កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ បារាំងយកឈ្នះអូទ្រីសទាំងត្រដាបត្រដួស
18, Jun 2024 , 3:56 am        
រូបភាព
ក្រុមជម្រើសជាតិបារាំង ដែលជាក្រុមត្រូវបានគេរំពឹងថាជាក្រុមនឹងអាចឈ្នះពានលើកនេះ ស្ថិតក្នុងការប្រកួតព្រឹត្តិការណ៍ Euro 2024 ជំនួបពូល D បានប្រកួតយកឈ្នះលើក្រុមអូទ្រីសទាំងលំបាក និងប្រផិតប្រផើយ នៅក្នុងលទ្ធផលត្រឹមតែ ១-០ នារាត្រីឈានចូលថ្ងៃទី១៨ ខែមិថុនា។



ជំនួបរវាងបារាំង និងអូទ្រីស ដែលធ្វើឡើងនៅក្នុងកីឡដ្ឋាន Dusseldorf បានបញ្ចប់ត្រឹមលទ្ធផល ១-០ ប៉ុណ្នោះ ទោះជាក្រុមទាំងសងខាងមានការប្រកួតសម្រុកគ្នាទៅវិញទៅមក យ៉ាងស្វិតស្វាញបែបណាក្តី។ 
 
ក្រុមរហស្សនាមមាន់គកបារាំង មានទម្រង់លេងដ៏រឹងមាំមួយក្នុងការប្រកួតនោះ ដោយបច្ចេកទេសគ្រប់គ្រងគ្រាប់បាល់ និងការស្វែងរកឱកាស បង្កើតឱកាសក្នុងការរកគ្រាប់បាល់។ ប៉ុន្តែអូទ្រីស ដែលស្ថិតក្រោមការដឹកនាំរបស់លោក Ralf Rangnick មានទម្រង់លេងមួយដ៏ល្អដូចគ្នា ក៏ដូចជាការយលើចិត្តគ្នាជាក្រុម ដើម្បីប្រជែងទល់នឹងបារាំង។ 
 
បារាំងតែងបើកការវាយសម្រុកជារឿយៗ ខណៈដែលអូទ្រីសទន្ទឹងរង់ចាំឱកាសវាយបក នៅពេលដណ្តើមបាល់បាន ប៉ុន្តែយ៉ាងណា នៅនាទី៣៨ នៃវគ្គទីមួយ ពីការបង្កើតឱកាសរបស់ប្រធានក្រុម Kylian Mbappe ស៊ុតបាល់កាត់ចូលទៅមុខប្រអប់ទីអូទ្រីស ហើយទៅប៉ះក្បាលខ្សែការពារ Maximilian Wober ចូលទីខ្លួនឯង។ បារាំង នាំមុខនៅវគ្គទីមួយលទ្ធផល ១-០។ 
 
ក្នុងវគ្គទីពីរ បារាំង ក្រោយពីបាននាំមុខ ហាក់បីជាបន្ថយការសម្រុក ដោយក្រុមហាក់កែប្រែចង់គ្រប់គ្រងបាល់ឱ្យបានល្អជាងកាលពីវគ្គទីមួយ ដើម្បីរកឱកាសល្អក្នុងការរកគ្រាប់បាល់ តែយ៉ាងប្រព័ន្ធការពារអូទ្រីស និងរនាំងចាំទីដ៏រឹងមាំមិនងាយបណ្តោយឱ្យរបូតឱកាសដូចកាលពីវគ្គទីមួយ។ អូទ្រីស ដណ្តើមបានបាល់ម្តងៗ តែងវាយបកលឿនៗ ទៅវិញ បង្កជាការគ្រោះថ្នាក់ជារឿយៗដូចគ្នាសម្រាប់បារាំង។
 
សភាពវគ្គទីពីរ នៅតែបន្តមានភាពស្ងប់ស្ងាត់ការស៊ុតបញ្ចូលទី ដ្បិតក្រុមទាំងសងខាង មានទម្រង់លេងវាយបកសម្រុកលឿនៗទៅមករៀងខ្លួនដ៏ដោយ។ បញ្ចប់ការប្រកួតការប្រកួតពេញ ៩០នាទី បារាំង នៅតែរក្សាបាន ៣ពិន្ទុ ពីការប្រកួត ឈ្នះលើអូទ្រីស ដ៏តានតឹង។
 
បារាំងនឹងត្រូវបន្តដំណើរទៅប៉ះក្រុមហូឡង់ នៅការប្រកួតជុំទី២ វគ្គចែកពូល នៅថ្ងៃទី២២ ខែមិថុនា ចំណែកអូទ្រីស នឹងបន្តទៅជួបក្រុមប៉ូឡូញ នៅថ្ងៃទី២១ ខែមិថុនា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com