ជាតិ
ពីគ្រូភាសាមកជាមគ្គុទ្ទេសក៍លោកស្រី សេដ្ឋាវី បន្តភាពរីករាយជាមួយការងារ ក្នុងវ័យ៧០ឆ្នាំ
16, Jun 2024 , 9:30 pm        
រូបភាព
លោកស្រី លឹម សេដ្ឋាវី មគ្គុទ្ទេសក៍ទេសចរណ៍ភាសាបារាំង។
លោកស្រី លឹម សេដ្ឋាវី មគ្គុទ្ទេសក៍ទេសចរណ៍ភាសាបារាំង។
សៀមរាប៖ ជាអតីតគ្រូបង្រៀនភាសាបារាំង លោកស្រី លឹម សេដ្ឋាវី បានបោះជំហានប្រឡូកក្នុងអាជីព ជាមគ្គុទ្ទេសក៍ទេសចរណ៍នៅអំឡុងឆ្នាំ២០០២។ ទោះស្ថិតក្នុងវ័យ៧០ឆ្នាំក៏ពិតមែន តែស្រ្តីរូបនេះនៅតែ ស្រឡាញ់ និងចង់បន្តអាជីពនេះ រហូតលែងដើរកើត។

ក្នុងទឹកមុខស្រស់បស់ និងញញឹមជាប់ជានិច្ច លោកស្រី លឹម សេដ្ឋាវី មានមោទកភាពជាខ្លាំង ដែលលោកស្រីមានចំណែកផ្សព្វផ្សាយប្រវត្តិសាស្រ្ត វប្បធម៌ និងប្រពៃណីជាតិខ្មែរ ទៅកាន់បរទេស​ តាមរយៈអាជីពជាមគ្គុទ្ទេសក៍ទេសចរណ៍ ប្រមាណ២០ឆ្នាំមកនេះ។ ទោះបីវ័យឈានចូល៧០ឆ្នាំហើយក្តី តែស្រ្តីរូបនេះនៅតែអាចដើរតាមប្រាសាទ និងនិយាយប្រវត្តិសាស្រ្តនានា យ៉ាងរស់រវើក ដោយ មិនចាញ់មគ្គុទ្ទេសក៍ ​វ័យក្មេងប៉ុន្មានឡើយ។ 
 

លោកស្រី លឹម សេដ្ឋាវី (ឆ្វេង) ថតជាមួយក្រុមមគ្គុទ្ទេសក៍។ រូបភាព៖ យូ ខេមរៈ

ចូលប្រឡូកក្នុងអាជីពជាមគ្គុទ្ទេសក៍នៅឆ្នាំ២០០២ គឺអំឡុងពេលនៅជាគ្រូបង្រៀនភាសាបារាំង នៃវិទ្យាល័យអង្គរនៅឡើយ។ ពេលនោះលោកស្រីឆ្លៀតពេលទំនេរមកដើរនាំភ្ញៀវ ព្រោះតែការស្រឡាញ់ ចូលចិត្ត អាជីពជាអ្នកបកស្រាយប្រវត្តិសាស្រ្តនេះ។ លោកស្រី សេដ្ឋាវី ប្រាប់អ្នកសារព័ត៌មានឌីជីថល​ថ្មីៗដូច្នេះថា៖« នៅខេត្តសៀមរាបមានប្រាសាទច្រើន ខ្ញុំចង់ឱ្យបរទេស ដឹងថា តើអារ្យធម៌ខ្មែរយើង​ពីសម័យដើមមានភាពរុងរឿងបែបណាខ្លះ ដែលបានកសាងប្រាសាអង្គរបាន និងខាងសិល្បៈ  ស្ថាបត្យកម្មក៏ដូចគ្នា ចង់ឱ្យគេដឹងពីយើង»។
 
នៅឆ្នាំ២០១៥ ក្រោយចូលនិវត្តន៍ពីគ្រូបង្រៀន លោកស្រី សេដ្ឋាវី ក៏មានពេលវេលាគ្រប់គ្រាន់ និងផ្តោតតែលើការងារជាមគ្គុទ្ទេសក៍។ លោកស្រីមានពេលវេលាច្រើនសម្រាប់សិក្សាស្រាវជ្រាវ ជុំវិញប្រវត្តិសាស្រ្តនានានៅតំបន់អង្គរ និងតំបន់ផ្សេងៗ។ ជាមគ្គុទ្ទេសក៍ថ្នាក់ជាតិ លោកស្រីត្រូវមានចំណេះដឹង​ទូលំទូលាយច្រើន ដើម្បីរៀបរាប់ ហើយឆ្លើយនឹងសំណួរដែលជា​ចម្ងល់របស់ភ្ញៀវ។ 
 
នៅពេលសួរថា តើដើរច្រើនមានការលំបាកដែរឬទេសម្រាប់លោកស្រី ដែលមានវ័យ៧០ឆ្នាំទៅហើយនោះ? លោកស្រី សេដ្ឋាវី ឆ្លើយភ្លាមថា មិនជាពិបាកប៉ុន្មានទេសម្រាប់លោកស្រី ជារួមនៅតែដើររួច បើហត់ក៏សម្រាកខ្លះ។ យ៉ាងណាដោយសារបញ្ហាឆ្អឹងខ្នង ធ្វើឱ្យលោកស្រីសម្រាកច្រើនដែរ ​នៅពេលដើរជុំវិញប្រាសាទ ប៉ុន្តែភ្ញៀវទេសចរបារាំងមួយចំនួន តែងអនុគ្រោះ និងយល់ដល់មគ្គុទ្ទេសក៍រូបនេះ ហើយពេលខ្លះ ពួកគេបានយកអសារដល់លោកស្រី ដោយមិនឱ្យពិបាកឡើយ ដូចជាជួយកាន់កាបូបឱ្យលោកស្រីវិញជាដើម។ នេះជាអ្វីដែលលោកស្រី សេដ្ឋាវីមានកម្លាំងចិត្ត និងចង់បន្តអាជីពនេះ ដោយមិនមានថ្ងៃកំណត់ឡើយ។  
 
ក្នុងស្មារតីស្រឡាញ់ប្រវត្តិសាស្រ្ត វប្បធម៌ ចង់បង្ហាញដល់បរទេសដឹងពីអតីតកាលដ៏អស្ចារ្យរបស់កម្ពុជា ជំរុញឱ្យលោកស្រី សេដ្ឋាវី មិនទាន់ចង់ទៅណាឆ្ងាយពីអាជីពនេះឡើយ។ សម្រាប់លោកស្រី សេដ្ឋាវី អាជីពជាមគ្គុទ្ទេសក៍មានតម្លៃណាស់សម្រាប់លោកស្រី។ លោកស្រីបន្ថែមថា៖« «ចំពោះខ្ញុំគឺមានតម្លៃ ខ្ញុំស្រឡាញ់អាជីពនេះ បើមិនស្រឡាញ់មិនធ្វើរហូតដល់ពេលនេះទេ ដំបូងបង្អស់ស្រឡាញ់គ្រូបង្រៀន ក្រោយមកយើងគ្រឹះភាសាបារាំង ហើយពេលដើរប្រាសាទឃើញគេនិយាយរៀបរាប់ពីប្រវត្តិប្រាសាទ ក៏អាប់អារម្មណ៍ ហើយក៏សាក ហើយដុះអាជីពនេះតែម្ដង»។
 
ជាមួយគ្នានេះក្នុងនាមជាមគ្គុទ្ទេសក៍រៀមច្បងមួយរូប លោកស្រី លឹម សេដ្ឋាវី ចង់ឱ្យក្មេងៗជំនាន់ក្រោយ ចាប់អារម្មណ៍ និងបន្តធ្វើអាជីពជាមគ្គុទ្ទេសក៍នេះកាន់តែច្រើន ដ្បិតថាធ្វើឱ្យយើងរៀនសូត្របានច្រើន និងមានចំណេះដឹងទូលំទូលាយពីប្រវត្តិសាស្រ្ត។ ក្នុងនោះដែរ មគ្គុទ្ទេសក៍ភាសាបារាំងរូបនេះ​ក៏កំពុងបន្តបណ្ដុះបណ្ដាលកូនសិស្សមួយចំនួន ដែលលោកស្រីយល់ថា ពួកគេមានភាពឆ្លាសវៃ និងចេះស្រាវជ្រាវបានច្រើន ហើយពូកែជាងជំនាន់លោកស្រីទៅទៀត៕

Tag:
 (មគ្គុទ្ទេសក៍ទេសចរណ៍
  បារាំង
  អង្គរ)
© រក្សាសិទ្ធិដោយ thmeythmey.com