កីឡាអន្តរជាតិ
អន្តរជាតិ
លោក Guardiola ថាខ្លួនកៀកនឹងការចេាកចេញ ពី Man City
20, May 2024 , 5:29 pm        
រូបភាព
លោក ​Pep Guardiola បានលើកឡើងពីការរំពឹងទុកនៃការចាកចេញពីតំណែងនៅក្លិប ​Manchester City បន្ទាប់ពីបានដឹកនាំក្រុមឈ្នះពានរង្វាន់លីគកំពូល Premier League និងលើកទី៤ ជាប់គ្នា មិនធ្លាប់មានក្រុមណាធ្វើបានពីមុនមក។



អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បាននិយាយដូច្នេះថា៖«រឿងដ៏ពិតប្រាកដពេលនេះ គឺខ្ញុំកំពុងខិតជិតនឹងការចាកចេញ ជាងបន្តដឹកនាំ។ យើងបានជជែកជាមួយនឹងក្លិប អារម្មណ៍របស់ខ្ញុំគឺថា ខ្ញុំចង់ស្នាក់នៅបន្តបន្ថែមទៀត ហើយខ្ញុំនឹងនៅបន្តរដូវកាលក្រោយ ដូច្នេះរដូវកាលក្រោយយើងនឹងលើកពីរឿងអនាគតឡើងវិញ។ ប៉ុន្តែ ៨ឆ្នាំ ឬ ៩ឆ្នាំបន្ថែមទៀត យើងនឹងរង់ចាំមើល។»។ 
 
ស្ថិតក្នុងសន្និសីទកាសែត បុរសសញ្ជាតិអេស្ប៉ាញ​ ហាក់បីមិនបង្ហាញពីភាពនឿយហត់របស់លោកក្នុងការកាន់កាប់តំណែងនៅក្លិប​ Man City រយៈពេល ៧ឆ្នាំ ហើយជួយក្រុមឈ្នះពានលីគចំនួន ៦ដង។ ប៉ុន្តែលោក Guardiola បានបង្វែរនិយាយធានាទៅកាន់អ្នកគាំទ្រវិញ ថាលោកនឹងដឹកនាំក្រុមដណ្តើមពានរង្វាន់ FA Cup ឱ្យខាងតែបាន នៅក្នុងជំនួបផ្តាច់ព្រ័ត្រទល់ Manchester United ដែលធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា។
 
ចំពោះសមិទ្ធផលពានរង្វាន់ដ៏ច្រើន ក្នុងរយៈពេល ៧ឆ្នាំ ជាមួយ Man City លោក Guardiola ត្រូវបានគេគិតថាលោកបានក្លាយជាអ្នកចាត់ការដ៏ល្អជាងគេបង្អស់ទាំងនៅអង់គ្លេស និងលើពិភពលោក ប៉ុន្តែបុរសសញ្ជាតិអេស្ប៉ាញ នៅតែបន្តកោតសរសើរដល់ សមិទ្ធផលរបស់លោក Sir Alex Ferguson នៅតែជាអ្នកចាត់ការដ៏ជោគជ័យបំផុតក្នុងពិភពបាល់ទាត់។ 
 
លោក Guardiola ក៏សរសើរដល់លោក Mikel Arteta អ្នកចាត់ការក្រុម Arsenal ចំពោះភាពប្រកួតប្រជែងក្នុងរដូវកាលនេះ រួមទាំងលោក Jurgen Klopp ផងដែរ។ ចំពោះការចាកចេញរបស់លោក ​Jurgen Klopp ពី Liverpool ធ្វើឱ្យ លោក Guardiola បានផ្តល់ការគោរពលើការសម្រេចចិត្ត និងកិត្តិយស ហើយថាបុរសសញ្ជាតិអាល្លឺម៉ង់ បានរួមចំណែកផ្តល់ការប្រកួតប្រជែងដ៏អស្ចារ្យមួយក្នុងអាជីពដឹកនាំក្នុងប្រទេសអង់គ្លេស។
 
«ខ្ញុំនឹងនឹកគាត់ខ្លាំងណាស់ ព្រោះថារូបគាត់គឺជាផ្នែកដ៏សំខាន់មួយក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំពិតជាចង់និយាយថាអរគុណខ្លាំងណាស់ចំពោះការងាររបស់គាត់។ គាត់បានជួយក្រុមជាមួយនឹងក្រុមរបស់គាត់ គាត់បានរួមចំណែកយ៉ាងខ្លាំងសម្រាប់ការប្រកួតប្រជែងក្នុងជីវិតរបស់ខ្ញុំ ជាមួយគាត់ រឿងឃ្លាតពីគ្នា ពិតជាពិបាកខ្លាំងណាស់។»។ នេះបើតាមការបន្ថែមរបស់លោក Guardiola ចំពោះការចាកចេញរបស់លោក Klopp។
 
Man City ឈ្នះជើងឯក ដោយឈរកំពូលតារាងមាន ៩១ពិន្ទុ ប្រជែងឈ្នះក្រុម Arsenal នៅចំណាត់ថ្នាក់លេខ ២ មាន ៨៩ពិន្ទុ ហើយប្រជែងគ្នារហូតដល់សប្តាហ៍ចុងក្រោយ ដើម្បីស្វែងរកជើងឯក។ Liverpool ឈរនៅចំណាត់ថ្នាក់លេខ ៣ មាន ៨២ពិន្ទុ៕

Tag:
 Pep Guardiola
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com