ជាតិ
សង្គមជាតិ
យុវជនជនជាតិដើមភាគតិចព្នង៣នាក់ នឹងយកចំណេះដឹងទៅអភិវឌ្ឍន៍សហគមន៍ឱ្យរីកចម្រើន
18, May 2024 , 9:59 pm        
រូបភាព
ដោយ៖ ជួន ខ្វិត 
 
ភ្នំពេញ៖ យុវជនជនជាតិដើមភាគតិចព្នង៣នាក់ មកពីខេត្តមណ្ឌលគិរី ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញផ្សេងៗនៅទីក្រុង ហើយប្ដេជ្ញាយកចំណេះដឹងទៅអភិវឌ្ឍន៍​សហគមន៍ខ្លួនវិញ។ ធ្វើដំណើររាប់រយគីឡូម៉ែត្រ យុវជនជនជាតិព្នងទាំង៣នាក់នេះ សម្លឹងឃើញការអប់រំជាមធ្យោបាយតែមួយ សម្រាប់ពួកគេអាចអភិវឌ្ឍន៍ខ្លួន បង្កើនសមត្ថភាព អាចស្វែងរកការងារដ៏ល្អប្រសើរ និងជៀសផុតពីរបរបន្តជំនាន់ ដែលមានតែការធ្វើស្រែចម្ការប៉ុណ្ណោះ។



លោក ច្រឺប ប៊ុនធឿន ជាជនជាតិដើមភាគតិចព្នង ដែលបានបញ្ចប់ការសិក្សាផ្នែកច្បាប់ នៅសាកលវិទ្យាល័យពុទ្ធិកព្រះសីហមុនីរាជា កាលពីឆ្នាំ២០២៣។ ធ្វើដំណើរជាង៥០០​គីឡូ​ម៉ែត្រ ពីភូមិពូរាំង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មករស់នៅទីក្រុងភ្នំពេញ គឺពិតជាមិនងាយស្រួលឡើយ សម្រាប់បុរសជនជាតិភាគតិចរូបនេះ។ បញ្ហាប្រឈមធំបំផុតសម្រាប់ ប៊ុនធឿន គឺថវិកាគេត្រូវចំណាយច្រើនសម្រាប់ការរស់នៅ និងថ្លៃសាលា ស្របពេលឪពុកម្ដាយ ក៏មិនសូវមានធនធានផ្គត់ផ្គង់គ្រប់គ្រាន់ ជាហេតុធ្វើឱ្យគេពិបាក។ 
 
យុវជនជនជាតិដើមភាគតិច ប៊ុនធឿន រៀនបណ្ដើរធ្វើការបណ្ដើរ​ ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ការរស់នៅ និងការសិក្សារយៈពេល៤ឆ្នាំ។ ទោះបីពិបាកយ៉ាងណាក៏ដោយ តែយុវជន ប៊ុនធឿន មិនធ្លាប់គិតចង់បោះបង់ចោលការសិក្សា​ឡើយ ប៉ុន្តែប្ដេជ្ញារៀនឱ្យចប់ ហើយធ្វើការងារដ៏ល្អមួយ។ យុវជនជនជាតិដើមភាគតិចវ័យ២៦ឆ្នាំ ប៊ុនធឿន យល់ថា ការសិក្សា​អប់រំជាស្ពានចម្លងសម្រាប់​ខ្លួន ឱ្យមានសមត្ថភាពអាចធ្វើការងារលើសពីធ្វើស្រែចម្ការ។ 
 
យុវជន ប៊ុនធឿន បានប្រាប់សារព័ត៌មានថ្មីៗថា៖ «មូលហេតុដែលខ្ញុំមកបន្តការសិក្សានៅទីក្រុងភ្នំពេញ ក៏ព្រោះតែងខ្ញុំចង់មានចំណេះដឹងឱ្យបានខ្ពស់ សិក្សាអ្វីដែលថ្មីៗ និងបង្កើនសមត្ថភាពខ្លួនឯង សម្រាប់រកការងា ដែលបានប្រាក់សមរម្យមួយសម្រាប់ខ្លួនឯង​ ជួយគ្រួសារ និងសហគមន៍។ គោលបំណងរបស់ខ្ញុំចង់បណ្ដុះគំនិត ឱ្យយុវជនជនជាតិដើមភាគតិចព្នងដែលបានរៀនចប់បាក់ឌុប ឱ្យមកបន្តការសិក្សាថ្នាក់ឧត្ដម នៅទីក្រុងភ្នំពេញឱ្យបានជាប់ដូចខ្ញុំដែរ ដើម្បីឱ្យសង្គមជាតិរីកចម្រើន»។ យុវជន ប៊ុនធឿន ចង់ធ្វើជាគំរូសម្រាប់យុវជនជនជាតិដើមភាគតិចក្នុងសហគមន៍ឱ្យបន្តសិក្សា និងមានសមត្ថភាពធ្វើការងារដ៏សម្បូរបែបក្នុងសង្គម។ 
 
ងាកមកយុវជនជនជាតិដើមភាគតិចព្នងភូមិភាគឦសាន២នាក់ទៀត លោក ថេ សំបូរ និងលោក ភើង គោក បានជ្រើសរើសរៀនជំនាញកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ រៀនជំនាញកសិកម្ម ក៏ព្រោះពួកគេចង់ស្វែងយល់ឱ្យកាន់តែច្បាស់លើជំនាញមួយនេះដើម្បីចូលរួមអភិវឌ្ឍន៍កសិកម្មក្នុងសហគមន៍ លើសពីការធ្វើកសិកម្មបែបប្រពៃណី។​ យុវជនជនជាតិដើមភាគតិចព្នង លោក ថេ សំបូរ មកពីភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ថាការបន្តការសិក្សានៅភ្នំពេញសម្រាប់លោក គឺមិនងាយស្រួលឡើយ ត្រូវចំណាយច្រើន ពិសេសត្រូវខំរៀនឱ្យខ្លាំង ស្រាវជ្រាវឱ្យច្រើនទើបតាមទាន់គេ។ 

 
យុវជនវ័យ២៣ឆ្នាំរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «មូលហេតុដែលខ្ញុំមកបន្តការសិក្សានៅទីក្រុង ពីព្រោះនៅតាមខេត្តមិនសម្បូរសាលា ដូចនៅទីក្រុង ហើយមានគ្រូមានបទពិសោធន៍ច្រើនឆ្នាំ ជាអ្នកបង្ហាត់បង្រៀន។ ខ្ញុំរើសមុខជំនាញកសិកម្ម ព្រោះម្ដាយឪពុកជាអ្នកធ្វើចម្ការ និងដាំណាំដំឡូង។ គោលបំណងរបស់ខ្ញុំទៅថ្ងៃអនាគតចង់ឱ្យវិស័យកសិកម្មនៅក្នុងភូមិស្រុកបានរីកចម្រើន»។ 
 
សម្រាប់សំបូរ សម្លឹងឃើញថា ការសិក្សាមានចំណេះដឹងខ្ពស់ អាចធ្វើឱ្យគេអាចអភិវឌ្ឍន៍ខ្លួនលឿន និងជួយជីវភាពគ្រួសារផងដែរ។ ចំណែកឯយុវជន ភើង គោក ក៏មិនខុសគ្នាឡើយ គេជ្រើសរៀនជំនាញកសិកម្ម ដើម្បីមានជំនាញ និងបច្ចេកទេសច្បាស់លាស់ ហើយងាកមកពង្រឹងជីវភាពគ្រួសារ ដែលកំពុងធ្វើកសិកម្មស្រាប់។


«ដោយសារតែគ្រួសាររបស់ខ្ញុំគឺជាអ្នកធ្វើចម្ការ ខ្ញុំក៏មកបន្តការសិក្សារើសមុខជំនាញផ្នែកកសិកម្ម។ គោលបំណងរបស់ខ្ញុំទៅថ្ងៃអនាគត ខ្ញុំចង់ក្លាយជាមន្ត្រីជំនាញផ្នែកកសិកម្មមួយរូប។ ព្រោះនៅក្នុងសហគមន៍របស់ខ្ញុំមានអ្នកធ្វើស្រែចម្ការច្រើន និងចង់ចេះដើម្បីជួយសហគមន៍បានរីកចម្រើន»។ នេះជាការលើកឡើងរបស់លោក ភើង គោក៕
 

Tag:
 អប់រំ
 ជនជាតិភាគតិចព្នង
© រក្សាសិទ្ធិដោយ thmeythmey.com