ជាតិ
សិល្បះ
លោក Oliva kong ច្នៃម៉ូតសម្លៀកបំពាក់សមរាត្រីបរមវិស្ណុលោក ដើរម៉ូតក្នុងមហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន
18, May 2024 , 7:59 pm        
រូបភាព
រូបពីហ្វេសប៊ុក Oliva Kong
រូបពីហ្វេសប៊ុក Oliva Kong
ភ្នំពេញ៖ ឈុតសម្លៀកបំពាក់ជាច្រើនម៉ូត រួមមានឈុតផ្ការំដួល ឈុតអប្សរា ឈុតស្រមោលស្បែកធំ ឈុតកូរសមុទ្រទឹកដោះ ជាពិសេសឈុតសមរាត្រីបរមវិស្ណុលោក នឹងបង្អួតសម្រស់របស់ខ្លួន នៅលើកម្រាលព្រំក្រហម ក្នុងមហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន ដ៏ល្បីល្បាញលំដាប់ពិភពលោក។

 
ថ្ងៃទី១៧ ខែឧសភា លោក អូលីវ៉ាគង់ (Oliva Kong) បាននាំយកឈុតសម្លៀកបំពាក់ ច្នៃម៉ូតយ៉ាងវិសេសរំលេចពីសិល្បៈ និងវប្បធម៌ខ្មែរជាច្រើនម៉ូត ទៅកាន់ប្រទេសបារាំង ដើម្បីដើរបង្ហាញម៉ូត លើកម្រាលព្រំក្រហម ក្នុងមហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន។ 
 
ឈុតសម្លៀកបំពាក់ដែលវិសេសជាងគេបំផុត ក្នុងចំណោមឈុតវិសេសៗជាច្រើនទៀត នៃដំណើរលើកនេះ ត្រូវបានលោក អូលីវ៉ាគង់ បញ្ជាក់ថា គឺជាឈុតសមរាត្រីបរមវិស្ណុលោក។ បានជាឈុតនេះ គឺជាឈុតដ៏វិសេសផ្ដាច់គេ សម្រាប់ការដើរម៉ូតនៅទីក្រុងកាន ក៏ព្រោះតែភាពល្បីល្បាញ នៃសមរាត្រីនៅឯប្រាសាទអង្គរវត្តនោះឯង។

លោក Oliva Kong ថ្វាយបង្គំម្ដាយឪពុក ឡើងយន្តហោះទៅប្រទេសបារាំង

លោក អូលីវ៉ាគង់ ពន្យល់ពីមូលហេតុដែលលោកច្នៃម៉ូតខាងលើឡើង៖««ពិភពលោកស្គាល់ប្រទេសកម្ពុជាយើង តាមរយៈសមរាត្រី(ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត) ដ៏ល្បីល្បាញ។ នេះគឺជាទិដ្ឋភាពមួយដ៏អស្ចារ្យ ដូច្នេះខ្ញុំចង់យកទិដ្ឋភាពមួយហ្នឹង តាមរយៈសម្លៀកបំពាក់របស់ខ្ញុំ ទៅកាន់ពិភពលោក។ ខ្ញុំក៏ចង់បង្ហាញគេថា ខ្មែរមិនមែនមានត្រឹមតែអង្គរវត្តទេ ប៉ុន្តែខ្មែរមានអ្វីៗដែលអស្ចារ្យជាច្រើនទៀត»។ 
 
សូមទស្សនាវីដេអូ មុនពេលលោក Oliva Kong ឡើងយន្តហោះ នៅថ្ងៃទី១៧ ដោយក្ដីរីករាយ៖
************************************************************
ក្រៅពីឈុតសម្រាប់ដើរបង្ហាញម៉ូត លើកម្រាលព្រំក្រហម អ្នកច្នៃម៉ូតដែលតែងតែបញ្ចូលក្បាច់រចនាខ្មែរ ទៅក្នុងឈុតសម្លៀកបំពាក់របស់ខ្លួនរូបនេះ ក៏បានត្រៀមឈុតសម្លៀកបំពាក់ ប្រមាណ២០ឈុតផ្សេងទៀតដែរ ទៅកាន់ប្រទេសបារាំង ដើម្បីស្លៀកបង្ហាញនៅទីកន្លែងមួយចំនួន។ លោកគិតថា ការធ្វើបែបនេះ គឺអាចផ្សព្វផ្សាយពី​សិល្បៈច្នៃម៉ូតរបស់ខ្មែរ ទៅកាន់សាធារណជនឯប្រទេសបារាំង។  ឆ្លៀតក្នុងឱកាសនេះ លោកអូលីវ៉ាគង់ លោកចង់ឱ្យប្រជាជនខ្មែរបើកចិត្តទូលាយ ទទួលយកភាពជឿនលឿ នៃសិល្បៈច្នៃម៉ូត។ 
 
កន្លងមក លោក អូលីវ៉ាគង់ ធ្លាប់បានប្រាប់សារព័ត៌មានថ្មីៗថា ក្ដីស្រមៃនិងគោលបំណងធំរបស់លោក តាំងពីប្រឡូកក្នុងវិស័យច្នៃម៉ូតដំបូងៗ គឺការនាំយកសិល្បៈច្នៃម៉ូត សម្លៀបំពាក់រចនាបថខ្មែរ ទៅបង្ហាញក្នុងកម្មវិធីកម្រិតពិភពលោក។ រហូតមកដល់ពេលនេះ លោកពិតជាបានដូចបំណង ហើយលោកប្ដេជ្ញាថា លោកនឹងបង្កើតស្នាដៃច្នៃម៉ូតសម្លៀកបំពាក់ ភ្ជាប់ជាមួយវប្បធម៌ខ្មែរ និងអត្តសញ្ញាណខ្មែរ ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីបង្ហាញក្នុងកម្មវិធីពិភពលោកផ្សេងៗទៀត។

លោក Oliva kong មុនពេលឡើងយន្តហោះ ថ្ងៃទី១៧ ឧសភា ឆ្នាំ២០២៤
 
ក្នុងដំណើរជូនកូនប្រុសឡើងយន្តហោះ អ្នកស្រី ជាប ហាត ត្រូវជាម្ដាយរបស់លោក អូលីវ៉ាគង់ លើកឡើងពីអតីត ដែលអ្នកស្រីមិនគាំទ្រកូន ឱ្យចាប់យកជំនាញច្នៃម៉ូតឡើយ ដ្បិតអីអ្នកស្រីមើលមិនឃើញ ពីជំនាញនេះ អា​ចជួយឱ្យជីវិតកូនប្រុសបានល្អប្រសើរ។ 
 
ប៉ុន្តែដោយក្ដីស្រឡាញ់តាំងពីកំណើត លោក អូលីវ៉ាគង់ នៅតែតស៊ូមិនបោះបង់ រហូតដល់ថ្ងៃមួយ បុរសសម្ដីមួយៗ តែច្បាស់លាស់រូបនេះ អាចធ្វើឱ្យមានការគាំទ្រទូទាំងប្រទេស និងថ្នាក់អន្តរជាតិផង ទើបអ្នកស្រីយល់ពីតម្លៃ នៃការធ្វើអ្វីទៅតាមចិត្តស្រឡាញ់។
 
«ពីមុនស្ដីបន្ទោសកូនខ្លាំង ថាខំឱ្យប្រាក់អស់សន្ធឹកទៅរៀន ដើម្បីបានស្នងជំនាញពីប៉ា ប៉ុន្តែរៀនដល់ឆ្នាំទី៣ហើយក៏បោះបង់។ ខឹងហើយអន់ចិត្តនឹងកូនខ្លាំង។ ប៉ុន្តែមកដល់ពេលនេះ ខ្ញុំបែរជាមានមោទកភាពចំពោះកូនខ្ញុំទៅវិញ។ ខ្ញុំរំភើបចិត្តខ្លាំងណាស់ ដែលកូនបានជួយលើកមុខមាត់ប្រទេសជាតិ តាមរយៈស្នាដៃរបស់កូន»។ នេះជាការបញ្ជាក់របស់អ្នកស្រី ជាប ហាត។
 
ដូចគ្នាដែរលោក ម៉ែន សុវណ្ណ ត្រូវជាឪពុករបស់លោក អូលីវ៉ាគង់ ក៏ធ្លាប់ខឹងអន់ចិត្តនឹងកូនប្រុស ដែលមិនព្រមស្ដាប់បង្គាប់ខ្លួនដែរ។ ប៉ុន្តែនៅពេលដែលលោកហាមឃាត់កូនមិនឈ្នះ លោកក៏បណ្ដោយតាមចិត្តកូន។ ឆ្លងកាត់បទពិសោធនេះ ធ្វើឱ្យលោកបានមើលឃើញថា ការដែលផ្ដល់សិទ្ធិសេរីភាពឱ្យកូន បានធ្វើអ្វីដែលពួកគេស្រឡាញ់ គឺជារឿងដ៏សំខាន់បំផុតក្នុងជីវិតកូន។

អ្នកស្រី ជាប ហាត និងលោក ម៉ែន សុវណ្ណ ត្រូវជាឪពុកម្ដាយលោក Oliva kong ជូនកូនឡើងយន្តហោះ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤

ក្រោយឃើញកូនជោគជ័យ លើវិថីដែលកូនរើស ទើបលោក សុវណ្ណ ពិចារណាឃើញថា ការដែលមនុស្សម្នាក់ ធ្វើអ្វីដែលខ្លួនស្រឡាញ់ ពួកគេតែងមានធាតុ៤សំខាន់ ជាមូលដ្ឋានគ្រឹះនាំឱ្យមនុស្សជោគជ័យ​។ លោកពន្យល់ដូច្នេះ៖«ដល់តែកូនធ្វើអ្វីដែលកូនស្រឡាញ់ ខ្ញុំឃើញធាតុ៤ក្នុងខ្លួនកូនខ្ញុំ។ ទី១. ឆន្ទៈ គឺបំណង។ ខ្ញុំឃើញកូនខ្ញុំ គេប៉ងធ្វើអ្វីមួយ គឺគេធ្វើទាល់តែបាន គេមិនដែលបោះបង់ទេ ហើយគេប្រឹងខ្លាំងណាស់។ យប់មិញកូនខ្ញុំ នៅច្នៃម៉ូតដល់ម៉ោង២ម៉ោង៣ទៀបភ្លឺ គេអត់ដេកទេ។ ទី២. វិរិយៈ ព្យាយាម។ ខ្ញុំឃើញកូនខ្ញុំព្យាយាមណាស់។ ពេលខ្លះគេទៅសៀមរាបស្រាវជ្រាវ គេមើលឃើញអ្វី ដែលអ្នកដទៃនឹកមិនឃើញ។  ទី៣. ចិត្ត គឺគំនិត កូនខ្ញុំគេខំរិះរកគំនិតច្នៃប្រឌិតថ្មីៗណាស់ ពេលខ្លះគេអត់ដេកក៏មានដែរ គិតធ្វើយ៉ាងណាឱ្យរបស់នោះល្អ។ ៤. វីមាំសា ការពិចារណា»។ 
 
លោកបានបន្តរៀបរាប់ថា៖ « កូនខ្ញុំមុននឹងចេញគំនិតអ្វីមួយ គេពិចារណាខ្លាំងណាស់ ខ្លាចថាចេញទៅ មានការរិះគន់ ខ្លាចថាប៉ះពាក់ដល់វប្បធម៌ជាតិ សិល្បៈជាតិ មុខមាត់ជាតិ។ ធាតុទាំង៤នេះ ខ្ញុំមើលឃើញថា មានលើតែបុគ្គលណា ដែលគាត់បានធ្វើអ្វីដែលគាត់ស្រឡាញ់ប៉ុណ្ណោះ។ ដូច្នេះទើបខ្ញុំដឹងថា ការបើកសិទ្ធិសេរីភាពឱ្យកូន ធ្វើអ្វីដែលជាជំនាញគេ ពិតជាសំខាន់»។
 
ជាមួយគ្នានេះអ្នកស្រី ជាប ហាត ក្នុងនាមជាម្ដាយដែលធ្លាប់តែរៀបផ្លូវឱ្យកូនដើរ បានផ្ញើសារទៅកាន់ម្ដាយឪពុកគ្រប់រូប ដែលធ្លាប់រារាំងកូន មិនឱ្យកូនៗធ្វើអ្វីដែលជាចំណង់ចំណូលចិត្តរបស់ពួកគេ គួរផ្លាស់ប្ដូរគំនិត ផ្ដល់សិទ្ធិសេរីភាពឱ្យកូនៗវិញ។ អ្នកស្រីថា ប្រសិនម្ដាយឪពុក បើកសិទ្ធិសេរីភាពឱ្យកូន រើសជំនាញដែលពួកគេស្រឡាញ់ នោះលទ្ធផលចុងក្រោយ កូនៗរបស់ពួកគេ អាចនឹងធ្វើឱ្យម្ដាយឪពុកមានមោទកភាពក៏ថាបាន។


អ្នកស្រី ហាត ពន្យល់៖«ខ្ញុំក៏ជាម្ដាយមួយរូបដែរ។ ខ្ញុំធ្លាប់ហាមកូន ហើយឱ្យកូនដើរលើផ្លូវដែលខ្ញុំរើសឱ្យ ប៉ុន្តែគេនៅតែបោះបង់ចោល ឱ្យទាល់តែបាន។ នៅពេលគេដើរលើផ្លូវដែលគេស្រឡាញ់ ហើយគេបានបង្កើតស្នាដៃល្អៗ ឱ្យជាតិបែបនេះ ទើបខ្ញុំដឹងថាការដែលខ្ញុំហាមកូនពីមុនគឺខុស។ ដូច្នេះខ្ញុំស្នើដល់ម្ដាយឪពុកផ្សេងៗទៀត បើកូនចង់រៀន ឬចង់ចាប់ជំនាញអ្វី សូមលើកទឹកចិត្តពួកគេ និងគាំទ្រពួកគេ។ កុំជំទាស់កូនអី ព្រោះវាជាក្ដីស្រឡាញ់របស់កូន»។
 
សូមបញ្ជាក់ថា លោក អូលីវ៉ាគង់ ធ្លាប់ឆ្លងកាត់ជីវិតល្វីងជូរចត់ជាច្រើន។ លោកធ្លាប់រំលឹកថា ពេលមួយដែលលោកធ្លាក់ខ្លួនខ្លាំងបំផុត គឺនៅពេលដែលលោកបរាជ័យក្នុងមុខជំនួញ ដែលត្រូវខាតបង់ប្រាក់អស់ពីខ្លួន។ លោកព្យាយាមទៅដើររកការងារធ្វើ គ្រប់កន្លែងក្នុងរាជធានីភ្នំពេញ ប៉ុន្តែលោករកមិនបានឡើយ អស់ជាច្រើនថ្ងៃ។ ជាសំណាងល្អ ថ្លៃមួយលោករកការងារបានធ្វើ ប៉ុន្តែការងារនោះ មិនមានប្រាក់ខែឡើយ គឺបានត្រឹមបាយមួយពេលប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោកព្រមធ្វើទាំងក្ដីសង្ឃឹមថា ថ្ងៃណាមួយលោកនឹងអាចឆ្លងផុតសេចក្ដីទុក្ខនោះ។
លោក អូលីវ៉ាគង់ ផ្ដាំផ្ញើទៅយុវជនគ្រប់រូប ឱ្យចាប់ផ្ដើមធ្វើអ្វីដែលខ្លួនស្រឡាញ់ កុំរង់ចាំថាថ្ងៃនេះឬថ្ងៃនោះទៀត ហើយត្រូវតែមានទំនុកចិត្តលើខ្លួនឯង។ លោកក៏ផ្ដាំទៅសាធារណជនផងដែរ សូមកុំបំបាក់ទឹកចិត្តរបស់យុវជន បើសាធារណជន ពុំបានជួយជ្រោមជ្រែងពួកគេ៕

 

Tag:
 សិល្បៈ
 ​ច្នៃម៉ូត
  សម្លៀកបំពាក់
  មហោស្រព
  ទីក្រុងកាន
© រក្សាសិទ្ធិដោយ thmeythmey.com