ជាតិ
ប្រាសាទបេងមាលា ពួនសំងំព័ទ្ធដោយព្រៃព្រឹក្សាបង្កប់នូវអាថ៌កំបាំងសម្រាប់អ្នកស្រាវជ្រាវ
18, May 2024 , 2:40 pm        
រូបភាព
សៀមរាប៖ ប្រាសាទបេងមាលា ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ១៤ហិកតា ដែលស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ​ ខាងកើតជើងភ្នំគូលេន។ ប្រាសាទនេះ មិនមានសិលាចារិកណាមួយ បញ្ជាក់ពីការសាងសង់ដោយព្រះមហាក្សត្រអង្គណានោះទេ។ ប៉ុន្តែ អ្នកស្រាវជ្រាវមួយចំនួន យល់ថា ប្រាសាទបេងមាលា ត្រូវបានសង់ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី២ (សូរ្យវរ្ម័នទី២)។

 
 
អ្នកស្រាវជ្រាវមួយចំនួន បានធៀបប្រាសាទបេងមាលានឹងប្រាសាទអង្គរវត្ត។ អ្នកខ្លះ អះអាងថា ប្រាសាទបេងមាលា ជាគំរូសម្រាប់សង់ប្រាសាទអង្គរវត្ត។ លោក សុខ វិសាល មន្រ្តីបច្ចេកទេសប្រចាំប្រាសាទបេងមាលា បានបញ្ជាក់ថា ការស្រាវជ្រាវនាពេលក្រោយៗមក អ្នកជំនាញពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានអះអាងថា ប្រាសាទបេងមាលា មិនមែនជាគំរូសម្រាប់សង់ប្រាសាទអង្គវត្តនោះទេ។ 
 

អតីតបុរាណវិទូ និងបច្ចុប្បន្នជាមគ្គុទេសក៍ លោក ឡុង តូន យល់ថា ប្រាសាទបេងមាលា ត្រូវបានសង់ដើមសតវត្សរ៍ទី១២ ពោលគឺក្រោយការសាងសង់ប្រាសាទអង្គវត្តនោះទេ។ លោក ឡុង តូន យល់បែបនេះ ដោយផ្អែកលើចម្លាក់ដែលមានទាក់ទងនឹងព្រះពុទ្ធសាសនាតិចតួច។ ចម្លាក់នេះហើយ ដែលជាតឹកតាងសម្រាប់ឱ្យអ្នកស្រាវជ្រាវ យល់ថា ប្រាសាទនេះ សង់នៅសតវត្សរ៍ទី១២។ 
 
អ្នកស្រាវជ្រាវ យល់ថា ប្រាសាទបេងមាលា​ សង់ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី២ និងអ្នកស្រាវជ្រាវផ្សេងទៀត យល់ថា បេងមាលា សង់ក្នុងរាជ្យព្រះបាទធរណីវរ្ម័នទី២ ដែលជាស្ដេចសោយរាជ្យទី១ ដែលបានកាន់ព្រះពុទ្ធសាសនា។ ព្រះបាទធរណីវរ្ម័នទី២ ជាព្រះបិតារបស់ព្រះបាទជ័យវម៌្មទី៧ (ជ័យរវ្ម័នទី៧)។ 
 
ចំណុចពិសេស ដែលគួរលើកមកនិយាយអំពីប្រាសាទបេងមាលានោះគឺ ទីប្រជុំជន និងផ្លូវបុរាណ។ បេងមាលា មិនមែនជាប្រាសាទ ដែលសង់នៅទីឆ្ងាយពីទីប្រជុំជននោះទេ។ បេងមាលា ជាចំណុចប្រសព្វនៃផ្លូវបុរាណ ដែលចេញពីតំបន់អង្គរ ឆ្ពោះមកកាន់បេងលាមា រួចបំបែកទៅកាន់ កោះកេរ រហូតដល់ ប្រាសាទវត្តភូ ដែលស្ថិតនៅប្រទេសឡាវ នាពេលបច្ចុប្បន្ន។ ផ្លូវមួយខ្សែទៀត បំបែកចេញពីប្រាសាទបេងមាលា ទៅកាន់ប្រាសាទព្រះខ័នកំពង់ស្វាយ ដែលស្ថិតនៅខេត្តព្រះវិហារ។ 
 
លោក ឡុង តូន យល់ថា ប្រាសាទបេងមាលា ក៏ជាទីប្រជុំជនដ៏ធំមួយនៅសម័យអង្គរនោះដែរ។ អ្នកជំនាញរូបនេះ យល់ថា ចាស់បុរាណ សង់ប្រាសាទនេះ មិនមែនដោយចៃដន្យនោះទេ ហើយប្រាសាទនេះ ក៏មិនមែនជាគំរូសម្រាប់សង់ប្រាសាទអង្គរវត្តនោះដែរ។ 
 
«បេងមាលា ជាប្រាសាទដ៏ធំ ហើយយើងអាចឆ្លុះបញ្ចាំងពីសហគមន៍បុរាណនៅទីនោះ គឺធំ។ ប្រាសាទនេះ អាចឱ្យយើងស្វែងយល់ពីអរិយធម៌ ឬទំនាក់ទំនងអរិយធម៌រវាងអង្គរ និងតំបន់ផ្សេងៗ គឺមិនមែនរឿងចៃដន្យទេ។ សម្រាប់ស្ថាបត្យកម្មសំណង់ យើងមើលឃើញពីទំហំថ្ម គុណភាពថ្ម គឺបេងមាលា មានស្ថាបត្យកម្មដ៏អស្ចារ្យ។ ប៉ុន្តែសម្រាប់ខ្ញុំ បច្ចេកទេសសំណង់ បេងមាលា មានបច្ចេកទេសសំណង់ខ្សោយ និងខ្វះខាតច្រើនដែរ។» លោក ឡុង តូន មានចំណាប់អារម្មណ៍អំពីប្រាសាទបេងមាលាដូច្នេះ។ 
 


បែកបាក់ និងទ្រុឌទ្រោមខ្លាំង ដូចមនុស្សចាស់គ្មានកម្លាំង

ប្រាសាទបេងមាលា ហាក់បីដូចឯកាជាងប្រាសាទផ្សេងៗទៀតបន្តិច។ នៅពេលខ្មែរ ផ្លាស់ប្ដូររាជធានីចេញពីតំបន់អង្គរ ប្រាង្គប្រាសាទភាគច្រើន ត្រូវបានឫសឈើចាក់ចូលព័ទ្ធពេន ដែលធ្វើឱ្យថ្មប្រាសាទបែបបាក់យ៉ាងច្រើន។ កូនរុក្ខជាតិ បានដុសពាសពេញតោងលើប្រាង្គប្រាសាទរយៈពេលយូរឆ្នាំ រហូតរុក្ខជាតិលូតលាស់កាន់តែធំឡើងៗ។ ដើមឈើធំៗទាំងនេះ ក៏បានដេកដួលលើប្រាង្គប្រាសាទ ដែលធ្វើឱ្យប្រាសាទបេងមាលា បែកបាក់ខ្លាំង។ 
 
ឫសឈើទាំងនេះ ព័ទ្ធព័ន្ធលើប្រាង្គប្រាសាទ បង្កើតបានជាទិដ្ឋភាពគួរឱ្យចង់ទស្សនា។ ប៉ុន្តែ ដើមឈើទាំងនេះ ក៏ជាចំណែកមួយបំផ្លាញប្រាសាទបេងមាលាឱ្យបាត់បង់ទម្រង់ដើម។ នាពេលបច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា មិនឱ្យដើមឈើបំផ្លាញប្រាសាទទៀតនោះទេ។ អប្សរា ថែរក្សាដើមឈើនៅជុំវិញប្រាសាទ ដែលមានតួនាទីការពារ និងរក្សាសំណើមថ្ម ព្រមទាំងទប់ទល់ខ្យល់កន្ត្រាក់មកលើប្រាសាទ។ 
 
មន្រ្តីបច្ចេកទេសនៅប្រាសាទបេងមាលា លោក សុខ​ វិសាល បានបញ្ជាក់ថា ធម្មជាតិ និងការបោះបង់រាជធានី ធ្វើឱ្យប្រាសាទនេះ បែកបាក់ច្រើន។ ប៉ុន្តែ មនុស្ស ក៏ជាអ្នកបំផ្លាញប្រាសាទនេះនាពេលប្ដូររាជធានី និងសម័យសង្គ្រាម។ 
 
«ចាស់ៗរស់នៅតំបន់នេះ បន្តជំនាន់ បានបញ្ជាក់ថា មនុស្ស ជឿថាក្នុងប្រាសាទមានរបស់មានតម្លៃ។ ដូច្នេះ ពួកគេជីកកកាយ ទាញ រកវត្ថុមានតម្លៃ ដែលធ្វើឱ្យប្រាង្គប្រាសាទដួលរលំ។» នេះជាការបញ្ជាក់របស់លោក សុខ វិសាល។ 
 
ប្រាសាទបេងមាលា មិនស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គនោះទេ។ ដូច្នេះ បេងមាលា មិនត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេ។ បើតាមអង្គការយូណេស្កូ ប្រាសាទបេងមាលា ស្ថិតនៅក្នុងបញ្ជីបណ្ដោះអាសន្នក្នុងការចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលកម្ពុជា បានស្នើរៀបចំឯកសារជាផ្លូវការកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០៕ 

Tag:
 (ប្រាសាទបេងមាលា)
© រក្សាសិទ្ធិដោយ thmeythmey.com