អន្តរជាតិ
អឺរ៉ុបបន្ថែមកញ្ចប់ទណ្ឌកម្មទី៦ លើរបបយោធាមីយ៉ាន់ម៉ា
21, Feb 2023 , 2:39 pm        
រូបភាព
សហភាពអឺរ៉ុប (EU) នៅថ្ងៃទី២០ ខែកុម្ភៈ បានសម្រេចដាក់កញ្ចប់ទណ្ឌកម្មទី៦ ទៅលើរបបយោធាមីយ៉ានម៉ាដែលប្រព្រឹត្តអំពើហិង្សាលើប្រជាជនឥតឈប់ឈរ និងរំលោភសិទ្ធិមនុស្ស។ ទណ្ឌកម្មថ្មីត្រូវបានដាក់លើបុគ្គលចំនួន៩ និងអង្គភាពចំនួន៧។



ដោយមើលឃើញពីការកើនឡើងនៃអំពើហិង្សា និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់ក្រោយការឡើងកាន់អំណាចដោយយោធាកាលពីពីរឆ្នាំមុន សហភាពអឺរ៉ុប (EU) បានអនុម័តដាក់កញ្ចប់ទណ្ឌកម្មចំនួន៦ ហើយ ទៅលើរបបយោធាមីយ៉ាន់ម៉ា។ កញ្ចប់ទណ្ឌកម្មទី៥ បានដាក់កាលពីខែវិច្ឆិកា ឆ្នាំមុន ខណៈកញ្ចប់ថ្មីត្រូវបន្ថែមនៅថ្ងៃទី២០ ខែកុម្ភៈនេះក្រោមមូលហេតុប្រឆាំងការរំលោភសិទ្ធិមនុស្ស។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ EU។ 
 
«EU ថ្កោលទោសក្នុងលក្ខខណ្ឌធ្ងន់ធ្ងរបំផុតចំពោះការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រួមមានអំពើហិង្សាផ្លូវភេទ ការធ្វើទុក្ខបុកម្នេញលើសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស និងអ្នកកាសែត ហើយក៏ថ្កោលទោសការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះ ទៅលើគោលដៅជនស៊ីវិល រួមទាំងសាលារៀន និងមន្ទីរពេទ្យ ដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា»។ សេចក្ដីថ្លែងការណ៍ដដែលរៀបរាប់បែបនេះ។
 
ទណ្ឌកម្មថ្មីត្រូវបានដាក់លើបុគ្គលចំនួន៩ និងអង្គភាពចំនួន៧។ បុគ្គលទាំងនោះរួមមានរដ្ឋមន្ត្រីថាមពល ក្រុមមន្ត្រីជាន់ខ្ពស់ និងអ្នកជំនួញ ក៏ដូចជាក្រុមហ៊ុនឯកជនដែលផ្គត់ផ្គង់ប្រេងឥន្ធនៈ អាវុធ និងផ្ដល់មូលនិធិដល់យោធា ក៏ដូចជានាយកដ្ឋាននៃក្រសួងការពារជាតិ។ 
 
សេចក្ដីថ្លែងការណ៍ក៏បានបញ្ជាក់ថា អ្នកនយោបាយ និងអ្នកគ្រប់គ្រងតំបន់យ៉ាំងហ្គោនដែលជាប់ពាក់ព័ន្ធក្នុងដំណើរការកាត់ទោសប្រហារជីវិតសកម្មជនប្រជាធិបតេយ្យបួននាក់ក្នុងខែកក្កដា ឆ្នាំ២០២២ ក៏មានឈ្មោះក្នុងបញ្ជីទណ្ឌកម្មដែរ ព្រមគ្នានឹងអ្នកគ្រប់គ្រងនៅរដ្ឋ Kachin ជាកន្លែងរងការវាយប្រហារតាមអាកាស និងសម្លាប់រង្គាលដោយយោធា។ 
 
សរុបមកទល់ពេលនេះ ទណ្ឌកម្មទាំង៦លើក របស់ EU ត្រូវបានអនុវត្តចំពោះបុគ្គលចំនួន៩៣រូប និងអង្គភាពចំនួន១៨ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ បន្ថែមពីលើវិធានការទណ្ឌកម្ម EU បានហាមឃាត់ការធ្វើពាណិជ្ជកម្មអាវុធ និងឧបករណ៍យោធានៅមីយ៉ាន់ម៉ា ព្រមទាំងការរឹតបន្តឹងលើការនាំចេញទំនិញដែលអាចប្រើក្នុងយោធា និងស៊ីវិល។
 
យ៉ាងណាមិញ យោធាមីយ៉ាន់ម៉ាបានអះអាងថា ខ្លួនមានកាតព្វកិច្ចធានាសន្តិភាព និងសន្តិសុខ ហើយបានបដិសេធចំពោះការប្រព្រឹត្តអំពើឃោរឃៅដែលបានកើតឡើង។ របបយោធាអះអាងថា ខ្លួនកំពុងអនុវត្តយុទ្ធនាការស្របច្បាប់ប្រឆាំងនឹងភេរវករប៉ុណ្ណោះ។ 
 
បើតាមទិន្នន័យរបស់អង្គការយូនីសេហ្វ ចំនួនអ្នកផ្លាស់ទីលំនៅនៅក្នុងមីយ៉ាន់ម៉ាបានកើនឡើងដល់ជាង១,៥លាននាក់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ចំណែករបាយការណ៍ចុងក្រោយរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនាពេលថ្មីៗនេះ អះអាងថាយ៉ាងហោចណាស់មនុស្ស២៨៩០នាក់បានបាត់បង់ជីវិតនៅក្នុងដៃរបស់យោធា និងអ្នកដែលធ្វើការជាមួយពួកគេ៕
 

Tag:
 អឺរ៉ុប
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com