RFI
អន្តរជាតិ
ចិន៖ យាន​ឆានអឺ​-៦ត្រលប់មក​ពីផែន​ដី​​វិញដោយ​ជោគ​ជ័យ ជាមួយ​សំណាក​ដី​និង​ថ្មរបស់​ព្រះ​ចន្ទ
26, Jun 2024 , 7:59 am        
រូបភាព
យាន​ឆានអឺ​-៦​របស់​ចិន​ត្រលប់​មក​ផែនដី​វិញ​ដោយជោគជ័យ REUTERS - Tingshu Wang
យាន​ឆានអឺ​-៦​របស់​ចិន​ត្រលប់​មក​ផែនដី​វិញ​ដោយជោគជ័យ REUTERS - Tingshu Wang
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា

ជា​ជោគជ័យ​ដ៏ធំធេងណាស់​! យាន​ឆានអឺ-៦ បានបញ្ចប់​បេសកកម្មនិង​ត្រលប់​មក​ផែន​ដី​វិញ នៅ​ថ្ងៃ​​ទី ២៥​មិថុនា​នេះដោយសុវត្ថិភាព។ ជាពិសេស​យាន​ឆានអឺ-៦បាន​ពាំនាំ​មក​ជាមួយ​នូវ​សំណាកដី​ដំបូង​របស់ព្រះចន្ទ ត្រង់​ផ្នែក​ដែល​បែរ​ខ្នង​មក​ភព​ផែនដីផង។

 
នៅ​វេលា​ម៉ោង​ពីរ​និង​៧នាទី​រសៀល​ ម៉ោង​នៅក្នុង​ស្រុក យាន​ឆានអឺ-៦ បានអណ្តែត​​ចុះ​ពី​លើ​មេឃ​​​យ៉ាង​សន្សឹម​ៗ តាម​កម្លាំង​​ឆ័ត្រយោង​ពណ៌​ក្រហម​សមក​​សំចត​លើ​ផែន​​ដី​ ​ត្រង់​តំបន់​វាល​រហោស្ថាន​ម៉ុងហ្គោលី​ខាង​ក្នុង ដែល​ស្ថិត​នៅភាគ​ខាង​ជើង​ប្រទេស​ចិន។ ទង់ជាតិ​ចិន​ក្រហម​ឆ្អៅ ​ត្រូវបានគេ​យក​ទៅ​ដោត​ក្បែរ​យានភ្លាម​។
 
មាន​ទម្រង់​ដូច​បួក​ទង់ដែងកាលពី​សម័យ​បុរាណ​ ជ្រុះ​នៅ​លើ​វាលស្មៅ​មិន​គួរ​ឱ្យ​រើស​មែន តែ​យាន​មាន​ផ្ទុក​វត្ថុ​មាន​តម្លៃ​ដូច​មាស។ អ្វីៗ​ដំណើរការ​ដូច​បាន​គ្រោង​ទុក។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ទី​ភ្នាក់ងារ​អវកាស​ចិន​ CNSA ដោយ​បន្ថែម​ថា នេះ​ជា​ជោគជ័យ​យ៉ាង​ពេញ​លេញ​នៃ​បេសកកម្ម​របស់​យាន​ឆានអឺ-៦  និង​ជា​ការ​ពាំនាំ​មកជា​លើក​ទី​មួយ ​នូវ​សំណាកដី​របស់​ព្រះ​ចន្ទ​ខាង​ផ្នែកដែល​បែរ​ខ្នង​​​មក​ផែន​ដី។
 
ព្រឹត្តិការណ៍​វិល​ត្រលប់របស់​ឆាង​អឺ-៦ ​បានទទួល​ការ​តាមដាន​យ៉ាង​ខ្លាំង​នៅចិន ព្រោះ​កម្មវត្ថុ​ទៅ​យក​សំណាក​នៅ​ផ្នែក​ខ្នង​នៃព្រះចន្ទ​ជា​មោទនភាព​ជាតិចិន​​ទាំងមូល​ផង និង​ក៏​ជា​​ព្រឹត្តិការណ៍​ថ្នាក់​អន្តរជាតិ​ផង។ ប៉េកាំង​បាន​ភ្ជាប់​បេសកកម្ម​ឆានអឺ-៦ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​ផ្សេង​ទៀត មាន​ជាអាទិ៍​បារាំង​ផង ដើម្បី​ឱ្យ​កាន់​តែ​ល្បី​រន្ទឺ។
 
ផ្នែក​ខ្នង​នៃ​ព្រះ​ចន្ទដែល​មើល​មិន​ឃើញពីផែន​ដី​​ ជា​តំបន់​ដែលកម្រ​មានកា​រសិក្សារុករក​ នៅឡើយ ដូច្នេះបេសកកម្ម​ឆានអឺ-៦ជា​តំណាង​មហិច្ឆតា​ដ៏​ធំធេង​របស់​ចិន​ក្នុង​វិស័យ​អវកាស​។

សារព័ត៌មានរដ្ឋ​ចិន បាន​រំលឹក​ថានា​ឱកាស​នេះ​ថា ក្នុង​រយៈ​ពេល​បី​ឆ្នាំចុងក្រោយ​មក​នេះ រដ្ឋបាល​អវកាស​ចិន​បាន​ចែក​ចាយសំណាក​ព្រះ​ចន្ទ​ចំនួន​ ៧​​គំរូ​​ដែល​មាន​ទម្ងន់​ជាង​៨៥​ក្រាម​ ដល់​អ្នក​វិទ្យាសាស្ត្រ​ចំនួន​១៣១​ក្រុម នៅលើ​ពិភពលោក។ ហើយ​ការ​សិក្សា​វិភាគ​សំណាក​ដី​និង​ថ្ម​​ថ្មី​បាន​មក​ពីផ្នែក​ខ្នង​នៃ​ព្រះ​ចន្ទ​​​ នឹងជួយឱ្យ​អ្នក​ស្រាវជ្រាវ​បាន​យល់​ថា​ហេតុ​អ្វី​បាន​ជា​ស្រទាប់​ដី​ខាង​ខ្នង​ ​ក្រាស់​ឃ្មឹក​ខ្លាំង​ ជាង​ផ្នែក​មើល​ឃើញ​ពី​ផែន​ដី។ លម្អ​ដី​-ថ្ម​​របស់​ព្រះ​ចន្ទ​ អាច​នឹង​ជួយ​ឱ្យ​យើង​បាន​យល់​អំពី​កំណើត​នៃកកើត​ភព។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក​លីនយ៉ាងទិង អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថានភូមព្ភសាស្ត្រ​ នៅ​ពេល​យាន​ឆានអឺ-៦​ ត្រលប់​មក​ដល់​ផែនដី​វិញ។
 
សូម​បញ្ជាក់​ថា ឆានអឺ-៦​ហោះ​ចេញ​ពី​ផែន​ដី​នៅ​ថ្ងៃ​ទី​៣​ឧសភា ទៅ​កាន់​ផ្នែក​ខ្នង​នៃ​ព្រះ​ចន្ទ។ជា​បេសកកម្ម​អវកាស​ដ៏​ស្មុគស្មាញ​បើ​យោល​ទៅ​លើ​ភាព​សាំញ៉ាំ​នៃ​បច្ចេកទេស​ទូរគមនាគមន៍ដែល​តម្រូវឱ្យ​មាន​ផ្កាយ​រណប​បន្ត​បន្តាក់​គ្នា​ដើម្បី​អាច​បញ្ជា​តាន​ដាន​ពី​ភព​ផែន​ដី​ទៅ​ រហូត​ដល់​ផ្នែ​ក​ខ្នង​នៃព្រះ​ចន្ទ​ ទាំង​ក្នុង​ដំណើរ​ទៅ​និង​មក​របស់​យាន៕

© រក្សាសិទ្ធិដោយ thmeythmey.com