កីឡាជាតិ
ជាតិ
សាលី អូម៉ើត ស្នើទិញម៉ូតូទឹកថ្មីសម្រាប់ជម្រើសជាតិកម្ពុជា ដើម្បីប្រជែងពានអាស៊ី និងពិភពលោក
14, Jun 2024 , 11:40 am        
រូបភាព
សាលី អូម៉ើត ឡើងទទួលរង្វាន់ រូបពី Jet Ski World Series
សាលី អូម៉ើត ឡើងទទួលរង្វាន់ រូបពី Jet Ski World Series
កីឡាករ សាលី អូម៉ើត ស្នើឲ្យទិញម៉ូតូទឹកថ្មីសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ព្រោះម៉ូតូទឹកប្រើប្រាស់បច្ចុប្បន្នចាស់ៗ និងមានបញ្ហាខូចញឹកញាប់។ កីឡាករប្រណាំងម៉ូតូទឹករូបនេះ បញ្ជាក់ថានេះ ជាបញ្ហាក្រុមជម្រើសជាតិ ក្នុងការប្រកួតដណ្ដើមពានរង្វាន់អន្ដរជាតិនានា ជាពិសេសពានរង្វាន Asian Championship និង ពានរង្វាន់ Jet Ski World Series។



សាលី អូម៉ើត និងកីឡាករ៤រូបផ្សេងទៀត បានញ្ចប់បេសកកម្ម ក្នុងព្រឹត្តិការណ៍ Asian Championship នៅទីក្រុង Osaka ប្រទេសជប៉ុន កាលពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤។ ត្រឡប់មកដល់ទឹកដីកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា នៅព្រលានយន្ដហោះភ្នំពេញអន្ដរជាតិ អូម៉ើត បានប្រាប់ថា កីឡាករកម្ពុជា សុទ្ធតែមានសមត្ថភាព ប៉ុន្ដែជាឧបសគ្គ គឺម៉ូតូទឹក ដែលពួកគេកំពុងប្រើប្រាស់ សុទ្ធតែចាស់ និងមានបញ្ហាក្នុងការប្រកួតអន្ដរជាតិជាញឹកញាប់ ដែលបណ្ដាលឲ្យក្រុមការងារបច្ចេកទេស និងជាងរវល់ចំពោះការជួសជុលអំឡុងពេលប្រកួត។ ម្ចាស់មេដាយមាសស៊ីហ្គេម រូបនេះ បានស្នើទៅប្រធានក្លិបម៉ូតូទឹក Flamingo នៅប្រទេសថៃ ដើម្បីទិញម៉ូតូថ្មី ព្រោះត្រូវត្រៀមសម្រាប់ការប្រកួតអន្ដរជាតិនានា។ ជាពិសេស សាលី អូម៉ើត បានដាក់គោលដៅដណ្ដើមយក ពានរង្វាន់ Asian Championship និងពានរង្វាន់ Jet Ski World Series។
 
កីឡាករម៉ូតូទឹករូបនេះ បាននិយាយថា៖ «ខ្ញុំ យល់ថាម៉ូតូរបស់កីឡាករយើង ប្រើសព្វថ្ងៃនេះ គឺវាសេរីចាស់ណាស់ទៅហើយ។ ម៉ូតូទាំងនេះ យើងប្រកួតនៅសហរដ្ឋអាមេរិក ហើយនៅទ្វីបអាស៊ីនេះ។ ម៉ូតូនេះ មានអាយុកាលវាយូឆ្នាំហើយ សេរីវាចាស់ ហើយពេលប្រកួតយើងមានភាពរអាក់រអួល ហើយម៉ាស៊ីនវាមានបញ្ហា ចំណែកជាងប្រឹងធ្វើមិនបានដេកពួន។ នេះ ជាឧបសគ្គរបស់យើង។ ខ្ញុំ បានស្នើរទៅម្ចាស់ក្លិប ដើម្បីទិញម៉ូតូថ្មីឲ្យក្រុមជម្រើសជាតិ។ ខ្ញុំ ចង់យកពាន់ Asian Championship និង World Series មកកាន់ទឹកដីកម្ពុជាយើង។»។
 
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ កីឡាករ សាលី អូមើត រួមទាំងកីឡាករ៤រូបផ្សេងទៀត បានត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីក្រុមជម្រើសជាតិម៉ូតូទឹកនេះ បានបញ្ចប់បេសកកម្ម ក្នុងព្រឹត្តិការណ៍ Asian Championship នៅទីក្រុង Osaka ប្រទេសជប៉ុន កាលពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤។ 
 
បេសកកម្មនេះ កីឡាករកម្ពុជា បានសម្រេចលទ្ធផលដូចជា សាលី អូម៉ើត ដណ្ដើមបានជ័យលាភីលេខ១ វិញ្ញាសា Sport GP ចំណែក សាលី ហ្វីលីន ដែលជាប្អូន ដណ្ដើមបានលេខ១ លើវិញ្ញាសា Expert Runabout 1100 Stock។ រីឯ មីន អូស្មាន់ ឈ្នះជ័យលាភីលេខ១ និង កៃ វ៉ាន់ស៊ីដែន ចំណាត់ថ្នាក់លេខ២ លើវិញ្ញាសា Novice Ski Stock ខណៈ កីឡាករ មីន ម៉ូស្ដាន់ ដណ្ដើមបានចំណាត់ថ្នាក់លេខ៣ វិញ្ញាសា Novice Runabout 1100 Open។
 
សាលី អូម៉ើត ប្រធានក្រុមជម្រើសជាតិម៉ូតូទឹក ចាត់ទុកថានេះជាសមិទ្ធផលល្អ ព្រោះកីឡាករកម្ពុជា ៥នាក់នេះ សុទ្ធតែឆ្លងកាត់វគ្គជម្រុះជាមួយកីឡាករម្ចាស់ផ្ទះជាច្រើន ដើម្បីបានលទ្ធផលនេះ។
 
«លទ្ធផល ដែលយើងទទួលបាន គឺល្អមែនទែន។ យើង បញ្ជូនកីឡាករទៅតិចមែនទែន ព្រោះយើងត្រូវប្រកួតជម្រុះសិន មុនឡើងប្រកួតបន្ដ  ហើយកីឡាករយើង ៥នាក់ សុទ្ធតែទទួលបានលទ្ធផលល្អទាំងអស់។ សម្រាប់ខ្ញុំផ្ទាល់ ពិតជាសប្បាយចិត្តមែនទែន ដោយសារកីឡាករយើង ធ្វើបានល្អ។»។ ប្រធានក្រុមរូបនេះ បាននិយាយដូច្នេះ។
 
បើទោះជាមានសមិទ្ធផលល្អ សាលី អូម៉ើត នៅតែបន្ដជំរុញឲ្យកីឡាករជម្រើសជាតិ និងកីឡាករក្មេងៗ ប្រឹងប្រែងហ្វឹកហាត់ ដើម្បីស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។
 
សាលី អូម៉ើត បាននិយាយប្រាប់ថា៖«ពួកយើង នឹងពង្រឹងសមត្ថភាព ហើយខ្ញុំនឹងស្នើរទៅម្ចាស់ក្លិប ដើម្បីចូលរួមគ្រប់កម្មវិធីប្រកួតទៅតាមប្រទេសណាដែលរៀបចំ ដើម្បីឲ្យកីឡាករយើង បានពង្រឹងសមត្ថភាព និងត្រៀមចូលរួមស៊ីហ្គេម និងព្រឹត្តិការណ៍នានា។ ប្រទេសថៃ គឺជាប្រទេសដំបូងគេបង្អស់ ក្នុងអាស៊ីបង្កើតកីឡាម៉ូតូទឹកនេះ ហើយពួកគេមានជាង និងកីឡាករខ្លាំងៗ។ អ៊ីចឹង យើងមិនអាចធ្វេសប្រហែសបានទេ។»៕ 

Tag:
 ម៉ូតូទឹក
  សាលី អូម៉ើត
© រក្សាសិទ្ធិដោយ thmeythmey.com