ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​កូកា-កូឡា​កម្ពុជា ផ្តល់​ប្រព័ន្ធ​ស្រោច​ស្រព​ប្រើ​ប្រាស់​ថាមពល​ពន្លឺ​ព្រះ​អាទិត្យជូន​ក្រសួង​បរិស្ថាន​ សម្រាប់​ថ្នាល​បណ្តុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា
13, Jun 2024 , 4:59 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤៖ ក្រសួងបរិស្ថាន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនកូកា-កូឡាកម្ពុជា ស្ដីពី «ការផ្តល់ជូនប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពល​ពន្លឺព្រះអាទិត្យ សម្រាប់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា»។ ប្រព័ន្ធស្រោចស្រព​នេះមានសមត្ថភាពស្រោចស្រពកូនឈើ បានជាងមួយលានដើមក្នុងមួយឆ្នាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដើមឈើរបស់សាធារណៈជន ក៏ដូចជាលើកស្ទួយឲ្យកម្ពុជាបង្កើនគម្របបៃតងកាន់តែច្រើនផងដែរ។
 
ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នេះ គឺជាថ្នាលដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិ ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ការបង្កើតថ្នាលបណ្តុះកូនឈើនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលមានគោលបំណងលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការថែទាំ និងការការពារធនធានធម្មជាតិរបស់កម្ពុជា ដើម្បីជួយឲ្យកម្ពុជាអាចសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូនដែលមានគម្របព្រៃឈើ ៦០ ភាគរយត្រឹមឆ្នាំ ២០៥០។
 
ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះបានធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន ដោយមានសក្ខីភាពរបស់ លោក​​​ អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក ចូសេប ហូ​  អគ្គនាយកប្រតិបត្តិ​ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា)។
 


លោក​ អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដែលផ្ដល់ប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនេះ ដែលនឹងរួមចំណែកជួយដល់ការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព សំដៅជួយឲ្យកម្ពុជាអាចបោះជំហានទៅមុខមួយជំហានទៀត ឆ្ពោះទៅសម្រេចឲ្យបាននូវគោលដៅអព្យាក្រឹតកាបូន»។ 
 
រដ្ឋមន្ត្រីក្រសួងបរិស្ថាន រូបនេះបានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រសួងបរិស្ថាន រៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នៅមុខទីស្តីការក្រសួងបរិស្ថាន សម្រាប់ការដាក់តាំងបង្ហាញនិងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។ ការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់ឱ្យកិច្ចការពារថែរក្សា និងអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព នឹងជំរុញដំណើរកម្ពុជាឆ្ពោះទៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០។
 


លោក ចូសេប ហូ​  អគ្គនាយកប្រតិបត្តិ​ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនកូកា-កូឡាកម្ពុជាយើងខ្ញុំ សូមកោតសរសើរដល់ការដឹកនាំរបស់ក្រសួងបរិស្ថាន ដែលបានបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបង្អស់នេះឡើង។ ការផ្ដល់ប្រព័ន្ធស្រោចស្រពជូនក្រសួងបរិស្ថាននេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនយើងខ្ញុំ ក្នុងការចូលរួមការពារភពផែនដីរបស់យើង។ ក្រុមហ៊ុនយើងខ្ញុំបាននិងកំពុងខិតខំប្រឹងប្រែងចូលរួមកាត់បន្ថយ​ការបំភាយឧស្ម័នកាបូនិក (CO2) ពីប្រតិបត្តិការ និងខ្សែច្រវាក់តម្លៃរបស់យើង ដែលជាសកម្មភាពមួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់ក្រុមហ៊ុនមេរបស់យើងគឺ ស្វាយអឺ កូកា-កូឡា លីមីធីត។ គំនិតផ្តួចផ្តើមនេះ នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តឲ្យសហគមន៍មូលដ្ឋាន និងប្រទេសកម្ពុជាទាំងមូលចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ យើងខ្ញុំមានកិត្តិយស ដែលមានឱកាសធ្វើការសហការជាដៃគូយូរអង្វែងជាមួយក្រសួងបរិស្ថាន និងអាចរួមចំណែក​ធ្វើឲ្យកម្ពុជាកាន់តែមានភាពបៃតង និងជាឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់។»
 
ស្រដៀងគ្នាដែរ​ កាល​ពីដើម​ឆ្នាំ២០២៣ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បាន​ប្រគល់ប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ​សម្រាប់ថ្នាល​បណ្តុះកូន​ឈើ​នៅ​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ ក្នុង​ខេត្ត​កំពង់ស្ពឺ និងនៅឆ្នាំ២០២១ ក្រុមហ៊ុនបានផ្ដល់ប្រព័ន្ធអណ្តូងទឹកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ មួយឈុតសម្រាប់ទីតាំងថ្នាលបណ្តុះកូនឈើរបស់អាជ្ញាធរអប្សរា ក្នុងខេត្តសៀមរាប។
 


ដើម្បីស្វែងយល់បន្ថែមអំពីគម្រោងបរិស្ថានរបស់ក្រសួងបរិស្ថាន សូមចូលទៅកាន់ www.moe.com.kh។ ដើម្បីស្វែងយល់បន្ថែមអំពីគម្រោងចីរភាពរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា សូមចូលទៅកាន់គេហទំព័ររបស់យើង
 
អំពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)
 
ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រោងចក្រដ៏ទំនើបរបស់យើង (សម្ពោធដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០១៦) មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចឈានមុខគេមួយនៅរាជធានីភ្នំពេញ។ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០ ភាគរយរបស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា លីមីធីត ដែលជាក្រុមហ៊ុនដៃគូផលិតនិងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី ៥ លើពិភពលោកផ្អែកលើបរិមាណនៃក្រុមហ៊ុន The Coca-Cola Company ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុន The Coca-Cola Company នៅកម្ពុជា វៀតណាម ចិនដីគោក និងប៉ែកខាងលិចនៃសហរដ្ឋអាមេរិក។ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ផលិតភេសជ្ជៈចំនួន ១៨ មុខមាន ៩ ម៉ាកផលិតផល (9 Brands)៖ កូកា-កូឡា ស្រ្ពៃ ហ្វាន់តា ស្វេប ដាសានី ហ្វ្យូសធី អាឃ្វ័ររៀស ថាំស៍អាប់ឆាច សាំម៉ូរ៉ៃ (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius, Thums Up Charged, Samurai) ដែលក្នុងនោះចែកចេញជា6ប្រភេទ រួមមាន ភេសជ្ជៈមានជាតិហ្គាស (Sparkling) តែ (Tea) ភេសជ្ជៈប៉ូវកំលាំង (Energy Drinks) ទឹក(Water) ភេសជ្ជៈបំពេញជាតិទឹក (Isotonic) និងភេសជ្ជៈជំនួយរាងកាយនិងស្មារតី (Invigorating) ដែលកំពុងផ្គត់ផ្គង់ដល់អតិថិជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កូកា-កូឡាកម្ពុជា មានបុគ្គលិកប្រមាណជាង ៨៣០ នាក់ កំពុងបំពេញការងារដោយផ្ទាល់ និងប្រមាណជាង ៨.០០០ នាក់ទៀតបំពេញការងារដោយប្រយោល នៅទូទាំងប្រទេស។ ក្រុមហ៊ុនពិតជាមានមោទនភាព ដែលមានបុគ្គលិកជាជនជាតិខ្មែរលើសពី ៩៩,៧ ភាគរយដែលក្នុងនោះ ស្ត្រីជាង ៦០ ភាគរយហើយស្ត្រីកាន់តួនាទីក្នុងគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនមានរហូតដល់ទៅ ៣៧ ភាគរយ ។ ក្រុមហ៊ុនប្តេជ្ញានឹងលើកកម្ពស់ស្ត្រី ដើម្បីសម្រេចឱ្យបានចំនួនបុគ្គលិកជាស្ត្រី ៥០ ភាគរយនៅត្រឹមឆ្នាំ ២០៣០ ។ រាល់សកម្មភាពរបស់ក្រុមហ៊ុនតែងតែផ្សារភ្ជាប់ជាមួយគោលដៅចីរភាពជានិច្ច។ នៅឆ្នាំ ២០៣០ យើងមានគោលដៅប្រមូលកែច្នៃដបប្លាស្ទិក ឬកំប៉ុងឱ្យបាន ១០០ ភាគរយស្មើនឹងចំនួនសំបកវេចខ្ចប់ផលិតផលដែលបានលក់ចេញ និងប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញឱ្យបាន ៥០ ភាគរយនៃសំបកវេចខ្ចប់ផលិតផលរបស់យើង។ យើងប្តេជ្ញារក្សាភាពស្រស់បំព្រងនៃធម្មជាតិ និងផ្តល់ជូនសហគមន៍វិញនូវទឹកដែលយើងបានប្រើប្រាស់ក្នុងភេសជ្ជៈ និងក្នុងច្រវ៉ាក់ផលិតកម្ម។ យើងកំពុងបំពេញបេសកកម្មផ្តល់ និងរក្សាធនធានទឹក នៅគ្រប់ទីកន្លែងដែលយើងធ្វើអាជីវកម្ម ពោលគឺទីតាំងផលិតធាតុផ្សំ និងទីតាំងទាំងឡាយណាដែលជាផ្នែកពាក់ព័ន្ធនៃអាជីវកម្មរបស់យើង។
 
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd
 
(អត្ថបទពាណិជ្ជកម្ម)
 










© រក្សាសិទ្ធិដោយ thmeythmey.com