ជាតិ
ខេត្ត​ចំនួន ៨ ផ្លាស់ប្ដូរ​អភិបាលខេត្ត​
24, Jun 2024 , 9:44 pm        
រូបភាព
អភិបាលខេត្តថ្មីទាំង៨រូប។
អភិបាលខេត្តថ្មីទាំង៨រូប។
ភ្នំពេញ​៖ មានការ​ផ្លាស់ប្ដូរ​អភិបាលខេត្ត​ជាច្រើន​ជា​លើកដំបូង​ក្នុង​អាណត្តិ​ទី​៧​នេះ​។ ខេត្ត​ដែល​ផ្លាស់ប្ដូរ ក្បាលម៉ាស៊ីន​ដឹកនាំ រួមមាន​ខេត្តកណ្ដាល​, ព្រះសីហនុ​, កំពង់ស្ពឺ​, កំពង់ធំ​, តាកែវ​, ត្បូងឃ្មុំ​, ស្ទឹងត្រែង និង​ឧ​ត្ត​រ​មានជ័យ​។



​ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បាន​ត្រាស់បង្គាប់​ផ្លាស់ប្ដូរ​អភិបាលខេត្ត​៨​រូប​។ បើតាម​ព្រះរាជក្រឹត្យ​របស់​ព្រះអង្គ អភិបាលខេត្ត​ដែល​ត្រូវ​ផ្លាស់ប្ដូរ រួមមាន លោក ប៉ែន កុស​ល្យ ពី​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ មកជា​អភិបាលខេត្ត​ត្បូងឃ្មុំ​។ ចំណែក​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ មក​ដឹកនាំ​ខេត្តកំពង់ស្ពឺ​។​

​សម្រាប់​លោក វ៉ី សំណាង ពី​អភិបាលខេត្ត​កំពង់ស្ពឺ មកជា​អភិបាល​ខេត្តតាកែវ ជំនួស​លោក អ៊ូច ភា​។ ដោយឡែក លោក គួច ចំរើន ត្រូវបាន​ផ្ទេរ​ពី​អភិបាលខេត្ត​ព្រះសីហនុ មកជា​អភិបាលខេត្ត​កណ្ដាល ជំនួស​លោក គង់ សោ​ភ័ណ​។​

​រីឯ​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ត្រូវបានតែងតាំង​ជា​អភិបាល​អភិបាល​ខេត្តកំពង់ធំ ជំនួស​លោក ងួន រតនៈ​។ អភិបាលរង​រាជធានី​ភ្នំពេញ​ម្នាក់ទៀត គឺ​លោក មាន ចាន់​យ៉ា​ដា ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

បើតាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ឡាយព្រះហស្តលេខា​នៅ​ថ្ងៃទី​២៤ មិថុនា​នេះ លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត​ព្រះសីហនុ​។ ចំពោះ​លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ​វិញ ក៏ត្រូវ​បានតែងតាំង​ជា​អភិបាលខេត្ត​ស្ទឹងត្រែង​ផងដែរ​។​

​ក្រៅពី​ផ្ទេរ និង​តែងតាំង ព្រះមហាក្សត្រ​កម្ពុជា ក៏បាន​តែងតាំង​លោក គង់ សោភ័ណ អតីត​អភិបាល​ខេត្តកណ្ដាល​, លោក អ៊ូច ភា អតីត​អភិបាល​ខេត្តតាកែវ​, លោក ស្វាយ សំ​អ៊ាង អតីត​អភិបាលខេត្ត​ស្ទឹងត្រែង និង​លោក ងួន រតនៈ អតីត​អភិបាល​ខេត្តកំពង់ធំ ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com