ជាតិ
ការប្រឌិតព័ត៌មានក្លែងក្លាយពីកសិកម្ម អាចប៉ះពាល់ប្រយោជន៍កសិករ និងបាត់បង់អ្នកវិនិយោគ
15, May 2024 , 9:19 pm        
រូបភាព
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវឱ្យអ្នកប្រើប្រាស់ប​ណ្ដាញសង្គមហ្វេសប៊ុក កុំបង្ហោះនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពីកសិកម្ម ព្រោះអាចប៉ះពាល់ប្រយោជន៍កសិករ និងបាត់បង់អ្នកវិនិយោគ។



កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយចំនួន បានយករូបភាពកសិករដាំឪឡឹក ចំនួន៤សន្លឹកពីកន្លែងផ្សេងៗ រួចកាត់តបញ្ជូលគ្នា និងបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយភ្ជាប់ជាមួយខ្លឹមសារទាក់ទងបញ្ហាទីផ្សារឪឡឹកនៅកម្ពុជា។ ព័ត៌មា​ននេះ បាននាំឱ្យមានការភាន់​ច្រឡំ​ និងជ្រួលច្របល់យ៉ាងខ្លាំងពីសាធារណជន។ 
 
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែឧសភា បានច្រានចោលចំពោះព័ត៌មានទាំងអស់នេះ។ លោក បានបញ្ជាក់ថា រូបភាពកសិករដាំឪឡឹកទាំងនេះ គឺមានប្រភពមកពីប្រទេសវៀតណាម តាំងពីឆ្នាំ២០១៤ និង២០២០ ហើយត្រូវបានគេកាត់តបញ្ចូលគ្នា មកប្រឌិតជាសាច់រឿងវាយប្រហារ ឬបំភ្លៃជាព័ត៌មាន ដើម្បីចង់បាន Likes និងShares។ 
 
លោក ឃឹម ហ្វីណង់ ថា ទង្វើបែបនេះ មិនបានជួយដល់វិស័យកសិកម្មនោះទេ តែជាព័ត៌មានបែបបំពុលដែលធ្វើឱ្យប៉ះពាល់ប្រយោជន៍កសិករ។ តាមទំព័រហ្វេសប៊ុក លោក សរសេរយ៉ាងដូច្នេះថា៖«ទង្វើបែបនេះមិនបានជួយដល់វិស័យកសិកម្មនោះទេ! ការយករូបភាពចាស់ៗពីកន្លែងដទៃមកប្រឌិតជាសាច់រឿងដើម្បីវាយប្រហារ ឬបំភ្លៃជាព័ត៌មាន គ្រាន់តែដើម្បីឱ្យគេLikes គេShares និងចាប់អារម្មណ៍ពីខ្លួនឯង ប្រៀបបាននឹងការយកកសិកររបស់យើងមកលេងសើចយ៉ាងដូច្នេះដែរ»។
 
នេះមិនមែនជាលើកទី១ទេ ដែលមានការផ្សព្វផ្សាយមាតិការក្លែងក្លាយអំពីវិស័យកសិកម្ម។ ជាក់ស្ដែង ប៉ុន្មានថ្ងៃមកនេះ ក៏មានបុរសម្នាក់បញ្ចេញព័ត៌មានមិនពិតដោយលើកឡើងថា «សណ្តែកកួរ ឡើងថ្លៃ គឺជាសណ្តែកកួរនាំចូលមកពីក្រៅ» ក្នុងពេលដែលក្រសួងកសិកម្ម សាទរចំពោះកសិករក្នុងស្រុក ដែលទទួលបានថ្លៃសមរម្យ។ 
 
ជាមួយគ្នានេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងដែរថា បច្ចុប្បន្ន ព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គមមានច្រើនសន្ធឹក។ ព័ត៌មានខ្លះ ត្រូវបានគេបង្កើតជាសាច់រឿង ក្រោមរូបភាពកេងចំណេញផ្នែកនយោបាយ និងខ្លះគ្រាន់តែចង់បាន Like និង Shares ប៉ុណ្ណោះ។ 
 
ជាទូទៅ កសិករ និងអ្នកវិនិយោគត្រូវការទិន្ន័យ ឬព័ត៌មានពិតប្រាកដពាក់ព័ន្ធនឹងវិស័យស្វាយចន្ទីកម្ពុជា។ ផ្ទុយទៅវិញ ប្រសិនបើ​ ពួកគេទទួលបានព័ត៌មានមិនពិត ដែលជាប់ទាក់ទងនឹងការកាប់ស្វាយចន្ទីចោល និងបញ្ហាទីផ្សារផ្សេងៗ នឹងនាំឱ្យកសិករបាក់ទឹកចិត្ត ហើយអ្នកវិនិយោគ ពិចារណាដកខ្លួនចេញ។ លោក អួន ស៊ីឡុត យល់ឃើញបែបនេះ។ 
 
លោក រៀបរាប់ប្រាប់ដូច្នេះថា៖«ព័ត៌មានមិនពិត វាប៉ះពាល់ធំធេងណាស់។ ឧទាហរណ៍ ជាក់ស្ដែង ស្វាយចន្ទី! ខ្ញុំមិនដឹងពួកគាត់យករូបភាព ឬវីដេអូពីណាទេ មកបង្ហោះថា ស្វាយចន្ទីធ្លាក់ថ្លៃ, ស្វាយចន្ទី ត្រូវបានគេកាប់បំផ្លាញចោល។ ធ្វើដូច្នេះ អាចឱ្យកសិករដ៏ទៃទៀត ដែលកំពុងដាំស្វាយចន្ទីបំបាក់ទឹកចិត្ត។ ព័ត៌មាន ដែលនិយាយពីកាប់ដើមចន្ទីចោល អាចប៉ះពាល់រហូតដល់អ្នកដែលចង់ធ្វើវិនិយោគជាមួយយើង គឺគេដកខ្លួនចេញ ទាំងដែលស្ថានភាពជាក់ស្ដែង មិនអាក្រក់ដូចព័ត៌មានទាំងអស់នោះទេ»។ 
 
ចំពោះបញ្ហានេះ លោក ឃឹម ហ្វីណង់ បានអំពាវនាវឱ្យសាធារណជន block, unfollow, report បណ្ដាញសង្គមហ្វេសប៊ុកទាំងអស់នេះ។ ចំណែក លោក អួន ស៊ីឡុត ណែនាំឱ្យពលរដ្ឋពិចារណាឱ្យច្បាស់ មុននឹងចែករំលែកព័ត៌មាន ជាពិសេស ត្រូវស្វែរកស្ថាប័នព័ត៌មានវិជ្ជាជីវៈដែលអាចទុកចិត្តបាន៕ 
 

Tag:
 កសិកម្ម
  អួន ស៊ីឡុត
  ឃីម ហ្វីណង់
  ព័ត៌មានក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com