អន្តរជាតិ
អ៊ុយក្រែនចាត់ទុកកិច្ចប្រជុំកំពូលសន្តិភាព ជាផ្លូវរកការបញ្ចប់សង្រ្គាម ទោះគ្មានវត្តមានរុស្ស៊ី
16, Jun 2024 , 11:50 am        
រូបភាព
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅស្វ៊ីស ដើម្បីចូលរួមក្នុងកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន នៅថ្ងៃទី១៥ ខែមិថុនា។ រូបភាព AFP
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅស្វ៊ីស ដើម្បីចូលរួមក្នុងកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន នៅថ្ងៃទី១៥ ខែមិថុនា។ រូបភាព AFP
ពីកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែនរៀបចំលើកដំបូងនៅស៊្វីស លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញក្តីសង្ឃឹមថា ជំនួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីមកពីបណ្តាប្រទេសលើសពី៩០  ជាការស្វែងរកសន្តិភាពឱ្យកាន់តែឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

 
 
ចាប់ពីថ្ងៃទី១៥ ខែមិថុនា មេដឹកនាំ និងមន្រ្តីមកពីបណ្តាប្រទេសជាច្រើន បានទៅជួបជុំគ្នានៅស្វ៊ីស ដែលត្រូវបានចាត់ទុកជាប្រទេសអព្យាក្រឹត ចាប់តាំងពីសង្រ្គាមលោកលើកទីពីរ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន។ ក្នុងកិច្ចប្រជុំនេះ អាម៉េរិក បានបញ្ជូនអនុប្រធានាធិបតីទៅចូលរួម ខណៈចិនអវត្តមាន ហើយភាគីជម្លោះរុស្ស៊ី មិនត្រូវបានអញ្ជើញឡើយ។ 
 
នៅក្នុងសុន្ទរកថារួមគ្នាមួយជាមួយសមភាគីស្វ៊ីស លោកស្រី Viola Amherd ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចាត់ទុកជំនួបមួយនេះ ទទួលបានជោគជ័យ ដែលពិភពលោកអាចរួមគ្នាសម្រាប់ពិភពលោកដ៏ត្រឹមត្រូវ។
 
«យើងទទួលបានជោគជ័យ ក្នុងការត្រលប់ទៅពិភពលោក ដែលរួមគ្នាបញ្ចប់សង្រ្គាម និងបង្កើតសន្តិភាពត្រឹមត្រូវមួយ»។ មេដឹកនាំអ៊ុយក្រែន បានថ្លែងបែបនេះ នៅថ្ងៃទី១៥ ខែមិថុនា នៅចំពោះមុខអ្នកសារព័ត៌មាន។ បើតាមលោក ហ្សេលេនស្គី ពិភពលោកនឹងមើលឃើញពីប្រវត្តិសាស្រ្ត ដែលត្រូវបានធ្វើនៅប្រទេសស្វ៊ីស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ទោះគ្មានភាគីរុស្ស៊ីចូលរួម ប៉ុន្តែកិច្ចប្រជុំកំពូលសន្តិភាពមួយនេះ នឹងក្លាយជាមូលដ្ឋានដំបូងមួយ ដែលអាចនាំរុស្ស៊ីមកកាន់តុចរចា និងបញ្ចប់សង្រ្គាម។ តាមការបញ្ជាក់របស់ប្រធានាធិបតីស្វ៊ីស អនាគតកិច្ចប្រជុំមួយនេះ នឹងមានវត្តមានរបស់រុស្ស៊ី ដែលជាភាគីជម្លោះដ៏សំខាន់ ហើយវានឹងជាដំណាក់កាលស្វែងរកសន្តិភាពដ៏យូរអង្វែង។ 
 
«យើងអាចរៀបចំមូលដ្ឋានសម្រាប់ចរចាដោយផ្ទាល់រវាងភាគីសង្រ្គាម ហើយនេះជាមូលហេតុយើងជួបប្រជុំនៅស្វ៊ីស»។ លោកស្រី Viola Amherd បានសង្កត់ធ្ងន់បែបនេះ នៅចំពោះមុខអ្នកសារព័ត៌មាន។ 
 
មុនកិច្ចប្រជុំសន្តិភាពត្រូវបានរៀបចំឡើង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឱ្យអ៊ុយក្រែនដកទ័ពចេញពីតំបន់ផ្តាច់ខ្លួនទាំង៤ដូចជា តំបន់ Donetsk, តំបន់ Lugansk, តំបន់ Kherson និងតំបន់ Zaporizhzhia និងលុបចោលសំណើចូលសម្ព័ន្ធយោធាណាតូ បើចង់ចូលតុចរចា៕

Tag:
 (រុស្ស៊ី
  អ៊ុយក្រែន
  ស៊្វីស)
© រក្សាសិទ្ធិដោយ thmeythmey.com