កីឡាជាតិ
ជាតិ
កម្ពុជា ឈ្នះមេដាយប្រាក់៤ និងសំរឹទ្ធិ១០ ពីជើងឯកវាយសីយុវជនអាស៊ីអាគ្នេយ៍ នៅឡាវ
27, May 2024 , 8:29 pm        
រូបភាព
កម្ពុជា ដណ្តើមបានមេដាយ១៤ ក្នុងនោះប្រាក់៤ និងសំរឹទ្ធិ១០ ក្នុងការប្រកួតវាយសីជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ (Badminton Asia Southeast Asia Regional Junior Championships 2024) នៅប្រទេសឡាវ។



សហព័ន្ធកីឡាវាយសីអាស៊ី (BA) បានរៀបចំព្រឹត្តិការណ៍កីឡាវាយសីយុវជនអាស៊ីអាគ្នេយ៍ នៅក្រុងវៀងច័ន្ទ ប្រទេសឡាវ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយមានអត្តពលិកមកពី៥ប្រទេសចូលរួម មានដូចជាម្ចាស់ផ្ទះឡាវ មីយ៉ាន់ម៉ា ទីម័រខាងកើត ព្រុយណេ និងកម្ពុជា។
 
កម្ពុជា ដែលបញ្ជូនកីឡាករ៤រូប និងកីឡាការិនី៤រូប ទៅចូលរួមប្រកួតប្រជែង ដណ្តើមបានមេដាយប្រាក់៤ និងសំរឹទ្ធិ១០ សរុប១៤ ពីព្រឹត្តិការណ៍នេះ។ បើតាមការបញ្ជាក់របស់លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា ក្នុងចំណោមមេដាយទាំង១៤ ក្រុមយុវជនអាយុក្រោម១៧ឆ្នាំ U17 ដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធិ៤ ស្របពេលក្រុមអាយុក្រោម១៥ឆ្នាំ U15 ដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធិ៥។  ដោយឡែក ក្នុង​វិញ្ញាគូ ក្រុម U15 ឈ្នះ​បាន​មេដាយ​ប្រាក់​១ និង​ក្រុម U17 ឈ្នះ​បាន​មេដាយ​សំរឹទ្ធិ​១។



បើតាមការផ្សាយរបស់វេបសាយ Olympiccambodia លោក ជាម សុភា បានចាត់ទុកលទ្ធផលនេះជាសមិទ្ធផលវិជ្ជមានសម្រាប់កីឡាករ-ការិនីយុវជន កីឡាវាយសីកម្ពុជា បើទោះមិនទទួលបានមេដាយមាសក៏ដោយ។
 
«ដោយសារ​កីឡាករ​ភាគច្រើន​ជា​កីឡាករ​វ័យក្មេង ទើប​បាន​ចូលរួម​ការប្រកួត​អន្តរជាតិ​លើកដំបូង ហើយ​មាន​អាយុ​ក្មេង​ជាង​ការកំណត់​។ ដូច្នេះ នេះជាបទពិសោធន៍ដ៏ល្អសម្រាប់ពួកគេក្នុងការអភិវឌ្ឍខ្លួន ដើម្បីឈានទៅកម្រិតខ្ពស់មួយក្នុងអាជីពកីឡាវាយសីរបស់ពួកគេ»។ នេះជាការបញ្ជាក់របស់អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា៕

Tag:
 កីឡាវាយសី
© រក្សាសិទ្ធិដោយ thmeythmey.com