន្ទីរថែទាំ សុខភាពចំនួន៦៤នៅអ៊ុយក្រែន ត្រូវបានវាយប្រហារដែលបានបណ្ដាលឱ្យមនុស្ស១៥នាក់ស្លាប់ និង៣៧នាក់រងរបួស។ ខណៈលទ្ធភាពទទួលបានថ្នាំ ការព្យាបាល និងកន្លែងថែទាំសុខភាពបានធ្លាក់ចុះ បូកផ្សំនិងចំនួនគ្រូពេទ្យមានកំណត់ ក៏ជាសម្ពាធបន្ថែមទៀតលើការព្យាបាលអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរ។ ជាមួយគ្នានេះ ឱសថស្ថានជាពាក់កណ្តាលត្រូវបានបិទទ្វារផងដែរ។
 
លើសពីនេះ WHO បានសង្កត់ធ្ងន់ថា សង្រ្គាមក៏បានជះឥទ្ធិពលដល់ការទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅអ៊ុយក្រែនផងដែរ។ នៅចន្លោះថ្ងៃទី២៤ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានផ្ដល់ឱ្យតែប្រជាជនជាង១៧ម៉ឺននាក់តែប៉ុណ្ណោះ បើធៀបពេលមុនរុស្ស៊ីឈ្លានពាន យ៉ាងហោចណាស់៥ម៉ឺននាក់ក្នុងមួយថ្ងៃទទួលបានវ៉ាក់សាំង៕
 

Tag:
 WHO
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com