ជាតិ
សង្គមជាតិ
គ្រួសារគ្រូបង្រៀន! អ្នកស្រី យុត ស៊ីណូត បន្តជំរុញកូនឱ្យក្លាយជាគ្រូ
19, May 2024 , 9:40 pm        
រូបភាព
អ្នកស្រី យុត ស៊ីណូត ជាគ្រូបង្រៀនម្នាក់មកពីខេត្តបន្ទាយមានជ័យ ដែលមានកូនស្រីជាបេក្ខជនប្រឡងគ្រូអនុវិទ្យាល័យ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
អ្នកស្រី យុត ស៊ីណូត ជាគ្រូបង្រៀនម្នាក់មកពីខេត្តបន្ទាយមានជ័យ ដែលមានកូនស្រីជាបេក្ខជនប្រឡងគ្រូអនុវិទ្យាល័យ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
ភ្នំពេញ៖ អ្នកស្រី យុត ស៊ីណូត ជាគ្រូបង្រៀនម្នាក់មកពីខេត្តបន្ទាយមានជ័យ ដែលមានកូនស្រីជាបេក្ខជនប្រឡងគ្រូអនុវិទ្យាល័យ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី១៨ឧសភា។ ដោយសារក្រុមគ្រួសារចាប់អាជីពជាគ្រូបង្រៀន អ្នកស្រី យុត ស៊ីណូត ក៏ជំរុញកូនឱ្យក្លាយជាគ្រូដូចអ្នកស្រី និងឪពុករបស់អ្នកស្រី។

 
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានឌីជីថលថ្មីៗ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អ្នកស្រី យុត ស៊ីណូត លើកឡើងថា៖«ខ្ញុំជាគ្រូបង្រៀន ខ្ញុំយល់ថាអាជីពមួយនេះ វាសមរម្យអាចទទួលយកបាន។ ខ្ញុំចង់ឱ្យកូនខ្ញុំស្នងពីខ្ញុំ មុខរបរមួយនេះ វាមានតម្លៃថ្លៃថ្នូរ»។
 
 
បើតាមអ្នកស្រី ស៊ីណូត អាជីពជាគ្រូបង្រៀនមិនបានធ្វើឱ្យជីវភាពធូរធារទេ ប៉ុន្តែមានតម្លៃ។ «សប្បាយចិត្ត រកអ្វីប្រៀបមិនបានទេ ដែលកូនបានឆ្លងកាត់មកដំណាក់កាលទី២នេះ។ ហើយដំណាក់កាលទី២នេះ សម្រាប់នាងខ្ញុំ ទឹកចិត្តជាម្ដាយ សង្ឃឹមថាកូននាងខ្ញុំ នឹងជាប់»។ នេះជាក្ដីរំពឹងរបស់អ្នកស្រី យុត ស៊ីណូត ដែលមានក្ដីសង្ឃឹមលើកូនស្រី ដែលប្រឡងបាក់ឌុបបាននិទ្ទេស A នាពេលកន្លងទៅ។ 
 
កូនស្រីរបស់អ្នកស្រី យុត ស៊ីណូត ស្ថិតក្នុងចំណោមបេក្ខជនចំនួន ១៣៧៩នាក់ ដែលបានប្រឡងជាប់ការជ្រើសរើសគ្រូអនុវិទ្យាល័យដំណាក់កាលទី១។ នៅថ្ងៃនេះ កូនស្រីរបស់អ្នកស្រី និងបេក្ខជនជាង១ពាន់នាក់ទៀត កំពុងប្រកួតប្រជែងគ្នាលើវិញ្ញាសាសរសេរលើកទី២ ដើម្បីសម្រាំងយកបេក្ខជនត្រឹម ៤៤១នាក់ប៉ុណ្ណោះ។
 
សូមបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យដំណាក់កាលទី២ ដែលមានបេក្ខជនចូលរួមចំនួន ១៣៧៩នាក់ ក្នុងនោះមានព្រះសង្ឃ ៩អង្គ និងជនមានពិការភាពចំនួន ៩នាក់ផងដែរ។
 

© រក្សាសិទ្ធិដោយ thmeythmey.com