កីឡាអន្តរជាតិ
អន្តរជាតិ
រុស្ស៊ី បាញ់ស្រោចមីស៊ីលលើរដ្ឋធានីកៀវជាថ្មី
31, Oct 2022 , 9:29 pm        
រូបភាព
ទិដ្ឋភាពខូចខាតនៅទីក្រុងកៀវក្រោយការវាយប្រហារដោយមីស៊ីលកន្លងមក។ រូបថត AFP
ទិដ្ឋភាពខូចខាតនៅទីក្រុងកៀវក្រោយការវាយប្រហារដោយមីស៊ីលកន្លងមក។ រូបថត AFP
ដោយ:
រុស្ស៊ី បាញ់ស្រោចមីស៊ីលលើរដ្ឋធានីកៀវ និងទីក្រុងអ៊ុយក្រែនផ្សេងទៀតជាថ្មីនៅថ្ងៃទី៣១ ខែតុលា បន្ទាប់ពីក្រុងមូស្គូចោទក្រុងកៀវពីការប្រើដ្រូនវាយប្រហារលើកងនាវាសមុទ្រខ្មៅនៅតំបន់គ្រីមេ។

 
បើតាមរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន សំឡេងផ្ទុះមីស៊ីល បានលាន់រំពងនៅក្រុងកៀវ និងពាសពេញផ្ទៃប្រទេសនាថ្ងៃទី៣១ ខែតុលា។ ប៉ុន្មានថ្ងៃមុននេះ រុស្ស៊ីប្រកាសផ្អាកកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំធញ្ញជាតិចេញ ដោយអះអាងថាក្រុងកៀវប្រើដ្រូនចំនួន១៦វាយប្រហារលើកងនាវាសមុទ្រខ្មៅខ្លួននៅឯតំបន់គ្រីមេ។
 
«មីស៊ីលរុស្ស៊ីជាច្រើនគ្រាប់ទៀតវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន។ ជំនួសឱ្យការប្រយុទ្ធគ្នានៅសមរភូមិ រុស្ស៊ីបែរជាវាយប្រហារជនស៊ីវិល»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ស្រង់ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន Dmytro Kuleba ថ្ងៃទី៣១ ខែតុលា។
 
លោក Kuleba អះអាងទៀតថា រុស្ស៊ីមិនត្រូវចាត់ទុកការវាយប្រហារនេះជាការឆ្លើយតបដ៏ត្រឹមត្រូវនោះទេ ប៉ុន្តែតាមពិតទៅដោយសារនៅមានមីស៊ីល ហើយចង់សម្លាប់ប្រជាជនអ៊ុយក្រែនប៉ុណ្ណោះ។
 
បើតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនលោក Oleg Nikolenko វិញ មីស៊ីលទាំងនោះបានវាយប្រហារលើទីក្រុងរបស់អ៊ុយក្រែនជាច្រើនដែលបណ្តាលឱ្យដាច់ទឹក និងអគ្គិសនី។ មន្រ្តីដដែលបញ្ជាក់ថា មិនត្រឹមតែមិនចាប់អារម្មណ៍លើកិច្ចចរចាស្វែងរកសន្តិភាព​ ឬសន្តិសុខស្បៀងសកលទេ គោលបំណងតែមួយគត់របស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន គឺបំផ្លាញ និងសម្លាប់។
 
នៅដើមខែនេះ ក្រោយចោទអ៊ុយក្រែនជាប្រទេសនៅក្រោយការបំផ្ទុះស្ពានភ្ជាប់ទីគ្រីមេ រុស្ស៊ីឆ្លើយតបដោយបើកការវាយប្រហារតាមអាកាសនៅក្រុងកៀវ និងក្រុងជុំវិញយ៉ាងឃោរឃៅបំផុតតាំងពីប្រតិបត្តិការសឹកនៅអ៊ុយក្រែន៕
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com