សៀមរាប៖ ស្ថាប័នសារព័ត៌មានអូស្រ្តាលីចំនួន៨ និងតំណាងសរុប១៥រូប បានមកដល់ខេត្តសៀមរាបនាថ្ងៃទី១២ ខែមករា តាមការអញ្ជើញរបស់សមាគមទេសចរណ៍កម្ពុជា (CATA) ដែលជាផ្នែកមួយជួយជំរុញទីផ្សារទេសចរណ៍កម្ពុជាទៅកាន់អូស្រ្តាលី។
ប្រធានសមាគម CATA លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា មូលហេតុដែលសមាគមអញ្ជើញ ស្ថាប័នសារព័ត៌មានពីអូស្រ្ដាលីមកនៅពេលនេះ ដោយសារចង់ជំរុញបន្ថែមការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ពិសេសខេត្តសៀមរាបដល់ទេសចរអូស្រ្ដាលីឱ្យកាន់តែ ទូលំទូលាយ។ លោកស្រីបន្តថា ទេសចរអូស្រ្ដាលីជាទីផ្សារមួយដែលល្អ មានការចំណាយខ្ពស់ មិនសូវតថ្លៃច្រើន ពិសេសជាទេសចរដែលមកកម្សាន្តផ្សារភ្ជាប់ការជួយសហគមន៍ ដូចជាទិញសម្ភារៈ និងវត្ថុអនុស្សាវរីយ៍។ លោកស្រី ឆាយ ស៊ីវលីន យល់ថា អូស្រ្តាលីមិនសូវឆ្ងាយពីកម្ពុជាប៉ុន្មានទេ និងមានការដឹកជញ្ជូនតាមផ្លូវអាកាសច្រើនជម្រើស។
![](https://image.thmeythmey.com/pictures/2024/01/13/v3.jpg)
ដ្បិតថាមិនមានការហោះហើរត្រង់ជាមួយគ្នា តែកម្ពុជា និងអូស្រ្តាលី មានការតភ្ជាប់ជើងហោះហើរ ពីប្រទេសមួយចំនួនទាំងប្រទេសជិតខាង ម៉ាឡេស៊ី សិង្ហបុរី កាតាជាដើម។ ប្រធាន CATA បន្ថែមថា៖
«ឃើញថាទីផ្សារភ្ញៀវអូស្រ្តាលីល្អ ប្រសិនជាយើងអាចរួមគ្នា យើងដឹងហើយថា រាជរដ្ឋាភិបាលក៏មានការផ្សព្វផ្សាយ ក៏ប៉ុន្តែក្នុងនាមវិស័យឯកជនយើងធ្វើការផ្សព្វផ្សាយបន្ថែមទៀតដើម្បីគ្រប់ជ្រុងជ្រោយ»។
![](https://image.thmeythmey.com/pictures/2024/01/13/v4.jpg)
កំឡុងពេលស្នាក់នៅខេត្តសៀមរាប តំណាងស្ថាប័នព័ត៌មានអូស្រ្តាលីទាំង១៥រូប គ្រោងទស្សនាតាមតំបន់ប្រាសាទ តំបន់អេកូទេសចរណ៍ និងតំបន់បឹងទន្លេសាប។ លោកស្រី ស៊ីវលីន រំពឹងថា តាមរយៈការសរសេររបស់អ្នកសារព័ត៌មានអាជីពៗខាងលើ នឹងជួយផ្សព្វផ្សាយសក្កានុពលទេសចរណ៍កម្ពុជា ក៏ដូចជាខេត្តសៀមរាបបន្ថែមទៀត ពិសេសជួយជំរុញឱ្យមានការហោះហើរត្រង់កម្ពុជា និងអូស្រ្តាលី នាពេលអនាគតផងដែរ។ សូមបញ្ជាក់ថា ការងារនេះក៏ជាផ្នែកមួយនៃការចូលរួមក្នុងយុទ្ធនាការឆ្នាំទស្សនាខេត្តសៀមរាប ឬ Visit Siem Reap ២០២៤ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ។
![](https://image.thmeythmey.com/pictures/2024/01/13/v5.jpg)
ក្នុងកម្មវិធីទទួលបដិសណ្ឋារកិច្ចតំណាងក្រុមអ្នកសារព័ត៌មានអូស្រ្តាលី នាល្ងាចថ្ងៃទី១២ មករា នៅសណ្ឋាគារអមតៈ ក្រុងសៀមរាប អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ លើកឡើងថា ខេត្តសៀមរាបមានសក្កានុពលទេសចរណ៍ដ៏សម្បូរបែបសម្រាប់ទេសចរ និងអ្នកវិនិយោគ។ ក្រៅពីទេសចរណ៍ សៀមរាបក៏មានសក្កានុពលលើវិស័យកសិកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងឧស្សាហកម្មធុនស្រាលផងដែរ។
![](https://image.thmeythmey.com/pictures/2024/01/13/v6.jpg)
លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍
រដ្ឋលេខាធិការក្រសួងទេសចរណ៍លោក តុប សុភ័ក ក៏បង្ហាញក្ដីរំពឹងថា ទីផ្សារទេសចរណ៍ពីប្រទេសអូស្រ្តាលី នឹងមានកំណើនល្អឡើងវិញ ខណៈដែលនៅឆ្នាំ២០២៣កន្លងទៅ ទេសចរអូស្រ្តាលីជាង៨ម៉ឺននាក់មកកម្សាន្តនៅកម្ពុជា។ មុនវិបត្តិកូវីដ១៩ គឺនៅឆ្នាំ២០១៩ ទេសចរអូស្រ្តាលីមកកម្សាន្តកម្ពុជាជាង១២ម៉ឺននាក់។
![](https://image.thmeythmey.com/pictures/2024/01/13/v7.jpg)
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម CATA
ក្រៅពីការជំរុញទៅទេសចរណ៍ទៅកាន់អូស្រ្តាលី លោកស្រី ស៊ីវលីន បានបញ្ជាក់ថា សមាគម CATA ក៏កំពុងត្រៀមសម្រាប់ការផ្សព្វផ្សាយដល់ទីផ្សារឥណ្ឌា ដែលជាទីផ្សារធំ ស្របពេលដែលកម្ពុជា កំពុងជំរុញការហោះហើរត្រង់នៅដើមឆ្នាំនេះ។ លោកស្រី ស៊ីវលីន បញ្ជាក់ថា សមាគមរបស់លោកស្រី បានត្រៀមផែនការសម្រាប់ការផ្សព្វផ្សាយឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន៕
![](https://image.thmeythmey.com/pictures/2024/01/13/v2.jpg)
![](https://image.thmeythmey.com/pictures/2024/01/13/v1.jpg)