សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ម៉ាឡេស៊ី​​ ដាក់​ពាក្យ​ចូល​រួម​ជាសមាជិកក្រុម BRICS
18, Jun 2024 , 4:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡស៊ី លោក​​ អាន់វ៉ា អ៊ីប្រាហ៊ីម។ រូបភាព ៖ Xinhua
នាយករដ្ឋមន្រ្តីម៉ាឡស៊ី លោក​​ អាន់វ៉ា អ៊ីប្រាហ៊ីម។ រូបភាព ៖ Xinhua
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា ប្រទេសនេះបានសម្រេចចិត្តដាក់ពាក្យចូលរួមប្លុក BRICS ហើយនឹងចាប់ផ្តើមដំណើរការបំពេញពាក្យសុំចូលជាសមាជិកនាពេលឆាប់ៗនេះ។

 
ក្រៅពីថៃដែលបង្ហាញបំណងចូលរួមជាមួយក្រុមប្រទេស BRICS ម៉ាឡេស៊ីក៏មានចេតនាក្លាយជាសមាជិកមួយដែរ។ នាយករដ្ឋមន្រ្តីប្រទេសនេះ នៅថ្ងៃទី១៧ ខែមិថុនា ប្រកាសពីការដាក់ពាក្យចូលរួមរួចហើយ។
 
តាមរយៈបទសម្ភាសជាមួយសារព័ត៌មានចិន Guancha លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ៖« យើង​បាន​ធ្វើ​គោល​នយោបាយ​របស់​យើង​ច្បាស់​លាស់ ហើយ​យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​។ យើង​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ផ្លូវ​ការ​ក្នុង​ពេល​ឆាប់​ៗ​នេះ។ យើងកំពុងរង់ចាំលទ្ធផលចុងក្រោយ និងមតិកែលម្អពីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង»។  
 
នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​បញ្ជាក់​ថា រដ្ឋាភិបាលទីក្រុង​គូឡាឡាំពួ​មាន​អារម្មណ៍​ «ធូរ​ស្រាល» ដែល​ឃើញ​ពិភពលោកលែងមានតំបន់​ប៉ូលតែមួយ​ទៀត​ហើយ។ ផ្ទុយទៅវិញ ការកើនឡើងឥទ្ធិពលនៃក្រុម BRICS និងជាពិសេសចិនបានផ្តល់ក្តីសង្ឃឹមតិចៗ ថានៅតែមានការត្រួតពិនិត្យ និងរក្សាតុល្យភាពនៅក្នុងពិភពលោក។
 
លោក អាន់វ៉ា សង្កត់ធ្ងន់ថា លោកខាងលិចចង់គ្រប់គ្រងការសន្ទនានៅក្នុងពិភពលោក។ ទោះ​ជា​យ៉ាង​ណា ម៉ាឡេស៊ី​មិន​អាច​បន្ត​ទទួល​យក​បាន​ទេ ព្រោះ​លោក​ខាង​លិច​លែង​ជា​មហាអំណាច​អាណានិគម​ទៀត​ហើយ។ ប្រទេសឯករាជ្យគួរតែមានសេរីភាពក្នុងការបញ្ចេញមតិ។
 
ការសម្រេចចិត្តរបស់ម៉ាឡេស៊ីត្រូវបានប្រកាសតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa បានផ្ញើរលិខិតទៅសមភាគីរុស្ស៊ីរបស់លោក Sergey Lavrov នូវពាក្យសុំចូលជាសមាជិក BRICS កាលពីថ្ងៃទី១១ ខែមិថុនា។
 
ការណ៍នេះ អាចធ្វើឱ្យថៃក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលដាក់ពាក្យជាផ្លូវការដើម្បីចូលរួមក្នុងប្លុក BRICS ហើយទំនងជានឹងក្លាយជាសមាជិកអាស៊ានដំបូងគេនៃក្រុមនេះដែរ។
 
ក្រុម BRICS ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៩ ដោយ​យក​ឈ្មោះ​ចេញ​ពី​អក្សរ​ដំបូង​របស់​ប្រទេស​ជា​សមាជិក​ទាំង ៥ គឺ​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាង​ត្បូង។
 
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអាមីរ៉ាតអារ៉ាប់រួម បានចូលរួមជាផ្លូវការក្នុងប្លុកនេះ។ ការពង្រីកក្រុម BRICS នឹងធ្វើឲ្យប្លុកនេះមាន ៣៧ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកបើផ្អែកលើភាពស្មើគ្នានៃអំណាចទិញ (PPP) និង៤៦ភាគរយនៃចំនួនប្រជាជនពិភពលោក៕ 
 

Tag:
 BRICS
  ម៉ាឡើស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com