ជាតិ
៥ឆ្នាំនេះ អង្គភាពភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត រកចំណូលបាន១១៣លានដុល្លារ
17, Jun 2024 , 6:19 pm        
រូបភាព
អង្គភាពច្រកចេញចូលតែមួយ។ រូបពី ក្រសួងមហាផ្ទៃ
អង្គភាពច្រកចេញចូលតែមួយ។ រូបពី ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ គិតចាប់ពីត្រីមាសទី៤ ក្នុងឆ្នាំ២០១៨ ដល់ដំណាច់ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត បានផ្ដល់សេវាដល់ប្រជាពលរដ្ឋ៣២២ម៉ឺនសេវា។ តាមរយៈចំនួននេះ អង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត រកចំណូលបាន១១៣ ៦២៣៩៧៤ដុល្លារ។ នេះបើតាមការអះអាងរបស់ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ។

 
លោក សួស ប្រាថ្នា បានឱ្យដឹងថា ក្នុងវិស័យជំនាញដែលបានដាក់ដំណើរនៅថ្នាក់រាជធានី-ខេត្ត មានចំនួន១៤ ក្នុងនោះមានដូចជា វិស័យសំណង់  វិស័យការងារ និងវិស័យពាណិជ្ជកម្មជាដើម។ ក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤មិថុនា លោកអះអាងថា នីតិកាលទី៧ថ្មីនេះ វិស័យសំណង់ នៅច្រកចេញចូលតែមួយ រាជធានីខេត្ត រកចំណូលបានខ្ពស់ជាងគេ ខណៈវិស័យពាណិជ្ជកម្ម មានចំណូលទាបជាងគេ។ 
 
ចំណែក ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ កំពុងដំណើរការផ្តល់សេវា ប្រជាពលរដ្ឋជាង៣០០សេវា លើវិស័យជំនាញចំនួន១៧ វិស័យទេសចរណ៍ វិស័យវប្បធម៌ វិស័យពាណិជ្ជកម្ម វិស័យសាធារណការ វិស័យឧស្សាហកម្ម  វិស័យសំណង់ វិស័យកសិកម្ម វិស័យសុខាភិបាល និង វិស័យអប់រំជាដើម។ គិតចាប់ពីឆ្នាំ២០០៥ រហូតដល់ដំណាច់ឆ្នាំ២០២៣ ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុប១៥.០៧៣.២០៨សេវា និងទទួលបានចំណូល ៣៩.៨៤៩.៣៨៧,៦៩ដុល្លារ។ 
 
លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ។ រូបពី ក្រសួងមហាផ្ទៃ 

សូមជម្រាបថា យន្តការច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនានាដែលស្ថិត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងផ្តល់លទ្ធផលសម្រេចនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព និងបរិយាបន្ន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ យន្តការច្រកចេញចូលតែមួយ បានឆ្លងកាត់ការអនុវត្ត៥ដំណាក់កាល។ 
 
ដំណាក់កាលទី១ ចាប់ឆ្នាំ២០០២ ដល់ឆ្នាំ២០០៤ ជាដំណាក់កាលសិក្សាដំបូង អំពីបែបផែននៃការផ្តល់សេវានៅថ្នាក់មូលដ្ឋានពីបណ្តាប្រទេសមួយចំនួននៅ សហគមន៍អឺរ៉ុប ក្រោមការគាំទ្រហិរញ្ញប្បទានពីសហគមន៍អឺរ៉ុប តាមរយៈមូលនិធិ ខុរ៉ាដអាឌិនណៅអ៊ែរ ។ 
 
ដំណាក់កាលទី២ ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ជាដំណាក់កាលដាក់ឱ្យអនុវត្តសាកល្បង នូវការផ្តល់សេវាជូនប្រជាពលរដ្ឋ តាមរយៈការិយាល័យច្រកចេញចូលតែមួយ។ ដំណាក់កាលទី៣ ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៤ ជាដំណាក់កាលនៃការពង្រីក វិសាលភាពការិយាល័យច្រកចេញចូលតែមួយទៅតាមក្រុង ស្រុក ខណ្ឌ គោលដៅចំនួន៣៦ នៅទូទាំងប្រទេស ក្រោមការគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ 
 
ដំណាក់កាលទី៤ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ គឺជាដំណាល់កាលនៃការបន្តពង្រីកការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ បានទៅកាន់ស្រុកគោលដៅចំនួន ១០បន្ថែម និងខណ្ឌក្នុងរាជធានីភ្នំពេញ ចំនួន៤ខណ្ឌបន្ថែមទៀត ដោយប្រើប្រាស់ថវិកាជាតិទាំងស្រុង។ ដំណាក់កាលទី៥ ពីឆ្នាំ២០១៨ ដល់បច្ចុប្បន្ន គឺផ្អែកលើលទ្ធផលជាវិជ្ជមាននៃការអនុវត្តទាំង៤ដំណាក់កាល ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ក៏ត្រូវបានសម្រេចបង្កើតឡើងនៅទូទាំងប្រទេស៕ 

Tag:
 ច្រកចេញចូលតែមួយ
© រក្សាសិទ្ធិដោយ thmeythmey.com