សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិន​ផ្តើម​ស៊ើប​អង្កេត​​ការ​លក់បង្ខូចថ្លៃ​ប្លាស្ទិក​​នាំចូលពីអាម៉េរិក និង​​អឺរ៉ុប
20, May 2024 , 8:29 pm        
រូបភាព
កម្មករ​ពិនិត្យ​ទំនិញ​អេតចាយ​​ជ័រ​ដែល​នាំ​ចូល​ក្នុង​ក្រុង Xiamen ខេត្ត Fujian។ រូបភាព ៖ Xinhua
កម្មករ​ពិនិត្យ​ទំនិញ​អេតចាយ​​ជ័រ​ដែល​នាំ​ចូល​ក្នុង​ក្រុង Xiamen ខេត្ត Fujian។ រូបភាព ៖ Xinhua
ភាពតានតឹងពាណិជ្ជកម្មរវាងចិន​ជាមួយអាម៉េរិក និងអឺរ៉ុប កំពុងកើនឡើងកម្តៅសារជាថ្មី ខណៈទីក្រុងប៉េកាំងបើកការស៊ើបអង្កេតប្រឆាំងការនាំចូលប្លាស្ទិកពីតំបន់សេដ្ឋកិច្ចធំទាំងពីរនេះ។

 
ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃទី១៩ ខែឧសភា  បានបើកការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃលើប្លាស្ទិកប្រភេទ POM ដែលនាំចូលពីសហភាពអឺរ៉ុប (EU) អាម៉េរិក ជប៉ុន និងតៃវ៉ាន់។ បើតាមក្រសួងពាណិជ្ជកម្មចិនប្លាស្ទិកប្រភេទនេះអាចជំនួសលោហៈមួយផ្នែកដូចជាទង់ដែង និងស័ង្កសី និងផ្នែកជាច្រើនក្នុងការផលិតរថយន្ត គ្រឿងអេឡិចត្រូនិច និងឧបករណ៍វេជ្ជសាស្ត្រ។
 
ការស៊ើបអង្កេតនេះ រំពឹងថានឹងបញ្ចប់ក្នុងរយៈពេលមួយឆ្នាំ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​វេលា​អាច​ត្រូវ​បន្ថែម​រយៈពេល ៦ខែ​ទៀត។
 
គណៈកម្មការអឺរ៉ុប (EC) ដែលជាទីភ្នាក់ងារគ្រប់គ្រងគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបបាននិយាយថា ខ្លួននឹងសិក្សាដោយប្រុងប្រយ័ត្ននូវខ្លឹមសារនៃការស៊ើបអង្កេតមុននឹងសម្រេចចិត្តលើជំហានបន្ទាប់។ 
 
អ្នកនាំពាក្យ EC បាននិយាយថា ៖« យើងរំពឹងថាចិននឹងគោរពតាមបទប្បញ្ញត្តិ និងកាតព្វកិច្ចរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ចំណាត់ការរបស់ចិនកើតឡើងក្នុងបរិបទនៃភាពតានតឹងពាណិជ្ជកម្មជាថ្មីជាមួយអាម៉េរិក និងអឺរ៉ុប។ កាលពីថ្ងៃទី១៤ ខែឧសភា អាម៉េរិកបានប្រកាសដំឡើងពន្ធយ៉ាងខ្លាំងលើយានយន្តអគ្គិសនី បន្ទះឈីបកុំព្យូទ័រ ឧបករណ៍វេជ្ជសាស្ត្រ និងទំនិញផ្សេងទៀតមកពីចិន។ ក្នុងនោះ ​ពន្ធ​លើ​យានយន្ត​អគ្គិសនី​បាន​កើនឡើង​៤​ដង គឺ​ដល់​ជាង​១០០ភាគរយ ។
 
៣ថ្ងៃក្រោយមក សហភាពអឺរ៉ុបបានប្រកាសពីការស៊ើបអង្កេតលើបន្ទះដែកសំណប៉ាហាំងរបស់ចិន ដែលជាផលិតផលទីពីរត្រូវបានស៊ើបអង្កេតសម្រាប់ការលក់បង្ខូចថ្លៃ បន្ទាប់ពីរថយន្តអគ្គិសនីនៅក្នុងខែកញ្ញា ឆ្នាំ២០២៣។
 
ថ្មីៗ​នេះ អាម៉េរិក និង​អឺរ៉ុប​មាន​ការ​ព្រួយ​បារម្ភ​អំពី​ទំនិញចិនច្រើនដ៏ច្រើន​លើស​លប់កំពុងចរាចរពាសពេញពិភពលោក ។ ពួកគេយល់ថា ទីក្រុងប៉េកាំងអាចនាំចេញទំនិញទៅកាន់ពិភពលោកក្នុងតម្លៃថោក ដោយហេតុនេះនឹងគំរាមកំហែងដល់អាជីវកម្មនៅក្នុងសេដ្ឋកិច្ចផ្សេងទៀត។
 
ទីក្រុងប៉េកាំងបដិសេធរឿងនេះ។ មន្ត្រីនៅក្នុងប្រទេសនេះអះអាងថា ការរិះគន់ទាំងនេះមើលស្រាលការច្នៃប្រឌិតរបស់សហគ្រាសចិននៅក្នុងឧស្សាហកម្មសំខាន់ៗ ក៏ដូចជាការបំផ្លើសជុំវិញសារៈសំខាន់នៃការគាំទ្រពីរដ្ឋាភិបាល៕

Tag:
 ចិន
  អាម៉េរិក
  ប្លាស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com