ភ្នំពេញ៖ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២- ធនាគារ CIMB ទើបតែបានរៀបចំកម្មវិធីបរិច្ចាគឈាម នៅទីស្នាក់ការកណ្តាលរបស់ខ្លួន ក្រោយពេលស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងប្រទេសមានភាពធូរស្បើយ។
បើតាមការអំពាវនាវរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ប្រទេសកម្ពុជា មានតម្រូវការឈាមប្រមាណចំនួន ១១ម៉ឺនប្លោក ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ ក្នុងឆ្នាំ២០២២នេះ។ ដើម្បីរួមចំណែកបំពេញតម្រូវការឈាមចាំបាច់ សម្រាប់ជនរងគ្រោះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានរៀបចំកម្មវិធីបរិច្ចាគឈាមជារឿយៗ ដោយមានការស្ម័គ្រចិត្តយ៉ាងពេញទំហឹង ពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ តាមរយៈកិច្ចសហការពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
![](https://image.thmeythmey.com/pictures/2022/05/09/thumb2/cimb__1_.jpg)
លោកស្រី អុំ ចិន្តាភក្តី នាយកធនធានក្រុមហ៊ុន នៃធនាគារ CIMB បានមានប្រសាសន៍ថា៖ «យើងខ្ញុំទាំងអស់គ្នា នៅធនាគារ CIMB មានសេចក្តីរីករាយខ្លាំងណាស់ ដែលបានចូលរួមផ្តល់ឈាម ជួយដល់ជនរងគ្រោះ តាមរយៈមជ្ឈមណ្ឌលជាតិផ្តល់ឈាម នាពេលនេះ។ វាគឺជាផ្នែកមួយ ដែលយើងអាចចូលរួមបេសកកម្មសង្គ្រោះអាយុជីវិតជនរងគ្រោះ ដែលកំពុងត្រូវការឈាមបន្ទាន់ ហើយយើងសង្ឃឹមថា ដោយចាប់ផ្តើមពីយើងគ្រប់គ្នា ការបរិច្ចាគឈាមនឹងកាន់តែផុសផុលឡើង ក្នុងចំណោមសង្គមខ្មែរ។ ការបរិច្ចាគឈាម គឺជាការកសាងអំពើល្អប្រពៃមួយ ដោយមិនមែនតែសម្រាប់សាច់ញាតិ ឬបងប្អូនរបស់យើងប៉ុណ្ណោះទេ តែវាគួរតែធ្វើឡើងសម្រាប់មនុស្សគ្រប់គ្នា ហើយវាក៏នឹងជួយយើងវិញ នៅពេលណាដែលយើងត្រូវការវាវិញផងដែរ»។
![](https://image.thmeythmey.com/pictures/2022/05/09/thumb2/cimb__3_.jpg)
ជាការពិតណាស់ ការបរិច្ចាគឈាម មិនបានផ្តល់ផលប៉ះពាល់អ្វីឡើយ ចំពោះអ្នកសុខភាពល្អប្រក្រតី ហើយគ្រូពេទ្យជំនាញ តែងតែពិនិត្យសុខភាពជាមុនយ៉ាងហ្មត់ចត់ មុននឹងអនុញ្ញាតឲ្យបរិច្ចាគឈាម។ ក្រៅពីបានជួយសង្គ្រោះអាយុជីវិត ដល់ជនរងគ្រោះ ដែលកំពុងត្រូវការឈាម ការបរិច្ចាគឈាម ក៏ផ្តល់នូវអត្ថប្រយោជន៍មួយចំនួន ដល់សុខភាពរបស់អ្នកបរិច្ចាគផ្ទាល់ផងដែរ ដូចជាកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺមហារីកថ្លើម សួត ពោះវៀនធំ ក្រពះ និងបំពង់កជាដើម។ ដូច្នេះយើងទាំងអស់ លើកទឹកចិត្តឲ្យមានការចូលរួមបរិច្ចាគឈាមកាន់តែច្រើនឡើង ពីសំណាក់ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋក្នុងសង្គម។
សូមបញ្ជាក់ដែរថា ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១០ ហើយបច្ចុប្បន្ន ធនាគារមានសាខាចំនួន១៤ទីតាំង នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសំខាន់ៗ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយាល និងអង្គការនានា ក្នុងប្រទេសកម្ពុជា និងផ្តល់អាហារូបករណ៍ ដល់និស្សិតសិក្សា នៅក្រៅប្រទេស។ វិស័យសុខាភិបាល ដោយធនាគារបានបរិច្ចាគឈាម ឧបត្ថម្ភដល់ការទប់ស្កាត់នៃការរាតត្បាតជំងឺកូវីដ-១៩ និងបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យបង្អែកបាទី និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាដើម។ វិស័យសង្គមកិច្ច ដោយធនាគារបានឧបត្ថម្ភដល់កាកបាទក្រហម ផ្តល់ជំនួយដល់អ្នករងគ្រោះធម្មជាតិ និងមជ្ឈមណ្ឌលកុមារកំព្រានានា ព្រមទាំងផ្នែកបរិស្ថាន ដោយធនាគារបានចូលរួមដាំកូនឈើ នៅតាមសាលារៀន និងប្រាសាទបន្ទាយក្តីជាដើម។
![](https://image.thmeythmey.com/pictures/2022/05/09/thumb2/cimb__4_.jpg)
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់
លោក ស្រេង ភារុណ
ប្រធាន ទីផ្សារ និងទំនាក់ទំនង
ទូរស័ព្ទ៖ +៨៥៥ (០) ៩២ ៩៥៧ ៤៥៥
ទូរសារ៖ +៨៥៥ (០) ២៣ ៩៨៨ ០៩៩
(អត្ថបទពាណិជ្ជកម្ម)