ជាតិ
ប្រឡាយរំដោះទឹក២៦០គីឡូម៉ែត្រ នឹងបញ្ចៀសទឹកលិច រាជធានីភ្នំពេញ និងរោងចក្រធំៗ
16, Jun 2024 , 11:00 am        
រូបភាព
កំពង់ស្ពឺ៖ គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប ត្រូវបានអនុវត្តកាលពីខែធ្នូ ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ដំណាក់កាលទី២ នៅដំណាច់ខែសីហា ឆ្នាំ២០២៤។​ ប្រឡាយរំដោះទឹកនេះ មានប្រវែង២៦០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តកណ្ដាល និងកំពង់ស្ពឺ ។ រដ្ឋ បានចំណាយថវិកាប្រមាណ ៤០០លានដុល្លារអាម៉េរិក ដើម្បីរំដោះទឹកស្ទឹងព្រែកត្នោត។

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា គម្រោងនេះ នឹងជួយដល់ការងារកសិកម្មរបស់ប្រជាពលរដ្ឋរស់នៅតាមប្រឡាយទាំង៣ខេត្តជាង ៥០ម៉ឺនហិកតា។ ក្រៅពីរំដោះទឹកលិចរាជធានីភ្នំពេញ គម្រោងព្រែកជីកនេះ នឹងជួយទប់ស្កាត់តំបន់លិចទឹកជាង ៣០ម៉ឺនហិកតា ជាពិសេសស្រែចម្ការរបស់ពលរដ្ឋ និងរោងចក្រកាត់ដេរ។ 
 


«ប្រឡាយខ្លះទំហំតែ៥ម៉ែត្រ ហើយត្រូវពង្រីកដល់ទទឹង ៨០ម៉ែត្រ ទៅ១០០ម៉ែត្រ។ ដូច្នេះខ្ញុំសូមអរគុណប្រជាពលរដ្ឋ ដែលសហការ។» សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ។ 
 
គម្រោងនេះ មានការស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ដែលប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង។  រដ្ឋ ក៏សាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ ទ្វារទឹក​ (ក្បាលហុង) ចំនួន ១កន្លែង។ 
 
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយរដ្ឋបាលខេត្ត ទទួលបន្ទុកដោះស្រាយសំណងខូចខាតផ្ទះរបស់ប្រជាពលរដ្ឋនៅតាមប្រឡាយ។ ម្ចាស់ផ្ទះមួយរូបនៅឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បញ្ជាក់ថា ផ្ទះរបស់លោក ត្រូវបានបាត់បង់ទាំងស្រុង ដោយសារចូលដីប្រឡាយថ្មីនេះ។ ពលរដ្ឋសុំមិនបញ្ចេញអត្តសញ្ញាណរូប អះអាងថា គ្រួសាររបស់លោក នឹងទទួលបានសំណងស្របច្បាប់ ប៉ុន្តែពួកគេ មិនទាន់ដឹងច្បាស់ថាទទួលបានសំណងខូចខាតប៉ុន្មានៅឡើយទេ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com