ជាតិ
ប្រាសាទជម នៃក្រុមប្រាសាទព្រះពិធូរទទួលការជួសជុលឡើងវិញ ![ប្រាសាទជមដែលកំពុងទទួលបានការជួសជុលឡើងវិញ។ រូបភាពពីអាជ្ញាធរជាតិអប្សរា](https://image.thmeythmey.com/pictures/2024/01/14/new_project__1_.jpg)
ប្រាសាទជមដែលកំពុងទទួលបានការជួសជុលឡើងវិញ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
×![]()
សៀមរាប៖ ប្រាសាទជម ស្ថិតនៅក្នុងក្រុមប្រាសាទព្រះពិធូរ នៃក្រុងអង្គរធំ ។ កន្លងមក តំបន់នេះស្ថិតក្នុងគម្រោងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA) និងអាជ្ញាធរជាតិអប្សរា។ បច្ចុប្បន្នប្រាសាទនេះ កំពុងទទួលបានការជួលជុល និងលើកតម្លៃឡើងវិញ។
មិនខុសពីប្រាសាទបុរាណដទៃទៀតនោះទេ ប្រាសាទជម រងការខូចខាតធ្ងន់ធ្ងរ និងកំពុងទទួលបានការជួសជុល តាមបច្ចេកទេសអាណាស្ទីឡូស(Anastylosis) គឺរុះរើតួរបស់ប្រាសាទទាំងស្រុង ដើម្បីជួសជុលពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្រោម ជួសជុលថ្មដែលបាក់ខូច និងរៀបផ្គុំតួប្រាសាទជាថ្មីឡើងវិញ ដោយរក្សាឱ្យបាននូវទម្រង់ដើមទាំងស្រុង។ នេះបើតាមព័ត៌មានចុះផ្សាយដោយអាជ្ញាធរជាតិអប្សរា។
![](https://image.thmeythmey.com/pictures/2024/01/14/hh.jpg)
ប្រាសាទជមដែលកំពុងទទួលបានការជួសជុលឡើងវិញ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា លោក ថៃ យ៉ាម៉ង់ ឱ្យដឹងថា គម្រោងជួសជុលប្រាសាទជម បានចាប់ផ្តើមនៅឆ្នាំ២០១៩ ដោយជំហានដំបូងបានធ្វើកំណាយស្រាវជ្រាវ វាយតម្លៃការខូចខាត ធ្វើសម្រង់ប្លង់និងស្វែងរករកឯកសារ និងរូបភាពចាស់ៗសម័យបារាំង ដោយ បែងចែកជា២ដំណាក់កាល។
«ថ្មដែលរើមានចំនួន៣៥ស្រទាប់ ដោយថ្មភក់ចំនួន៣៥៨០ដុំ និងថ្មបាយក្រៀមមាន៤១០០ដុំ»។ នេះជាការលើកឡើងរបស់ លោក យ៉ាម៉ង់ ដោយបន្តថា ក្រុមការងារក៏បានពង្រឹងគ្រឹះដែលស្រុតឱ្យរឹងមាំឡើងវិញ ផ្លាស់ប្ដូរថ្មបាយក្រៀមថ្មី និងបច្ចុប្បន្ននេះ កំពុងរៀបសាកល្បងកម្រាល ដើម្បីឈានទៅដល់ការរៀបផ្គុំខឿនរបស់ប្រាសាទទាំងមូលឡើងវិញ។
តាមការបញ្ជាក់ពីស្ថាបត្យករអាជ្ញាធរជាតិអប្សរា ការងារជួសជុលនេះ ក្រុមការងារបានរកឃើញ ថ្មដែលរលុះធ្លាក់ពីផ្នែកខាងលើកំពូលប្រាសាទប្រមាណ៣០ភាគរយ ហើយភាគច្រើនខូចខាត ត្រូវការជួសជុល និងព្យាបាលឡើងវិញ។ «ការស្វែងរកថ្មនៅប្រាសាទជម មានការលំបាកក្នុងការផ្គុំឡើងវិញ ដោយសារគំនរថ្មខ្លះមានលាយឡំគ្នាជាមួយថ្មប្រាសាទផ្សេងទៀតដែលនៅជុំវិញ»។ នេះជាការបញ្ជាក់ពីលោក ថៃ យ៉ាម៉ង់។
ដូចនឹងប្រាសាទផ្សេងៗទៀតដែរ ផ្នែកកំពូលនៃប្រាសាទត្រូវបានរលុះធ្លាក់ កន្លែងខ្លះទៀតហែកក្រៀក ថ្មស្ទើរតែបាត់បង់រូបរាងដើម ការណ៍នេះ បណ្តាលមកពីអាយុកាលនៃសំណង់ កត្តាសង្រ្គាម កត្តាកង្វះការថែទាំយូរអង្វែង និងកត្តាធម្មជាតិ។ល។ អ្នកជំនាញរំពឹងថា ប្រាសាទជមនឹងជួសជុលរួចរាល់នៅឆ្នាំ២០២៥៕
© រក្សាសិទ្ធិដោយ thmeythmey.com