កីឡាជាតិ
ជាតិ
ធីម សៀងហៃ រំភើបចិត្ត បានបង្ហាញខ្លួនលើសង្វៀនគុនខ្មែរ នៅទឹកដីបារាំង
20, May 2024 , 8:59 pm        
រូបភាព
ធីម សៀងហៃ ប្រកួតប្រដាល់លើទឹកដីបារាំង រូបពីហ្វេសប៊ុក ធីម សៀងហៃ
ធីម សៀងហៃ ប្រកួតប្រដាល់លើទឹកដីបារាំង រូបពីហ្វេសប៊ុក ធីម សៀងហៃ
កីឡាករ និងជាគ្រូបង្វឹកប្រដាល់គុនខ្មែរនៅប្រទេសបារាំង ធីម សៀងហៃ មានមោទកភាពជាខ្លាំង ដោយខ្លួននឹងមានវត្តមានប្រកួតក្នុងព្រឹត្តិការណ៍ Kun Khmer Super Fight នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង Bordeaux។ ដ្បិតប្រកួត២០លើកកន្លងមកជាការធ្វើឡើងបែបមួយថៃ កីឡាកររហស្សនាមគ្រូក្មេងគុនខ្មែររូបនេះ អះអាងថាខ្លួន គ្មានអារម្មណ៍សប្បាយចិត្តដូចលើកនេះឡើយ។



កីឡាករ ធីម សៀងហៃ វ័យ២៥ឆ្នាំ បានទៅរស់នៅប្រទេសបារាំង កាលពីឆ្នាំ២០១៩ ដោយថៅកែមួយរូប (សុំមិនបញ្ចេញឈ្មោះ) ធានាឲ្យទៅធ្វើការនៅទីនោះ។ ជាគាប់ជួន មួយខែក្រោយពេលទៅដល់ទឹកដីបារាំង រូបលោក បានស្គាល់ជាមួយ លោក Chhey Albert ម្ចាស់ក្លិបប្រដាល់ The Temple។ លោក Chhey Albert បានចាប់ផ្ដើមបើកក្លិបនេះ រយៈពេលប្រហែល ៨ឆ្នាំ គិតមកដល់ឆ្នាំ២០២៤នេះ ដែលមានទីតាំងនៅទីក្រុង Bordeaux ប្រទេសបារាំង។
 
ជាមួយនឹងការបង្វឹកសិស្សលើទឹកដីបារាំង គ្រូក្មេងគុនខ្មែរ សៀងហៃ បានប្រកួត២០លើក ប៉ុន្ដែស្ទើតែគ្រប់កម្មវិធីប្រដាល់ ត្រូវបានគេស្គាល់ថាជាការប្រដាល់ Muay Thai។ រាល់ការប្រកួត សៀងហៃ តែងពាក់ទង់ជាតិកម្ពុជា ឡើងលើសង្វៀន។ បើទោះជាប្រកួតឈ្នះ កីឡាកររូបនេះ ហាក់បីដូចជាមិនសូវជាមានមោទកភាពខ្លាំងប៉ុន្មានឡើយ ព្រោះការប្រកួតមិនត្រូវបានបរទេសស្គាល់ពីពាក្យ«គុនខ្មែរ»។
 
ដោយឡែក ព្រឹត្តិការណ៍ Kun Khmer Super Fight គឺជាការរៀបឡើងលើកទី២ ដែលមានដាក់ឈ្មោះថាប្រកួតគុនខ្មែរ។ លើកទី១ គឺមានឈ្មោះថា Kun Khmer All Stars។ ប៉ុន្ដែព្រឹត្តិការណ៍ទី១នោះ សៀងហៃ មិនបានចូលរួមប្រកួតទេ ព្រោះទើបតែឈ្នះខ្សែក្រវ៉ាត់ក្នុងព្រឹត្តិការណ៍មួយនៅប្រទេសបារាំង។

ធីម សៀងហៃ ប្រកួតប្រដាល់គុនខ្មែរ លើទឹកដីបារាំង

គ្រូបង្វឹកវ័យ២៥ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា៖«ខ្ញុំ ពិតជាសប្បាយចិត្ត ព្រោះយើងបាននូវភាពជោគជ័យមួយ ឲ្យបរទេស បានស្គាល់ បានឃើញពីក្បាច់គុនយើង។

នៅទីក្រុង Bordeaux សម្បូរបរទេស ដែលចូលចិត្តមើលប្រដាល់ណាស់។ ខ្ញុំ សប្បាយចិត្តខ្លាំង យើងប្រកួតគុនខ្មែរ នៅទឹកដីបរទស។ យើងបង្ហាញពីម្ចាស់ដើម នៃក្បាច់ប្រដាល់នេះ។»។
 
គួរបញ្ជាក់ផងដែរថា ក្រៅអំពីកីឡាករ ធីម សៀងហៃ ក៏មានកីឡាករកម្ពុជាផ្សេងទៀត ត្រៀមប្រកួតនៅទីនោះ មានដូចជា៖ឈឿង ល្វៃ, លន បញ្ញា, កីឡាការិនី ទួន ស្រីភីន, ឃីម បូរ៉ា និង ឈុត សេរីវាន់ថង។ កីឡាករ ឈឿង ល្វៃ ត្រូវប្រកួតជាមួយ Omar Samb ចំណែក លន បញ្ញា ត្រូវប៉ះជាមួយ Oumar Bathily។ រីឯកីឡាការិនី ទួន ស្រីភីន ត្រូវប្រកួតជាមួយ Alexandra Chatenet។ ឃីម បូរ៉ា និង ឈុត សេរីវាន់ថង​ ត្រូវប្រកួតជម្រុះជាមួយកីឡាករបរទេស២រូបផ្សេងទៀត។ ក្នុងលក្ខខណ្ឌ កីឡាករកម្ពុជា ២រូបនេះឈ្នះ ពួកគេ នឹងត្រូវប្រកួតគ្នា ដណ្ដើមរថយន្ត៕

Tag:
 ប្រដាល់គុនខ្មែរ
  ធីម សៀងហៃ
© រក្សាសិទ្ធិដោយ thmeythmey.com