កីឡាជាតិ
ជាតិ
ធន់ រិទ្ធី ប្តូរយុទ្ធសាស្ត្រវាយសម្រុកនឹង សៃ យុគ ក្នុងជំនួបលើកទី៣ នៅទឹកដីបន្ទាយមានជ័យ
14, Jun 2024 , 4:32 pm        
រូបភាព
ធន់ រិទ្ធី និង សៃ យុគ
ធន់ រិទ្ធី និង សៃ យុគ
អ្នកលេងអំបោះឆៅ ធន់ រិទ្ធី ប្ដេជ្ញានឹងវាយសម្រុក ហើយនឹងមិនថយដូចជំនួបពីមុន ក្នុងការប្រកួតជាមួយ សៃ យុគ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ The Battle of King នៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ ធន់ រិទ្ធី ប្ដេជ្ញាដូច្នេះ ដោយសារលទ្ធផលស្មើ ក្នុងជំនួបជាមួយ សៃ យុគ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បង្កើតអារម្មណ៍មិនអស់ចិត្ត និងចង់វាយជាលើកទី៣ សម្រេចយកឈ្នះចាញ់តែម្ដង។ ជំនួបលើកទី៣នេះ អ្នកលេងអំបោះឆៅរូបនេះ និយាយថាជាលើកចុងក្រោយសម្រាប់ខ្លួនជួប សៃ យុគ មិនថាលទ្ធផល ឈ្នះ ចាញ់ ឬស្មើឡើយ ក៏ រិទ្ធី មិនប្រកួតជាលើកទី៤ ដែរ។



ធន់ រិទ្ធី ធ្លាប់ជួប សៃ យុគ ២លើករួចមកហើយ ដោយលើកទី១ ចាញ់ សៃ យុគ នៅប្រទេសថៃ និងលើកទី២ ស្មើ នៅកម្ពុជា។ ក្រោយប្រកួតស្មើកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ កីឡាករកម្ពុជារូបនេះ តែងចង់ប្រកួតម្ដងទៀត។ នៅថ្ងៃទី១៦ ខែមិថុនា ធន់ រិទ្ធី នឹងបានប្រកួតជាមួយ សៃ យុគ ដូចអ្វីដែលខ្លួនទន្ទឹងរងចាំ។
 
ក្នុងជំនួបលើកទី២ ធន់ រិទ្ធី ត្រូវបានអ្នកគាំទ្រប្រដាល់កម្ពុជា រិះគន់យ៉ាងចាស់ ដៃព្រោះ រូបគេ ព្យាយាមថយ និងគេចច្រើន ហើយការប្រកួតនោះ សៃ យុគ មានប្រៀបច្រើនជាង រិទ្ធី ជាពិសេសនៅចុងទឹកទី៣។ ទាំងការរិះគន់ និងអារម្មណ៍មិនអស់ចិត្តចំពោះការប្រកួតខ្លួន ធន់ រិទ្ធិ ចង់ជួប សៃ យុគ ម្ដងទៀត។
 
ក្នុងជំនួបលើកទី៣ អ្នកលេងអំបោះឆៅរូបនេះ តាំងចិត្តវាយសម្រុក និងវាយប្ដូរតទល់ជាមួយ សៃ យុគ ហើយមិនថយច្រើន ដូចជាជំនួបលើកទី២ឡើយ។ «ខ្ញុំ បានត្រៀមខ្លួនបានយ៉ាងល្អ។ ខ្ញុំ មានយុទ្ធសាស្ដ្រប្រកួត គឺបុកវាយ។ ខ្ញុំ នឹងបុកវាយ បើមិនខ្ញុំគាត់ បើមិនគាត់ គឺខ្ញុំសន្លប់។»។ ធន់ រិទ្ធី បាននិយាយដូច្នេះ ដោយយោងទៅលើបទសម្ភាសជាមួយ លោក ធី ប៊ុនណារ៉ា អ្នកផលិតមាតិការប្រដាល់គុនខ្មែរ។
 
បើទោះជាកីឡាកររូបនេះ តាំងចិត្តវាយមិនថយក៏ដោយ ប៉ុន្ដែ រិទ្ធី មិនរំពឹងឈ្នះ ១០០ភាគរយទេ គ្រាន់តែមានជំនឿចិត្តលើខ្លួនឯងថា នឹងធ្វើបានល្អ អស់ពីសមត្ថភាព។ ទោះលទ្ធផលការប្រកួតនេះបែបណាក៏ដោយ កីឡាករប្រដាល់រូបនេះ នឹងមិនប្រកួតជាមួយ សៃ យុគ ជាលើកទី៤ឡើយ។
 
ធន់ រិទ្ធី បាននិយាយថា៖«រាល់គ្រប់ការប្រកួត ខ្ញុំតែងតែជឿជាក់លើខ្លួនឯង ប៉ុន្ដែបើសង្ឃឹមថាឈ្នះ ១០០ភាគរយ គឺមិនមានទេ។ ខ្ញុំជឿជាក់លើខ្លួនឯងធ្វើឲ្យបានល្អ ធ្វើឲ្យអស់ពីសមត្ថភាព។ ទោះលទ្ធផលយ៉ាងណា ត្រូវទទួលយក។ លើកទី៣នេះ មិនថាឈ្នះ ចាញ់ ឬសន្លប់ គឺខ្ញុំសុំឈប់ប៉ះគាត់ហើយ។»៕

Tag:
 ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com