អន្តរជាតិ
ពលករ​ឡាវ​ដែល​ប្រឈម​នឹង​ស្ថានភាព​សេដ្ឋកិច្ច​មិន​ល្អ ស្វែងរក​ការងារ​នៅ​ប្រទេស​ផ្សេង
16, May 2024 , 7:59 am        
រូបភាព
រូបឯកសារ៖ ស្ត្រី​រៀបចំ​ខ្នុរ​សម្រាប់​លក់​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ក្រុង Luang Prabang ប្រទេស​ឡាវ កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ ស្ត្រី​រៀបចំ​ខ្នុរ​សម្រាប់​លក់​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ក្រុង Luang Prabang ប្រទេស​ឡាវ កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
ដោយ: VOA
ពលករ​ឡាវ​ជាច្រើន​ដែល​ប្រឈមនឹង​ស្ថានភាព​សេដ្ឋកិច្ច​មិន​ល្អ​កំពុង​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ កូរ៉េ​ខាងត្បូង និង​ប្រទេស​ផ្សេង​ទៀត ដើម្បី​បាន​ប្រាក់​បៀវត្សរ៍​ប្រសើរជាង​អ្វី​ដែល​ពួកគេ​អាច​រក​បាន​នៅក្នុង​ប្រទេស​ឡាវ។ ប៉ុន្តែ ការ​ស្វះស្វែង​រក​ការងារ​ធ្វើ​ទាំងនេះ​ក៏​ធ្វើ​ឱ្យ​ពួកគេ​ជួប​ហានិភ័យ​ផងដែរ ដោយ​ពួកគេ​អាច​ធ្លាក់ចូល​ក្នុង​អន្ទាក់​បំណុល​និង​ការ​ជួញដូរ​មនុស្ស។



ប្រទេស​ឡាវ​មាន​ប្រាក់​បៀវត្សរ៍​អប្បបរមា​ទាប​បំផុត​នៅក្នុង​តំបន់ ដែល​ជា​បញ្ហា​មួយ​ដែល​រឹតតែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ដោយសារ​អតិផរណា​និង​ការ​ធ្លាក់​តម្លៃ​រូបិយប័ណ្ណ​គីប​របស់​ខ្លួន។ ប្រទេស​នេះ​ក៏​កាន់តែ​ពឹងផ្អែក​ផងដែរ​លើ​ប្រទេស​ចិន​ដោយសារតែ​បំណុល​និង​ការ​វិនិយោគ​ដ៏​ច្រើន​ក្រាស់ក្រែល​របស់​ចិន​លើ​វិស័យ​ថាមពល​នៅក្នុង​ប្រទេស​នេះ។
 
នៅ​ពេល​ជាមួយ​គ្នា​នេះ របាយការណ៍​របស់​រដ្ឋាភិបាល​ឡាវ​បាន​បង្ហាញ​ថា កង្វះ​ពលករ​ជំនាញ ដែល​ក្រសួង​ថាមពល​និង​រ៉ែ​របស់​ឡាវ​ថា​បណ្តាល​មកពី «អ្នក​ជំនាញ​វិជ្ជាជីវៈ​សម្រុក​ទៅ​ធ្វើការ​នៅ​បរទេស» និង​ការ​ផ្តល់​ថវិកា​មិន​គ្រប់គ្រាន់ បាន​បង្អាក់​ដល់​គម្រោង​ថាមពល​វារីអគ្គិសនី​និង​រ៉ែ​នៅ​ក្នុង​ប្រទេស។
 
ក្រសួង​ការងារ​និង​សុខុមាលភាព​សង្គម​នៃ​ប្រទេស​ឡាវ​បាន​រាយការណ៍​កាលពី​ឆ្នាំ​មុន​ថា ក្នុង​ចំណោម​ពលករ​ឡាវ ៣០៣.៣៩១ នាក់​ដែល​ធ្វើការ​នៅ​ក្រៅ​ប្រទេស ពលករ ១០០.២៣០ នាក់​ធ្វើការ​ដោយ​ស្របច្បាប់ ចំណែកឯ​ពលករ ២០៣.១៦១ នាក់​ទៀត​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ជិតខាង​ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ។
 
សេចក្តី​រាយការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ខែ​កុម្ភៈ​ដោយ​កាសែត Vientiane Times បាន​បញ្ជាក់​ថា ជនជាតិ​ឡាវ​ប្រមាណ ២២៨.០០០ នាក់​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ក្នុង​នោះ ៧០.០០០ នាក់​ធ្វើការ​ដោយ​ខុសច្បាប់។
 
សេចក្ដី​រាយការណ៍​នេះ​បាន​បន្ថែម​ថា ពលករ​ឡាវ ១៣.០០០ នាក់​ទៀត​ធ្វើការ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។ តួលេខ​ទាំងនេះ​មិនបាន​រួម​បញ្ចូល​នូវ​ពលករ​ចំណាកស្រុក​ក្នុង​ចំនួន​ដ៏​ច្រើន​ដែល​បាន​ឆ្លង​ព្រំដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​ក្នុង​ប្រទេស​ជិតខាង ជាពិសេស​ប្រទេស​ចិន​នោះទេ។
 
គេ​ឃើញ​មាន​ទិន្នន័យ​កត់ត្រា​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​អំពី​ពលករ​ចំណាកស្រុក​ឡាវ​នៅ​ក្នុង​ប្រទេស​ចិន។ ប៉ុន្តែ គេ​ឃើញ​មាន​សេចក្ដី​រាយការណ៍​ថា ជនជាតិ​ឡាវ​ខ្លះ​បាន​ឆ្លង​ព្រំដែន​ពី​ស្រុក​ខ្លះ​នៅក្នុង​ខេត្ត Luang Namtha ទៅ​រក​ការងារ​ប្រចាំ​សប្ដាហ៍​ឬ​ការងារ​តាម​រដូវកាល​នៅក្នុង​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ការិយាល័យ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​នៃ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM) នៅ​ក្នុង​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ។
 
អ្នកនាំពាក្យ​រូបនេះ​បាន​ថ្លែង​ថា៖ «ពលករ​ចំណាកស្រុក​ដូចនេះ​ប្រើ​លិខិត​ឆ្លងដែន​និង​បណ្ណ​ឆ្លងដែន​ដើម្បី​ឆ្លងកាត់​ព្រំដែន​ទៅ​រក​ការងារ​មិន​ទៀងទាត់​ធ្វើ​នៅ​ក្នុង​ប្រទេស​ចិន​តាមរយៈ​ពួក​មេខ្យល់​ឡាវ​និង​ចិន។ អាជ្ញាធរ​ប្រទេស​ទាំង​ពីរ​និង​គ្រួសារ​របស់​ពួកគេ​មិន​ដឹង​អំពី​ស្ថានភាព​ការងារ​និង​ការ​រស់នៅ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​ចិន​នោះទេ»។
 
អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែម​ថា៖ «ពួកគេ​មិន​អាច​ដឹង​អំពី​កន្លែង​ដែល​ពលករ​ទាំងនេះ​ធ្វើការ​និង​រស់នៅ​ទេ។ ករណី​នេះ​បង្កើន​ភាព​ងាយ​រងគ្រោះ​របស់​ពួកគេ​ចំពោះ​ហានិភ័យ​នៃ​ការ​រំលោភ​បំពាន​និង​ការ​កេងប្រវញ្ច»។
 
អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់​ទៀត​ថា ជន​ជួញដូរ​មនុស្ស​ប្រើ​បណ្តាញ​សង្គម​អនឡាញ​នានា​ដូចជា​ទិកតុក (TikTok) ជាដើម​ដើម្បី​ទាក់ទាញ​ពលករ និង​ប្រើ​ការ​បំភាន់ មេខ្យល់ និង​សម្ពាធ​ពី​មិត្តភក្តិ​ដើម្បី​ល្បួង​ពលករ​ឱ្យ​ធ្លាក់​ចូល​ទៅក្នុង​ផែនការ​បោកប្រាស់​នេះ។ ពលករ​ចំណាកស្រុក​ឡាវ​ជាច្រើន​ត្រូវបាន​គេ​សន្យា​ដដែលៗ​ថា​នឹង​ផ្ដល់​ការងារ​ដែល​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ច្រើន​ផ្នែក​សេវាកម្ម​អនឡាញ​ឬក៏​ផ្នែក​រូបិយប័ណ្ណ​ឌីជីថល។
 
ទោះបីជា​មាន​ការ​សន្យា​អំពី​ការផ្ដល់​ការងារ​ដែល​មាន​ប្រាក់​បៀវត្សរ៍​ច្រើន​នៅ​បរទេស​ក៏ដោយ ក៏ របៀប​ជ្រើសរើស​ពលករ​បែប​បោកបញ្ឆោត​នេះ​ជាញឹកញយ​នាំឱ្យ​មាន​ការ​កេងប្រវញ្ច​និង​ទាសភាព​បំណុល​ដោយសារតែ​ការ​តម្រូវ​ឱ្យ​បង់​សោហ៊ុយ​ជាមុន​និង​កិច្ច​ព្រមព្រៀង​មិន​ច្បាស់លាស់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Matthew Friedman ប្រធាន​ក្លឹប​មេគង្គ (Mekong Club) នៅ​ទីក្រុង​ហុងកុង ដែល​ជា​អង្គការ​ប្រឆាំង​នឹង​ទាសភាព។
 
លោក Friedman បាន​និយាយ​ថា៖ «ជា​ញឹកញយ ពលករ​ទាំងនេះ​មិន​ដឹង​ថា​ពួកគេ​នឹង​ជួប​ប្រទះ​ហេតុការណ៍​អ្វី​ខ្លះ​ទេ។ ពួកគេ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដោយ​មិន​បាន​យល់ដឹង​ពេញលេញ​អំពី​អ្វី​ដែល​ពួកគេ​ចុះ​ហត្ថលេខា ឬក៏​អត្រា​ការប្រាក់​និង​សោហ៊ុយ​ផ្សេងៗ​នោះឡើយ»។
 
លោក​បាន​បន្ថែម​ថា នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ជាពិសេស​នៅ​ទីក្រុង​សេអ៊ូល​ឬ​ទីក្រុង Busan ពលករ​បាន​ជាប់​ក្នុង​អន្ទាក់​បំណុល ដោយ​មិន​អាច​ចាកចេញ​បានទេ​ប្រសិនបើ​មិន​សង​បំណុល​ទាំងអស់។
 
អង្គការ IOM បាន​លើកឡើង​ថា ពលករ​ឡាវ​ដែល​ភាគច្រើន​ជា​មនុស្ស​ពេញវ័យ​ក្មេងៗ​និង​ជា​យុវជន​ជំទង់​បាន​ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន​ទៅ​ប្រទេស​ថៃ​ដើម្បី​ស្វែងរក​ការងារ​ដែល​មាន​ប្រាក់​បៀវត្សរ៍​ច្រើន​នៅ​ក្នុង​ផ្នែក​សំណង់ ផ្នែក​បម្រើ​តាម​ភោជនីយដ្ឋាន ឬ​ផ្នែក​បម្រើ​តាម​ផ្ទះ ហើយ​ជា​រឿយៗ​ប្រឈម​នឹង​ការ​កេងប្រវញ្ច​និង​ស្ថានភាព​គ្មាន​សុវត្ថិភាព។
 
ទោះបីជា​មាន​កិច្ច​ព្រមព្រៀង​តាម​ផ្លូវច្បាប់​អំពី​ការងារ​រវាង​ប្រទេស​ថៃ​និង​ប្រទេស​ឡាវ​ក៏ដោយ ក៏​ចំណាកស្រុក​ខុសច្បាប់​នៅតែ​បន្ត​កើតមាន​ដោយសារតែ​ភាព​ចន្លោះ​ប្រហោង​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​និង​ក្នុង​ប្រព័ន្ធ​តាមដាន​នៃ​ប្រទេស​ទាំងពីរ។
 
ករណី​ថ្មី​បំផុត​ពាក់ព័ន្ធ​នឹង​រឿង​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ៣ ខែ​មីនា​នៅ​ក្នុង​ខេត្ត Udon Thani នា​ប៉ែក​ឦសាន​ប្រទេស​ថៃ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៧៥ គីឡូម៉ែត្រ​ពី​ព្រំដែន​ឡាវ ដែល​នៅ​ទីនោះ​ប៉ូលិស​មូលដ្ឋាន​បាន​ជួយ​សង្គ្រោះ​នារី​ឡាវ​ម្នាក់​អាយុ ១៨ ឆ្នាំ​ដែល​ធ្វើការ​ជា​អ្នក​បម្រើ​តាមផ្ទះ​ពី​ការ​ធ្វើ​បាប​ធ្ងន់ធ្ងរ​ពី​សំណាក់​ម្ចាស់ផ្ទះ​ដែល​នាង​ធ្វើការ៕

© រក្សាសិទ្ធិដោយ thmeythmey.com