ឆ្លងកាត់ ៧ប្រកួត ដំបូង នៅក្នុងការប្រកួត Euro 2024 ប៉ុន្តែព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុប នៅប្រទេសអាល្លឺម៉ង់ បានបង្កភាពភ្ញាក់ផ្អើល និងកំណត់ត្រាជាច្រើន។
ចាប់តាំងពីអាល្លឺម៉ង់ បើកឆាកការប្រកួតព្រឹត្តិការណ៍ក្នុងទឹកដីខ្លួន ដោយលត់ក្រុមស្កុតឡែនចាស់ដៃ នៅជំនួបបើកឆាក កាលពីថ្ងៃទី១៤ ខែមិថុនា កំណត់ត្រាមួយចំនួន ត្រូវបានបំបែករួច ទៅហើយ។
នៅត្រឹមការប្រកួត ៤លើក ដំបូង ដែលអាល្លឺម៉ង់លត់ក្រុមស្កុតឡែន ៥-១ ក្រុមស្វ៊ិសបំបាក់ក្រុមហុងគ្រីលទ្ធផល ៣-១ ចំណែកអេស្ប៉ាញបង្កភ្ញាក់ផ្អើលនៃទម្រង់លេងយកឈ្នះលើក្រូអាស៊ី ៣-០ ហើយអ៊ីតាលី តាមពីក្រោយរហូតឈ្នះលើក្រុមអាល់បានី លទ្ធផល ២-១។ គ្រាប់បាល់ ១៦គ្រាប់ ស៊ុតបញ្ចូលទី នៅដើមការប្រកយត ដែលជាកំណត់ត្រាគ្រាប់បាល់ច្រើនបំផុត នៅក្នុងពានរង្វាន់លំដាប់អឺរ៉ុប ឬក៏ World Cup ចាប់តាំងពីឆ្នាំ ១៩៧៦។
យ៉ាងហោចគ្រាប់បាល់ ៣គ្រាប់ ត្រូវបានស៊ុតបញ្ចូលទី មុនពេលបញ្ចប់វគ្គទីមួយ នៅ ៣ប្រកួត ចំណោមការប្រកួតទាំង ៤លើកដំបូង។ កាលពីព្រឹត្តិការណ៍ Euro 2020 ការស៊ុតគ្រាប់បាល់ ៣គ្រាប់ មុនបញ្ចប់វគ្គទីមួយ មាននៅក្នុងការប្រកួតចំនួនតែ ២ ប៉ុណ្ណោះ។ មានតែការប្រកួតនៅ Euro 2004 ប៉ុណ្ណោះ ពេលដែល ៤ប្រកួត ដំបូង ការប្រកួតរវាងក្រុមនីមួយៗ មានគ្រាប់បាល់ស៊ុតបញ្ចូលទី ៣គ្រាប់ ឬច្រើនជាងនេះ។
យ៉ាងណាសម្រាប់ Euro 2024 ការប្រកួតសរុបចំនួន ៤៧ នឹងត្រូវបានប្រកួតប្រជែង ប៉ុន្តែត្រឹមតែដើមការប្រកួត កំណត់ត្រាជាច្រើនបានបំបែករួចទៅហើយ។
![](https://image.thmeythmey.com/pictures/2024/06/17/cc.jpg)
Euro 2024 ប្រៀបបានជាព្រឹត្តិការណ៍សម្រាប់យុវជនជំនាន់ក្រោយអ៊ីចឹង ដោយអេស្ប៉ាញ យកឈ្នះលើក្រុមក្រូអាស៊ី លទ្ធផល ៣-០ ជំនួបពូល B កីឡាករវ័យក្មេង Lamine Yamal បង្កើតប្រវត្តិសាស្ត្រ ក្លាយជាកីឡាករវ័យក្មេងបំផុត បង្ហាញខ្លួនលេងឱ្យពានរង្វាន់ទ្វីបអឺរ៉ុប។ Yamal បង្កភ្ញាក់ផ្អើលខ្លាំង ដោយរូបគេបញ្ចូលបាល់ដល់មិត្តរួមក្រុមស៊ុត កំពុងធ្វើឱ្យមានការចាប់អារម្មណ៍លើរូបគេខ្លាំងនៅការចាប់ផ្តើមព្រឹត្តិការណ៍។
អ៊ីតាលី ជាក្រុមដែលមានស្ថិតិមធ្យមក្រុមកីឡាករមានអាយុវ័យក្មេងជាងគេ នៅក្នុងការប្រកួត ដោយមានអាយុជាមធ្យម ២៦ឆ្នាំ និង ២៨៧ថ្ងៃ ហើយជាឈរឈ្មោះជាក្រុមមានអាយុវ័យក្មេងជាងគេ ចាប់តាំងពីឆ្នាំ ១៩៨៨។ ដោយឡែកនៅក្នុងការប្រកួតរវាងហុងគ្រី ចាញ់ក្រោមថ្វីជើងស្វ៊ីស ខ្សែបម្រើ Dominik Szoboszlai ក្លាយជាប្រធានក្រុមវ័យក្មេងជាងគេ នៅ Euro ត្រឹមវ័យ ២៣ឆ្នាំ និង ២៣៤ថ្ងៃ។
សម្រាប់ជ័យជម្នះរបស់អាល្លឺម៉ង់ ក៏បានកើតចេញពីសមត្ថភាពដ៏ខ្លាំងពូកែរបស់ក្រុមកីឡាករវ័យក្មេង តំបន់ប្រយុទ្ធបានក្លាយជាកីឡាករសំខាន់នៅក្នុងការប្រកួត និងប្រចាំក្រុម។ Florian Wirtz និង Jamal Musiala រួមទាំង Kai Havertz តំបន់ប្រយុទ្ធស៊ុតបាល់ម្នាក់ ១គ្រាប់ និងបង្កើតឱកាសស៊ុតសំដៅទីជាច្រើនគ្រាប់។
ក្រុមជម្រើសជាតិអាល់បានី ជាក្រុមរកបានគ្រាប់បាល់ក្នុងព្រឹត្តិការណ៍ Euro 2024 លឿនបំផុត ដោយកីឡាករ Nedim Bajramai ប្រើពេលត្រឹមតែ ២៣វិនាទី ស៊ុតទម្លោះសំណាញ់ទីអ៊ីតាលី និងបើកការនាំមុខ មុនពេលអ៊ីតាលី វាយបកយកឈ្នះលទ្ធផល ២-១។ ការស៊ុតចូលទីលើក្រុមការពារជើងឯកអ៊ីតាលីនោះ គឺជាគ្រាប់បាល់ទី២ របស់អាល់បានី នៅក្នុងការប្រកួតព្រឹត្តិការណ៍ Euro ហើយក៏ជាគ្រាប់បាល់លឿន បំផុតប្រចាំប្រវត្តិសាស្ត្រ Euro។
គ្រាប់បាល់របស់កីឡាករ Bajrami ប្រើពេល ២៣វិនាទី បំបែកកំណត់ត្រារបស់កីឡាករ Dmitri Kirichenko កីឡាកររុស្ស៊ី ប្រើពេល ៦៧វិនាទី ស៊ុតបាល់បញ្ចូលទីទល់នឹងក្រុមក្រិក កាល Euro 2024៕