កីឡាជាតិ
ជាតិ
AFF នឹងចាប់ឆ្នោតការប្រកួត ASEAN Mitsubishi Cup 2024 នៅរសៀលថ្ងៃទី២១ ឧសភា
21, May 2024 , 10:19 am        
រូបភាព
ព្រឹត្តិការណ៍បាល់ទាត់ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup ដែលទើបប្តូរឈ្មោះថ្មីទៅជា ASEAN Mitsubishi Electric Cup នឹងចាប់ឆ្នោតរើសពូលនៅរសៀលថ្ងៃទី២១ ខែឧសភា សម្រាប់ការប្រកួតប្រជែងក្នុងឆ្នាំ ២០២៤។



សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) នឹងចាប់ឆ្នោតរើសពូលការប្រកួត ASEAN Mitsubishi Electric Cup 2024 នៅវេលាម៉ោង២ រសៀល នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ការប្រកួត ASEAN Mitsubishi Electric Cup ឆ្នាំ ២០២៤ ជាព្រឹត្តិការណ៍លើកទី១៥ ដែលមាន១០ប្រទេស នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែធ្នូ។ 
 
ក្នុងការចាប់ឆ្នោតនេះ មាន៥ក្រឡ ក្នុងមួយក្រឡមាន២ក្រុម ដោយត្រូវចែលជាពីរពូល ក្នុងមួយពូលមាន៥ក្រុម ក្នុងនោះក្រុមជម្រើសជាតិកម្ពុជាស្ថិតនៅក្រឡទី៤ជាមួយមីយ៉ាន់ម៉ា។

ក្រឡទី១មានថៃ​ ជាមួយវៀតណាម ក្រឡទី២ ឥណ្ឌូណេស៊ីជាមួយម៉ាឡេស៊ី ក្រឡទី៣ ហ្វីលីពីនសិង្ហបុរី និងក្រឡទី៥ ឡាវ ជាមួយ ទីម័រខាងកើត ឬព្រុយណេ។ ទីម័រខាងកើត និងព្រុយណេ ​នឹងត្រូវប្រកួតជម្រុះដើម្បីដើម្បីយកមួយកៅអី បង្គ្រប់១០ក្រុម។
 
ព្រឹត្តិការណ៍បាល់ទាត់ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ នេះធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ដោយលើកដំបូងនៅឆ្នាំ១៩៩៦។ ចាប់ពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០២០ ព្រឹត្តិការណ៍នេះ មានឈ្មោះ AFF Suzuki Cup ដ្បិតក្រុមហ៊ុន Suzuki ជាម្ចាស់ឧបត្ថម្ភ។ នៅឆ្នាំ ២០២២ AFF បានប្រកាសអ្នកឧបត្ថម្ភថ្មីពីក្រុមហ៊ុន Mitsubishi ដោយត្រូវប្តូរឈ្មោះទៅ AFF Mitsubishi Electric Cup មុនប្តូរចុងក្រោយទៅ ASEAN Mitsubishi Electric Cup នៅឆ្នាំ២០២៤នេះ។
 
ថៃ ជាម្ចាស់ការពារតំណែងជើងឯក និងជាជើងឯកច្រើនជាងគេចំនួន៧លើក តាមពីក្រោយដោយសិង្ហបុរី៤លើក វៀតណាម២លើក​ និងម៉ាឡេស៊ី១លើក៕

Tag:
 ASEAN Mitsubishi Cup
© រក្សាសិទ្ធិដោយ thmeythmey.com