សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាជ្ញាធរចិនពិចារណាទិញអចលនទ្រព្យលក់មិនចេញ ដើម្បីធ្វើផ្ទះសង្គម
16, May 2024 , 10:49 am        
រូបភាព
អគារ​ខ្ពស់ៗ​ក្នុង​ទីក្រុង​ Huaian ខេត្ត Jiangsu ប្រទេស​ចិន ។ រូបភាព ៖ AFP
អគារ​ខ្ពស់ៗ​ក្នុង​ទីក្រុង​ Huaian ខេត្ត Jiangsu ប្រទេស​ចិន ។ រូបភាព ៖ AFP
ដើម្បីដោះស្រាយបញ្ហាអចលនទ្រព្យជាប់គាំង រដ្ឋាភិបាលចិន កំពុងពិចារណាឲ្យអាជ្ញាធរក្នុងតំបន់ទិញខុនដូរាប់លានយូនីត ដែលលក់មិនចេញ ដើម្បីប្រែក្លាយជាផ្ទះសង្គម។

 
ក្រុមហ៊ុនរដ្ឋក្នុងតំបន់នឹងទទួលភារកិច្ចទិញផ្ទះ ដែលលក់មិនចេញ ពីអ្នកវិនិយោគ ដែលកំពុងជួបបញ្ហាក្នុងការលក់បញ្ចុះតម្លៃ។ ភាគច្រើនផ្ទះដែលត្រូវទិញនឹ ងត្រូវប្រែក្លាយជាផ្ទះសង្គមមានតម្លៃថោក។ 
 
ទាក់ទងនឹងធនធាននៃការប្រើប្រាស់ ធនាគាររដ្ឋចិននឹងផ្តល់ប្រាក់កម្ចីដល់អ្នកទិញ។ បើតាមប្រភពព័ត៌មានពី Bloomberg ក្រុមប្រឹក្សារដ្ឋរបស់ចិនកំពុងប្រមូលមតិនិងការពិភាក្សាពីអាជ្ញាធរ និងតំបន់នានាជុំវិញផែនការបឋមនេះ។
 
គំនិតនេះចាប់ផ្តើមឡើងបន្ទាប់ពីកិច្ចប្រជុំរបស់ក្រសួងនយោបាយកាលពីថ្ងៃទី៣០ ខែមេសា ដោយពិភាក្សាអំពីគោលនយោបាយដើម្បីដោះស្រាយបញ្ហាអចលនទ្រព្យកំពុងជាប់គាំង។ ក្រុមមន្ត្រីចិនបានពិភាក្សាគ្នាជុំវិញព័ត៌មានលម្អិត និងលទ្ធភាពនៃការសម្រេចផែនការដែលត្រូវចំណាយពេលរាប់ខែដើម្បីបញ្ចប់ ប្រសិនថ្នាក់មេដឹកនាំយល់ព្រម។
 
វិស័យអចលនទ្រព្យបានរួមចំណែក១ភាគ៤នៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។ វិស័យនេះ បានធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារវិបត្តិបំណុលរបស់អ្នកអភិវឌ្ឍន៍ បន្ទាប់ពីគោលនយោបាយបន្ទាត់ក្រហម៣ ដែលមានបំណងរារាំងអ្នកវិនិយោគក្នុងការខ្ចីប្រាក់មកវិនិយោគវិស័យអចលនទ្រព្យ។
 
ទីក្រុងប៉េកាំង បានចាប់ផ្តើមវិធានការស្តារអចលទ្រព្យឡើងវិញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២២ ប៉ុន្តែមិនទាន់អាចបង្វែរស្ថានការណ៍បានឡើយ។ ការលក់ផ្ទះនៅខែមេសាសម្រាប់ក្រុមហ៊ុនធំៗទាំង១០០ បានធ្លាក់ចុះ៤៥ភាគរយបើធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន CRIC ដែលជាអ្នកជំនាញផ្តល់ទិន្នន័យអចលនទ្រព្យ ។
 
បន្ថែមពីលើផែនការថ្មីនេះ បច្ចុប្បន្នទីក្រុងប៉េកាំងកំពុងជំរុញឲ្យធនាគារចិនបង្កើនឥណទានសម្រាប់វិស័យអចលនទ្រព្យ។ ទីក្រុងរាប់សិបទៀត បានផ្តល់ការឧបត្ថម្ភធនដើម្បីលើកទឹកចិត្តប្រជាជនទិញផ្ទះថ្មីឱ្យជំនួសអាផាតមិនចាស់ៗ ក្នុងគោលបំណងបង្កើតលំហូរសាច់ប្រាក់សម្រាប់អ្នកអភិវឌ្ឍន៍ដែលជួបការលំបាក។
 
ដំណោះ​ស្រាយ​របៀបនេះ ត្រូវបានចាប់ផ្តើម​នៅ​ស្រុក Lainan ភាគខាងកើតទីក្រុង Hangzhou។ កាលពីដើមសប្តាហ៍នេះ ក្នុងស្រុកបានប្រកាសថា ខ្លួននឹងទិញផ្ទះពីអ្នកអភិវឌ្ឍន៍ឯកជនដើម្បីប្រើប្រាស់ជាលំនៅដ្ឋានជួលសាធារណៈ។ 
 
ការលំបាកដ៏ធំបំផុតមួយសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យឯកជននៅចិន គឺកង្វះសាច់ប្រាក់។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុនទាំងនោះ ផ្អាក​ការ​សាងសង់​ជា​បណ្ដោះអាសន្ន​​ផ្ទះ​ជាច្រើនកន្លែង​ដែល​បាន​លក់​មុន ប៉ុន្តែមកដល់ពេលនេះ​មិន​អាច​ប្រគល់ផ្ទះ​ទាន់​ពេល​វេលា​។
 
អ្នក​វិភាគ​ប៉ាន់​ប្រមាណ​ថា មាន​អាផាតមិន​រាប់​សិប​លាន​ខ្នងដែលលក់មិនទាន់ចេញ ​នៅ​ទូទាំង​​ចិន។ អ្នកសេដ្ឋកិច្ចមកពីក្រុមហ៊ុនជប៉ុន Nomura ផ្តល់អនុសាសន៍ថា ទីក្រុងប៉េកាំងគួរតែចំណាយប្រាក់ផ្ទាល់ខ្លួនរបស់ខ្លួន ឬបោះពុម្ពប្រាក់បន្ថែមទៀតដើម្បីគាំទ្រដល់ការបញ្ចប់គម្រោងដែលហួសសម័យ៕ 

Tag:
 ចិន​
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com