សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រុស្ស៊ីនឹងបោះបង់ចោលការប្រើប្រាស់ប្រាក់ដុល្លារនិងប្រាក់អឺរ៉ូក្នុងប្រតិបត្តិការថាមពល
25, Apr 2023 , 8:29 am        
រូបភាព
ប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ។ រូបភាពពី AFP ។
ប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ។ រូបភាពពី AFP ។
រុស្ស៊ី នឹងលុបចោលទាំងស្រុងនូវការប្រើប្រាស់ប្រាក់ដុល្លារ និងប្រាក់អឺរ៉ូក្នុងប្រតិបត្តិការថាមពល ដើម្បីប្តូរទៅប្រើប្រាស់រូបិយប័ណ្ណជាតិ និងប្រាក់យ័នរបស់ចិន។

 
បើតាមលោក Alexander Novak ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីបានផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ Russia-1 TV កាលពីថ្ងៃទី ២២ ខែមេសា ប្រតិបត្តិការថាមពលភាគច្រើនជាមួយដៃគូបរទេសត្រូវបានធ្វើឡើងជារូប្លិ និងប្រាក់យ័នរបស់ចិន។ នាពេលនេះ ទីក្រុងមូស្គូនឹងដកប្រាក់ដុល្លារ និងអឺរ៉ូចេញទាំងស្រុងពីប្រតិបត្តិការទាំងនេះ។
 
ចំណាត់ការនេះគឺជាផ្នែកមួយនៃផែនការរបស់រុស្ស៊ីក្នុងការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់លោកខាងលិចដែលបានដាក់លើប្រទេសនេះដោយសារតែជម្លោះរុស្ស៊ី-អ៊ុយក្រែន។ បច្ចុប្បន្ន ធនាគាររុស្ស៊ីជាច្រើនត្រូវបានផ្តាច់ចេញពីប្រព័ន្ធទូទាត់អន្តរធនាគារអន្តរជាតិ (SWIFT) ហើយមិនអាចធ្វើប្រតិបត្តិការជាច្រើនបានទេ។
 
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីបានលើកឡើងថា ដៃគូរបស់ពួកគេនៅក្នុងប្រទេសចិនបានធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ឧស្ម័ន និងប្រេងជាប្រាក់យ័ន និងរូប្លិ។ លោកសង្កត់ធ្ងន់ថា  ៖ « នៅក្នុងបរិបទបច្ចុប្បន្ន យន្តការទូទាត់អាចត្រូវបានធ្វើឡើងតាមរយៈការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកតែប៉ុណ្ណោះ»។
 
កាលពីឆ្នាំមុនចំណែកនៃការទូទាត់របស់រុស្ស៊ីជាប្រាក់អឺរ៉ូ និងដុល្លារក្នុងប្រតិបត្តិការជាមួយដៃគូបរទេសបានធ្លាក់ចុះយ៉ាងខ្លាំងពី ៧៩ភាគរយនៅដើមឆ្នាំទៅ ៥០ភាគរយនៅចុងឆ្នាំ។ ទន្ទឹមនឹងនេះ ចំណែកនៃប្រាក់យ៉ន់ដែលបានប្រើប្រាស់សម្រាប់ប្រតិបត្តិការរូបិយប័ណ្ណក្នុងប្រទេសរុស្ស៊ីបានកើនឡើងជាង ៣០ភាគរយកាលពីឆ្នាំមុន។ នេះបើតាមធនាគារកណ្តាលនៃប្រទេសរុស្ស៊ី។
 
កាលពីដើមឆ្នាំនេះ​ ក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ីបានឱ្យដឹងថា ប្រាក់យ័នមានសារសំខាន់កាន់តែខ្លាំងឡើងចំពោះមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់ប្រទេស។ ភាគរយអតិបរមានៃប្រាក់យ័នដែលពួកគេអាចកាន់កាប់បានត្រូវបានកើនឡើងទ្វេរហូតដល់៦០ភាគរយចាប់តាំងពីខែធ្នូឆ្នាំមុន៕
 

Tag:
 ​ រុស្ស៊ី
  ប្រាក់ដុល្លារ
  ប្រាក់រូប្លិ
© រក្សាសិទ្ធិដោយ thmeythmey.com