ជាតិ
វីដេអូ
ការផលិតទឹកត្រីតាមស្ដង់ដារសុវត្ថិភាព អាចជួយឱ្យលោក លាង ឡេង រកប្រាក់ចំណេញទ្វេដង លោក លាង ឡេង ម្ចាស់សហគ្រាសទឹកត្រី លាង ឡេង នៅរាជធានីភ្នំពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ
× ភ្នំពេញ៖ លោក លាង ឡេង ម្ចាស់សហគ្រាសទឹកត្រី លាង ឡេង បានលើកឡើងថា ការធ្វើទឹកត្រីតាមស្ដង់ដារសុវត្ថិភាពម្ហូបអាហារ បានធ្វើឱ្យសហគ្រាសរបស់លោកកើនចំណូលទ្វេដង។ តាមរយៈគម្រោង CAPFishCAPTURE ដែលអនុវត្តដោយអង្គការ UNIDO និងរដ្ឋបាលជលផល បាននាំឱ្យសហគ្រាសទឹកត្រី លាង ឡេង ទទួលបាននិមិត្តសញ្ញាបញ្ជាក់គុណភាពកម្ពុជា CQS។
«CQS ជាស្ដង់ដារថ្មីមួយដែលល្អមែនទែន។ ជាស្ពានចម្លង SMEខ្មែរ តាមរយៈការអនុវត្តប្រព័ន្ធគ្រប់គ្រង CQS»។ បើតាមលោក លាង ឡេង ដែលត្រូវបានគេទទួលស្គាល់លើការផលិតទឹកត្រី តាមស្ដង់ដារគុណភាព ពីគម្រោងCapFishCAPTURE។
ក្នុងដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយពីសហគ្រាសជលផលក្រោយប្រមូលផលដែលទទួលផលពីគម្រោង CAPFish កាលពីថ្ងៃទី២០ កញ្ញា ក្រុមអ្នកសារព័ត៌មានបានទៅទស្សនានៅសហគ្រាសទឹកត្រី លាង ឡេង ក្នុងខណ្ឌជ្រោយចង្វារ។ សហគ្រាសនេះ បង្កើតនៅឆ្នាំ២០០០ ដោយមានផលិតផលដូចជា ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ប្រេងខ្យង ទឹកសៀង និងទឹកខ្មេះ ដែលចែកចាយនៅក្នុងស្រុក។
ដើម្បីទទួលបានការទទួលស្គាល់ និងធានាសុវត្ថិភាពម្ហូបអាហារ សហគ្រាសនេះ បានព្យាយាម និងប្រឹងប្រែងកែលម្អទីតាំង និងបរិក្ខារកែច្នៃឱ្យស្របតាមលក្ខខណ្ឌតម្រូវរបស់ CQS និងHACCP។ លោក លាង ឡេង ម្ចាស់សហគ្រាស បានឱ្យដឹងថា ការផលិតតាមស្ដង់ដារមានផលលំបាក ប៉ុន្តែបានផ្ដល់ចំណូលទ្វេដង។ តាមរយៈភាពជោគជ័យលើអាជីវកម្ម លោក លាង ឡេង បានផ្ដល់យោបល់ឱ្យSMEទាំងអស់ មិនត្រូវបោះបង់ចោលការខំប្រឹងរបស់ខ្លួននៅពាក់កណ្ដាលទីនោះទេនៅពេលជួបឧបសគ្គ។
សហគ្រាសទឹកត្រី លាង ឡេង នៅរាជធានីភ្នំពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ
សូមបញ្ជាក់ថា សហគ្រាសទឹកត្រី លាង ឡេង ទទួលបានកិច្ចគាំទ្រពីគម្រោង CAPFish ក្រោមជំនួយថវិកា ១០ម៉ឺនដុល្លារ លើការគាំទ្រផ្នែកបច្ចេកទេស សម្ភារ និងបរិក្ខារ ពីកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម នៃគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផលក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប ដើម្បីលើកកម្ពស់អាជីវកម្ម អនុលោមតាមលក្ខខណ្ឌតម្រូវនៃសុវត្ថិភាពម្ហូបអាហារ និងបង្កើនភាពប្រកួតប្រជែងរបស់សហគ្រាសឱ្យកាន់តែប្រសើររបស់អង្គការ UNIDO៕
សហគ្រាសទឹកត្រី លាង ឡេង នៅរាជធានីភ្នំពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ
សហគ្រាសទឹកត្រី លាង ឡេង នៅរាជធានីភ្នំពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ
Tag:
SME
កសិកម្ម
ទឹកត្រី
© រក្សាសិទ្ធិដោយ thmeythmey.com