កីឡាជាតិ
ជាតិ
បច្ចេកទេសល្អ ប៉ុន្ដែ គោរមៈ ច័ន្ទរាជ្យ បារម្ភចំពោះកម្លាំង ក្នុងការប្រកួតយុទ្ធគុនចម្រុះអាស៊ី
15, Jun 2024 , 9:30 am        
រូបភាព
ផេង សុបញ្ញា រូបពី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
ផេង សុបញ្ញា រូបពី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
យុវជន ផេង សុបញ្ញា ឬ គោរមៈ ច័ន្ទរាជ្យ កីឡាករប្រដាល់គុនខ្មែរ នឹងត្រូវឡើងសង្វៀន MMA ក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២ (2nd Asian AMMA Championship) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះ ជាលើកដំបូងសម្រាប់ កីឡាករប្រដាល់គុនខ្មែរវ័យ ១៧ឆ្នាំ ក្នុងសង្វៀនយុទ្ធគុនចម្រុះ។

យុវជន ផេង សុបញ្ញា មិនបារម្ភប៉ុន្មានឡើយ ចំពោះការត្រៀមខ្លួនប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១១-១៣ ខែកក្កដា។ នេះ គឺដោយសារ កីឡាកររូបនេះ មានបទពិសោធន៍ប្រដាល់ជាច្រើនលើក នៅលើសង្វៀនគុនខ្មែរ។
 
ដោយឡែក យុវជនវ័យ ១៧ឆ្នាំរូបនេះ បានបញ្ជាក់ថារូបគេ ត្រូវការហ្វឹកហាត់កម្លាំង និងបច្ចេកទេសចាប់ផ្ដួល និងអោប។ ចំណែក ក្បាច់គុនដៃ និងការធាក់ការពារខ្លួន គោរមៈ ចេះគ្រប់គ្រាន់អាចយកមកការពារ និងប្រកួតបាន។ 
 
គោរមៈ ច័ន្ទរាជ្យ បាននិយាយដូច្នេះថា៖«ខ្ញុំ បានហ្វឹកហាត់បច្ចេកទេស និងកម្លាំង ព្រោះក្បាច់គុនដៃ និងធាក់ការពារខ្លួន យើងមានទាំងអស់។ ប៉ុន្ដែ យើងខ្វះតែបច្ចេកទេសចាប់ផ្ដួល និងកម្លាំង។ កីឡានេះ ត្រូវប្រើកម្លាំងរហូត តែយើងថយកម្លាំងបន្ដិច គេចូលកាច់ក្លេរយើងតែម្ដង។ ការប្រកួតយុទ្ធគុនចម្រុះនេះ គឺជាលើកទី១ សម្រាប់ខ្ញុំ។ ខ្ញុំ មានអារម្មណ៍ភ័យផង អរផងសម្រាប់ខ្ញុំ ព្រោះជាការប្រកួតដំណាងជាងដ៏ធំ ហើយមានកីឡាករខ្លាំងៗចូលរួម ម្យ៉ាងទៀតជាកីឡាប្រយុទ្ធ ដែលយើងមិនធ្លាប់ប្រកួតពីមុនមកផង។ កីឡានេះ ជាវិញ្ញាសាប្រយុទ្ធមែន ប៉ុន្ដែខុសគ្នាពីគុនខ្មែរ ព្រោះមានអោប កាច់ និងចំបាប់ជាដើម លាយបញ្ចូលគ្នា។ ខ្ញុំ គ្រាន់តែសង្ឃឹមពាក់កណ្ដាលទេ ព្រោះយើងក៏ត្រៀម គេក៏ត្រៀម។»។
 
គួរបញ្ជាក់ផងដែរថា កម្ពុជា នឹងត្រៀមកីឡាករ-កីឡាការិនី១៦រូប ប្រកួតក្នុងព្រឹត្តិការណ៍នេះ។ សមាសភាពកីឡាករ-កីឡាការិនី ១៦រូប ដែលត្រូវបានជ្រើសរើសចូលប្រកួតព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី២ មានដូចជា៖ ផេង សុបញ្ញា, ឡុង ឡា, រិន សារដ្ឋ, ហ៊ុន គឹមហ៊ាង, មាស ម៉ើ, Thiago Teixeira , ហ៊ុន ច័ន្ទរាជ្យ, ធាន អាត, ចាន់ រតនា, អេ វីរៈខាំឈិតភូថង, ហាត ភី, ខៀវ ចិន្ដារ័ត្ន, មឿយ ស៊ឹង, គន្ធ វណ្ណនីតា, អ៊ុំ ថារ័ត្ន និង ទួន ស្រីភិន។ ព្រឹត្តិការណ៍នេះ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ផេង សុបញ្ញា ប្រកួតលើប្រភេទទម្ងន់ ៥៦គីឡូក្រាម៕

Tag:
 (គោរមៈ ច័ន្ទរាជ្យ
  យុទ្ធគុនចម្រុះ
  MMA)
© រក្សាសិទ្ធិដោយ thmeythmey.com