ជាតិ
ការងារស្ម័គ្រចិត្តផ្ដល់ឱកាសដល់យុវជន ឱ្យមានភាពជាអ្នកដឹកនាំទាំងវ័យក្មេង
17, Jun 2024 , 8:00 am        
រូបភាព
ដោយ៖ ញ៉ សុខហឿន

ភ្នំពេញ៖ ដ្បិតការងារស្ម័គ្រចិត្ត អាចមិនទទួលបានប្រាក់កម្រៃ ប៉ុន្តែវាបានឱកាសឱ្យយុវជនមានបទពិសោធន៍ លើសពីកិច្ចការសាលារៀន ការស្វែងយល់ពីសង្គម និងចេះដោះស្រាយបញ្ហា ជាពិសេសភាពជាអ្នកដឹកនាំ។

 

ឆ្លៀតពេលពីការសិក្សា កញ្ញា ម៉េង លីហ័រ បានចូលរួមសកម្មភាពធ្វើការងារស្ម័គ្រចិត្ត ជិត២ឆ្នាំហើយ។ តាមរយៈបេសកកម្មស្ម័គ្រចិត្តនេះ លីហ័រ បានកត់សម្គាល់ថា ខ្លួនទទួលបានឱកាសរៀនសូត្រពីការងារ និងបង្កើតទំនាក់ទំនងកាន់តែច្រើន ជាពិសេសបានអភិវឌ្ឍសមត្ថភាព ដូចជាជំនាញទំនាក់ទំនង ការនិយាយជាសាធារណៈ ការបំពេញការងារជាក្រុម ស្វែងយល់ពីបញ្ហាសង្គម ហើយពង្រឹងសមត្ថភាពដោះស្រាយបញ្ហា និងភាពជាអ្នកដឹកនាំ។ ក្រៅពីនេះ លីហ័រ ក៏មានឱកាសបានចូលរួមកម្មវិធីនានា ទាំងក្នុងស្រុក និងក្រៅស្រុកទៀតផង។ 
 
និស្សិតឆ្នាំទី៣​ រៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ​ ផ្នែកទំនាក់ទំនងអន្តរជាតិ (International relation) បាននិយាយប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា៖ «បន្ទាប់ពីខ្ញុំបានរៀនសូត្រពី​របៀបធ្វើការ និងឆ្លងកាត់បទពិសោធន៍ ដែលបានមកពីការងារស្ម័គ្រចិត្ត។ ខ្ញុំចេះសរសេរសំណើស្នើសុំថវិកា របៀបរៀបចំកម្មវិធី និងដឹកនាំក្រុមដើម្បីរៀបចំកម្មវិធី។ ហើយខ្ញុំ និងក្រុមក៏បានរៀបចំគម្រោងជោគជ័យចំនួនពីរដែរ។ មួយគឺនៅភ្នំពេញ និងមួយទៀត គឺនៅវិទ្យាល័យបវេល ខេត្តបាត់ដំបង។ ហើយខ្ញុំក៏បានយល់ថា ​ការធ្វើជាអ្នកដឹកនាំ គឺមិនមែនសំអាងថាយើងជាអ្នកដឹកនាំ យើងជាអ្នកសម្រេចចិត្តផ្ដាច់ការ មិនខ្វល់ការសម្រចចិត្ត និងការណែនាំ​របស់ក្រុមទេ។ ប៉ុន្តែយើងត្រូវធ្វើការជាមួយគ្នាសហការគ្នាឱ្យបានល្អ​ ធ្វើទៅជាមួយគ្នាទាំងអស់​។ បន្ថែមពីនេះទៀត យើងជាអ្នកតំណាងគេនៅក្នុងក្រុម យើងគួរតែមានគោលជំហរមួយរឹងមាំ ហើយនឹងប្រឈមមុខនឹងបញ្ហា»។



លីហ័រ​ ធ្លាប់បានចូលរួមការងារស្ម័គ្រចិត្តដំបូង ជាអ្នកដឹកនាំគម្រោង និងអ្នកសរសេរអត្ថបទ The SEED Cambodia និងជាអ្នកទទួលគណៈប្រតិភូ នៅពេលប្រជុំអាស៊ាននៅកម្ពុជា កាលពីឆ្នាំ​២០២២​ ជាអ្នកហាត់ការនៅអង្គការតម្លាភាពកម្ពុជា(TI Cambodia) រយៈពេល៦ខែ។ លីហ័រ មានបទពិសោធន៍ពីការងារស្ម័គ្រចិត្តនោះហើយ ក៏បានដាក់ពាក្យស្នើសុំថវិកាពី USAID តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការកម្មវិធីអភិវឌ្ឃន៍ ធនធានយុវជន ( YRDP) ​ដើម្បីអនុវត្តគម្រោងផ្ទាល់ខ្លួន។​ លីហ័រ និងសមាជិក១០នាក់ផ្សេងទៀត ក្នុងក្រុមយុវនុវត្តន៍ ធ្លាប់បានដឹកនាំគម្រោងមួយ ឈ្មោះថា ចង់ដឹង (Jong Doeung) ដែលមានលក្ខណៈជាវគ្គបណ្ដុះបណ្ដាលទៅដល់យុវជន និងក្រោមប្រធានបទតួនាទីរបស់យុវជន នៅក្នុងការអភិវឌ្ឍសហគមន៍។ 
 
ដោយឡែក គឹម គីមហ៊ុយ ក៏មានគំនិតប្រហែលនឹងលីហ័រ ដែរ។​ និស្សិតឆ្នាំ​ទី៣ នៅសកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានធ្វើការងារស្ម័គ្រចិត្ត តាំងពីឆ្នាំ ២០២១មក បានអះអាងថា បទពិសោធន៍ការងារស្ម័គ្រចិត្ត បានជួយឱ្យខ្លួនមានទំនួលខុសត្រូវជាងមុន និងមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្ពស់ ក្នុងការបំពេញការងារ ឬភារកិច្ចអ្វីមួយ។ «បានរៀនពីអ្វីដែលថ្មីៗ រៀនហើយបានអនុវត្តន៍ជាក់ស្តែង ដែលអ្វីយើងបានរៀនទាំងអស់នោះ អាចវាអាចវាស់ស្ទង់ពីសមត្ថភាពរបស់ខ្លួនរបស់ខ្ញុំផ្ទាល់ផងដែរ។ ការចេះបត់បែន មាន​ន័យថា គ្រប់ការងារស្ម័គ្រចិត្ត គឺមានគ្រប់ស្ថានភាព មានគ្រប់បុគ្គលិកលក្ខណៈរបស់មនុស្សដែលចូលរួមជាមួយពួកយើង។ ដូច្នេះហើយយើងបានរៀនការងារពីគេ គេបានរៀនពីយើង ចេះបត់បែនគ្រប់កាលៈទេសៈ អាចដោះស្រាយបញ្ហាបានគ្រប់ស្ថានភាព។ ការចេះគោរព ឲ្យតម្លៃលើការងារ គ្រប់ការងារទាំងអស់សុទ្ធតែមានគុណតម្លៃ ការងារបង្រៀនខ្ញុំឲ្យបានដឹងច្បាស់ពីមួយដំណាក់ទៅមួយដំណាក់កាល ពីរបៀបដោះស្រាយផ្សេងៗ។ បង្កើនឲ្យមានទំនុកចិត្តលើខ្លួនឯង និងភាពក្លាហានជាងមុន ហ៊ានសាកនូវអ្វីដែលថ្មី ហ៊ានប្រឈមនឹងបញ្ហាចំពោះមុខ គ្រប់ការងារទាំងអស់ មិនមែនសុទ្ធតែទទួលបានជោគជ័យនោះទេ វាតែងតែមានភាពបរាជ័យផងដែរ បើគ្រាន់តែបរាជ័យ យើងមិនហ៊ានទទួលស្គាល់វាផង សួរថាយើងរកភាពជោគជ័យឲ្យខ្លួនឯងបានដែរឬទេ?»។ នេះបើតាមកញ្ញា គីមហ៊ុយ។
  

 
តែយ៉ាងណា កញ្ញា លីហ័រ បានសង្កត់ធ្ងន់ថា ការងារស្ម័គ្រចិត្តខ្លះ ក៏មិនមែនសុទ្ធតែផ្ដល់ផលវិជ្ជមានទាំងអស់ឡើយ។ ត្រង់ចំណុចនេះ លីហ័រ ចង់បញ្ជាក់ថា បុគ្គលខ្លះទាញយកប្រយោជន៍​ផ្ទាល់ខ្លួន ក្រោមរូបភាពបញ្ឆោតឱ្យយុវជនចូលរួមសកម្មភាពស្ម័គ្រចិត្ត។
 
«ការងារស្ម័គ្រចិត្តគឺល្អ ប៉ុន្តែមិនមែនចេះតែចូលរួមគ្រប់កម្មវិធីទេ។ មុនចូលរួមការងារអ្វីមួយ យើងត្រូវគិតមើលដែរ​ថា យើងមានពេលវេលាប៉ុនណា។ យើងអាចចូលរួមដល់កម្រិតណា​។ ការងារស្ម័គ្រចិត្តមួយ នឹងផ្ដល់អ្វីខ្លះដល់យើង ផ្ដល់អ្វីខ្លះដល់សង្គម។ ធម្មតាយើងធ្វើការស្ម័គ្រចិត្ត គឺចង់​អភិវឌ្ឍខ្លួនឯង និង​ជួយសង្គមហ្នឹងហើយ។  ការងារស្ម័គ្រចិត្តខ្លះ យើងខំប្រឹងអស់កម្លាំងចិត្ត និងកម្លាំងកាយ បែរជាផ្ដល់ប្រយោជន៍ដល់បុគ្គល​ មិនបានផ្ដល់ផលវិជ្ជមានអ្វី ទៅដល់សង្គម​​។ និយាយឱ្យងាយយល់ គឺគេយកយើងទៅប្រើ»។ នេះជាយល់ឃើញ លីហ័រ ដោយយោងតាមបទពិសោធន៍របស់នាង។
 
ប៉ុន្តែទាំង លីហ័រ និង គីមហ៊ុយ នៅតែឱ្យតម្លៃលើការងារស្ម័គ្រចិត្ត ព្រោះពួកគេយល់ថា ការងារសង្គមមួយនេះ បានពង្រឹងសមត្ថភាពទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំ បើទោះជាពួក​គេ មិនទាន់បានបំពេញការងារអាជីពក្តី៕
  


© រក្សាសិទ្ធិដោយ thmeythmey.com