ជាតិ
កម្ពុជា​ ត្រៀមខ្លួនសហការជាមួយអន្តរជាតិ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ
23, May 2024 , 1:59 pm        
រូបភាព
 លោក សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងកិច្ចពិភាក្សាការងារជាមួយ លោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសអៀរឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី២១ ឧសភា នៅទីស្តីការក្រសួងបរិស្ថាន។ រូបភាព៖ ក្រសួងបរិស្ថាន
លោក សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងកិច្ចពិភាក្សាការងារជាមួយ លោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសអៀរឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី២១ ឧសភា នៅទីស្តីការក្រសួងបរិស្ថាន។ រូបភាព៖ ក្រសួងបរិស្ថាន
ការប្រែប្រួលអាកាសធាតុ ជាពិសេសការកើនឡើងកម្ដៅ បានជិះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍជាតិ សុខភាពមនុស្ស សត្វ ជីវចម្រុះ និងធនធានធម្មជាតិ ទូទាំងពិភពលោក។ កម្ពុជាបានដឹងពីផលប៉ះពាល់ជាអវិជ្ជមាននៃវិបត្តិសកលមួយនេះ ដោយបានប្រកាស​ត្រៀមខ្លួន សហការជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបនឹងបញ្ហានេះ។



ក្នុងកិច្ចពិភាក្សាការងារជាមួយ លោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសអៀរឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី២១ ឧសភា លោក សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា​ កំណើនកម្ដៅខ្ពស់នៅរដូវប្រាំង ឆ្នាំ២០២៤នេះ គឺជាភស្តុតាងបញ្ជាក់អំពីផលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយសកម្មភាពមនុស្ស។ បញ្ហាបរិស្ថាន គឺគ្មានព្រំដែន និងទាមទារឲ្យមានកិច្ចសហប្រតិបត្តិការជាសកល។ 
 
រដ្ឋ​មន្រ្តីបរិស្ថានរូបនេះ បានប្រាប់ទៅកាន់លោកស្រី Ní Fhallúin ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយសហគមន៍អន្តរជាតិ ដៃគូ ដើម្បីឆ្លើយតបនឹងបញ្ហានេះ។ ក្នុងនោះដែរកម្ពុជា ក៏បានរៀបចំនូវផែនការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុយ៉ាងច្បាស់លាស់ គឺយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។
 
ក្នុងសន្និសីទកំពូលអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម កាលពីថ្ងៃទី៩ ខែធ្នូ លោក អ៊ាង សុផល្លែត បានលើកឡើងថា កម្ពុជាបានដឹងពីភាពងាយរងគ្រោះ និងផលប៉ះពាល់ជាអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ។ ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍ពិភពលោក កម្ពុជាប្តេជ្ញាដើរតួនាទីសំខាន់ ក្នុងការដោះស្រាយគ្រោះអាសន្នអាកាសធាតុបន្ទាន់ ទោះបីខ្លួនបញ្ចេញឧស្ម័នទាបក៏ដោយ។
 
ក្នុងកិច្ចការងាដោះស្រាយបញ្ហាអាកាសធាតុនេះ កម្ពុជាការយកចិត្តទុកដាក់លើការបង្កើនកាបូនស្តុក តាមរយៈការបង្កើនគម្របព្រៃឈើឱ្យបាន៦០ភាគរយ។ ក្នុងនោះដែរ ក្រសួងបរិស្ថាន បានរួមចំណែកដាក់ចេញយុទ្ធនាការដាំដើមឈើយ៉ាងហោចណាស់១លានដើម ក្នុងមួយឆ្នាំ ព្រមទាំងពង្រឹងការការពារព្រៃឈើឱ្យកាន់តែមានប្រសិទ្ធភាព ផងដែរ។
 
បន្ថែមពីលើនេះ កម្ពុជាបានជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ(renewable energy) ឱ្យបាន៧០ភាគរយ នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្នកម្ពុជាមានថាមពលស្អាតរហូតដល់ ៦២ភាគរយ រួចហើយ។ ជាមួយគ្នានេះ កម្ពុជាក៏បានលុបចោលគម្រោងថាមពលធ្យូងថ្មក្នុងស្រុក៧០០MW ផងដែរ។ 
 
តាមរយៈលោក អ៊ាង សុផល្លែត កម្ពុជាបានប្ដេជ្ញាចិត្ត និងដាក់ចេញយុទ្ធសាស្រ្តរយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដើម្បីការពារកុំឱ្យសីតុណ្ហភាពកើនឡើង លើសពីកម្រិតនៃ១,៥ អង្សាសេ។
 
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ក៏បានជំរុញដល់សហគមន៍អន្តរជាតិកៀរគរមូលនិធិអាកាសធាតុបៃតង (GCF) ឱ្យបាន ១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ព្រមទាំងបង្កើនថវិកាសម្រាប់ មូលនិធិអាកាសធាតុផ្សេងទៀត ដូចជា មូលនិធិបន្ស៊ាំ(adaptation fund), មូលនិធិនៃការ បាត់បង់ និងខូចខាត(Loss and damage Fund ) ព្រមទាំងមូលនិធិសម្រាប់ប្រព័ន្ធស្បៀងជាដើម ដើម្បីទប់ទល់នឹងវិបត្តិអាកាសធាតុផងដែរ។ 
 
ចាប់ពីខែមីនា ដល់ដើមខែឧសភា កម្ពុជានិងប្រទេសក្នុងតំបន់ បានរងការកើនឡើងកម្ដៅខ្លាំង រហូតដល់៤០ទៅ៤២អង្សា។ ការ​កើនឡើងកម្ដៅនេះ បណ្ដាលមកពីបាតុភូត អែលនីញ៉ា ដែលវាយប្រហារទូទាំងពិភពលោក ក្នុងនោះ តំបន់អាស៊ី រងគ្រោះខ្លាំងជាងគេ។
 
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា ផែនដីបានកើនឡើងជារៀងរាល់ឆ្នាំ ដោយក្នុង១ឆ្នាំជាមធ្យមអាចកើនក្នុងរង្វង់០,៣ ឬ០,៥ អង្សា។ ដោយឡែកឆ្នាំ២០២៤នេះវិញ កម្ដៅហក់ឡើងដល់១,៣៧អង្សា ដែលខ្ពស់ខ្លាំងធៀបនឹងមធ្យមភាគរាល់ឆ្នាំ៕

Tag:
 ក្រសួងបរិស្ថាន
  ការប្រែប្រួលអាកាសធាតុ
  អ៊ាង សុផល្លែត
© រក្សាសិទ្ធិដោយ thmeythmey.com