ជាតិ
ទោះលេខ២ក្នុងតំបន់ តែភ្នំពេញស្ថិតក្នុងចំណោមក្រុងដែលជនបរទេសមិនមានខ្ទង់ចំណាយខ្ពស់
25, Jun 2024 , 12:02 pm        
រូបភាព
ដោយ: រួបរួម
ភ្នំពេញស្ថិតនៅលើរៀងទី១២៣ក្នុងចំណោមក្រុង២២៦លើពិភពលោកនៃតារាងចំណាត់ថ្នាក់ Cost of Living City ប្រចាំឆ្នាំ២០២៤។ ចំណាត់ថ្នាក់ដែលស្ទង់មតិដោយភ្នាក់ងារប្រឹក្សាយោបល់អាម៉េរិក Mercer នេះ ផ្តោតអត្រាពីខ្ពស់ទៅទាបទាក់ទងនឹងខ្ទង់ចំណាយរបស់ជនបរទេសដែលកំពុងបម្រើការនៅក្រៅទឹកដីកំណើតរបស់ខ្លួន។



ថ្លៃស្នាក់នៅ សេវាដឹកជញ្ជូន ម្ហូបអាហារ សម្លៀកបំពាក់ គ្រឿងសង្ហារឹម ពន្ធ ការអប់រំ និងការកម្សាន្តផ្សេងៗ។ ទាំងនេះ សុទ្ធតែបន្ទុកដែលត្រូវចំណាយសម្រាប់ជនបរទេស។ ទោះរាជធានីរបស់កម្ពុជា ស្ថិតនៅលេខ១២៣ ដែលឈរនៅជាងពាក់កណ្តាលតារាងក្នុងចំណោមក្រុងទាំង២២៦ ក៏ដោយ តែបើប្រៀបធៀបក្នុងតំបន់អាស៊ីអាគ្នេយ៍ ភ្នំពេញឈរនៅលំដាប់ទី២ បន្ទាប់ពីសិង្ហបុរី ខណៈបុរីរដ្ឋមួយនេះ ជាក្រុងដែលត្រូវចាយវាយខ្ពស់ជាងគេលំដាប់ទី២លើពិភពលោក។

ទិន្នន័យដែលវិភាគដោយ Mercer បង្ហាញថា ហុងកុង ស្ថិតនៅលេខរៀងទី១លើពិភពលោក នៃតារាង Cost of Living City Ranking 2024។ សិង្ហបុរី ស្ថិតនៅលេខ២ ដោយឈរពីលើក្រុង៤របស់ស្វីស គឺក្រុងហ្សួរិច, ហ្សឺណែវ, បាសែល និងប៊ែន។ ក្រុងញូវយ៉ក (សហរដ្ឋអាម៉េរិក), ក្រុងឡុងដ៍ (ចក្រភពអង់គ្លេស), ក្រុង Nassau (បាហាម៉ា) និងក្រុងឡូសអែនជឺឡែស (សហរដ្ឋអាម៉េរិក) ជាប់ក្នុងចំណោមក្រុងទាំង១០លើគេ (Top 10)។

បើនិយាយពីអាស៊ីអាគេ្នយ៍វិញ ភ្នំពេញ ស្ថិតនៅលេខ២ ប៉ុន្តែមានគម្លាតដាច់ឆ្ងាយពីសិង្ហបុរី រហូតដល់១២១ចំណាត់ថ្នាក់។ ក្រុងបាងកក របស់ថៃ ស្ថិតនៅលេខ៣ក្នុងតំបន់ និងលេខ១២៩លើពិភពលោក ដោយនាំមុខ ក្រុងម៉ានីល (ហ្វីលីពីន លេខ១៣១), ក្រុងហ្សាការតា (ឥណ្ឌូណេស៊ី លេខ១៥៧), ក្រុងហាណូយ (វៀតណាម លេខ១៧២), ក្រុងបង់ដាសិរិបេហ្គាវ៉ាន (ប្រ៊ុយណេ លេខ១៧៦), ក្រុងហូជីមិញ (វៀតណាម លេខ១៧៨), ក្រុងយ៉ាងហ្គោន (មីយ៉ាន់ម៉ា លេខ១៨៣)និងក្រុងគូឡាឡាំពួរ (ម៉ាឡេស៊ី លេខ២០០)។

ក្រុងដែលមានការចំណាយទាបជាងគេទាំង១០ រួមមាន អាប៊ូចា (នីហ្សេរីយ៉ា), ឡាហ្គូស (នីហ្សេរីយ៉ា), អ៊ីស្លាម៉ាបាត (ប៉ាគីស្ថាន), Biskhek (គៀរហ្ស៊ីសស្ថាន), ការ៉ាជី (ប៉ាគីស្ថាន), Blantyre (ម៉ាឡាវី), Dushanbe (តាជីគីស្ថាន), Durban (អាហ្វ្រិកខាងត្បូង), Windhoek (ណាមីប៊ី) និងហាវ៉ាណា (គុយបា)៕


© រក្សាសិទ្ធិដោយ thmeythmey.com