ធនាគារ Goldman Sachs ព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងមានភាពប្រសើរឡើងជាងការរំពឹងទុកនៅឆ្នាំ២០២៤ ដោយសារកំណើនប្រាក់ចំណូលដ៏រឹងមាំ និងការបន្ថយអត្រាការប្រាក់នៅតាមបណ្តាប្រទេសជឿនលឿន។
បើតាមធនាគារ Goldman Sachs ដែលស្រាវជ្រាវលើផ្នែកសេដ្ឋកិច្ចផងនោះ សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង២,៦ភាគរយនៅឆ្នាំក្រោយ ដែលខ្ពស់ជាងការប៉ាន់ប្រមាណ២,១ភាគរយដោយក្រុមអ្នកសេដ្ឋកិច្ចរបស់ Bloomberg ។ អាម៉េរិកក៏រំពឹងថានឹងមានកំណើនលឿនជាងប្រទេសអភិវឌ្ឍដទៃទៀតក្នុងអត្រា ២,១ភាគរយ។
យ៉ាងណាមិញ ពិភពលោកនៅតែរងផលប៉ះពាល់ជាច្រើនពីការរឹតបន្តឹងសារពើពន្ធ និងរូបិយវត្ថុធ្លាក់ចុះ។ កន្លងមក ដើម្បីទប់ស្កាត់អតិផរណាធនាគារកណ្តាលអាម៉េរិក (Fed) បានដំឡើងអត្រាការប្រាក់ ១១ដងចាប់តាំងពីខែមីនា ឆ្នាំ២០២២។ កាលពីសប្តាហ៍មុន ប្រធាន Fed លោក Jerome Powell បានបង្ហាញជំហរចង់ដំឡើងអត្រាការប្រាក់បន្តទៀត ប្រសិនបើចាំបាច់។
ការព្យាករកំណើន GDP ពិតប្រាកដ ( គិតជាភាគរយ បើធៀបគ្រាដូចគ្នាឆ្នាំមុន ) ។ ក្រាហ្វ ៖ Goldman Sachs
ធនាគារ Goldman Sachs បញ្ជាក់ក្នុងរបាយការណ៍ខ្លួនថា ប្រទេសអភិវឌ្ឍន៍ទំនងជាមិនកាត់បន្ថយអត្រាការប្រាក់នៅក្នុងឆមាសទី១នៃឆ្នាំក្រោយនោះទេ លុះត្រាតែកំណើនសេដ្ឋកិច្ចខ្សោយជាងការរំពឹងទុក។ អតិផរណានឹងបន្តចុះត្រជាក់បន្តិចសម្រាប់ប្រទេសសេដ្ឋកិច្ចអភិវឌ្ឍ និងកំពុងអភិវឌ្ឍប្រមាណ ២ភាគរយ ទៅ២,៥ភាគរយ។
ចំណែកប្រតិបត្តិការនៅតាមបណ្តារោងចក្រសាកលនឹងងើបឡើងវិញ ក្រោយជួបបញ្ហាប្រឈមជាបន្តបន្ទាប់ក្នុងឆ្នាំនេះ។ បច្ចុប្បន្ន ផលិតកម្មសកលកំពុងស្ថិតក្រោមសម្ពាធ ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិនទន់ខ្សោយជាងការរំពឹងទុក គួបផ្សំជាមួយវិបត្តិថាមពលនៅអឺរ៉ុប។
លើសពីនេះ ការកើនឡើងប្រាក់ចំណូលពិតប្រាកដក៏ជួយឱ្យ Goldman Sachs កាន់តែមានសុទិដ្ឋិនិយមអំពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកនៅឆ្នាំក្រោយ។ កំណើនប្រាក់ចំណូលពិតប្រាកដនៅអាម៉េរិកអាចនឹងតិចជាង៤ភាគរយនៅឆ្នាំ២០២៣ ប៉ុន្តែនឹងគាំទ្រការប្រើប្រាស់ ព្រមទាំងជួយឱ្យ GDP របស់អាម៉េរិកកើនឡើងយ៉ាងហោចណាស់២ភាគរយ។
យ៉ាងណាក៏ដោយ ប្រទេសជាច្រើននៅតែរក្សាបាននូវគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុដ៏តឹងរ៉ឹង។ ប៉ុន្តែ Goldman Sachs នៅតែមានទំនុកចិត្តថាស្ថានភាពអាក្រក់ទាំងអស់នេះនឹងត្រូវបានបញ្ចប់។ ប្រទេសជាច្រើននឹងជៀសផុតពីវិបត្តិសេដ្ឋកិច្ច៕