ជាតិ
រដូវកាលទុរេន! ទេសចរជិតឆ្ងាយសម្រុកទៅលេងស្រុកសំឡូត
20, Jun 2024 , 9:29 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុក សុខណាន់ស្រីអូនចម្ការទុរេនសំឡូតចាស់
រូបភាព៖ ហ្វេសប៊ុក សុខណាន់ស្រីអូនចម្ការទុរេនសំឡូតចាស់
ភ្ញៀវទេសចរគ្រប់ទិសទី បានធ្វើដំណើរទៅកាន់ស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីកម្សាន្តតាមរមណីយដ្ឋាននានា ជាពិសេសទៅលេងចម្ការទុរេន សាម៉ាវ ដែលស្ថិតក្នុងដំណាក់កាលប្រមូលផល។



លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២០ មិថុនា ថា មួយរយៈចុងក្រោយនេះ ស្រុកសំឡូតទទួលបានការចាប់អាម្មណ៍ពីភ្ញៀវទេសចរខ្លាំង​ ដោយសារតែ អតីតសមរភូមិ​ប្រយុទ្ធ​ដ៏​ក្ដៅ​គគុកមួយនេះ សម្បូរទៅដោយតំបន់អេកូទេសចរណ៍ ដែលមានទេសភាពស្អាត សុវត្ថិភាព និងដំណាំហូបផ្លែតាមចម្ការជាច្រើនមុខ។ ទន្ទឹមនេះ ការរៀបចំរមណីយដ្ឋាន និងតំបន់ទេសចរណ៍នានា ក៏កើនឡើងផងដែរ។
 
ដោយឡែក នៅរដូវប្រមូលផលផ្លែទុរេននេះវិញ តាមផ្លូវស្រុកសំឡូតមានការកកស្ទះគួរកត់សម្គាល់ ជាពិសេសនៅចុងសប្ដាហ៍ ដោយសារពលរដ្ឋមកពីគ្រាប់រាជធានី-ខេត្ត បានធ្វើដំណើរទៅទីនោះ ដើម្បីកម្សាន្តតាមរមណីយដ្ឋាន និងចម្ការទុរេន ឬដំណាំហូបផ្លែផ្សេងៗ។ គ្រប់ភ្ញៀវទេសចរទាំងអស់ ចង់ឃើញទិដ្ឋភាពចម្ការទុរេនដោយផ្ទាល់​ ដើម្បីថតរូបលេង​ ដើរភ្លក្ស​ និងបេះផ្លែឈើដោយផ្ទាល់ដៃ។ លើសពីនេះ ពួកគេអាចទិញទុរេន ដែលទើបកាត់ថ្មីៗចេញពីដើមផ្ទាល់ ដើម្បីធានាគុណភាព និងប្រភពច្បាស់លាស់។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
  


លោក អ៊ុភីនីស្សារ៉ា ប្រាប់ដូច្នេះថា៖«ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅលេងសំឡូត គឺអ៊ូអរខ្លាំងណាស់ ជាពិសេសនៅចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក។ នៅក្នុងខែនេះ ភ្ញៀវទេសចរចង់ទទួលទានផ្លែទុរេនសំឡូតណាស់។ ពួកគាត់ចង់ទៅទស្សនាដល់ចម្ការផ្ទាល់ ដើម្បីថតរូបលេង និងបានបេះផ្លែឈើដោយខ្លួនឯង។ លើសពីនេះ ពួកគេក៏អាចទៅកម្សាន្តនៅរមណីយដ្ឋាន និងទឹកធ្លាក់ធម្មជាតិផ្សេងៗថែមទៀតដែរ»។ 
 
វត្តមានភ្ញៀវទេសចរក្នុងទឹកដីស្រុកសំឡូត បានផ្ដល់ប្រាក់ចំណូល និងបង្កើតការងារកាន់តែច្រើន ដល់សហគមន៍មូលដ្ឋាន តាមរយៈការលក់ម្ហូបអាហារ ភេសជ្ជៈ ផ្លែឈើ និងបន្លែត្រីសាច់នានា។ នេះជាការមើលឃើញរបស់ លោក អ៊ុភីនីស្សារ៉ា ដោយបន្ថែមបែបនេះថា៖«នៅពេលទេសចរជាអញ្ជើញទៅកម្សាន្ត ពួកមិនមែនទិញតែម្ហូបអាហារមួយមុខនោះទេ គឺពួកគាត់អាចមានទិញបន្លែផ្លែឈើដែលចេញពីចម្ការ ត្រី មាន់ និងសាច់ជ្រូកដែលចិញ្ចឹមដោយពលរដ្ឋ រួមទាំងភេសជ្ជៈ គ្រឿងបរិភាគផ្សេងៗ សម្រាប់ដំណើរកម្សាន្តរបស់គាត់។ ដូច្នេះ ផលប្រយោជន៍ទាំងអស់នេះ នឹងធ្លាក់ទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍»។ 

ទិដ្ឋភាពភ្ញៀវទេសចរទិញទុរេន ដែលទើបកាត់ថ្មីៗចេញពីដើមផ្ទាល់។ 

Tag:
 សំឡូត
  ទុរេនសំឡូត
  បាត់ដំបង
  អ៊ុច អ៊ុំភីនីស្សារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com