កីឡាអន្តរជាតិ
អន្តរជាតិ
ស្លូវេនី ស្មើអង់គ្លេស បានកៅអី១៦ក្រុម តែបញ្ចប់ភារកិច្ចក្រូអាស៊ីត្រឹមវគ្គចែកពូល
26, Jun 2024 , 10:59 am        
រូបភាព
ក្រុមជម្រើសជាតិស្លូវេនី បានកៅអីវគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2024 ក្នុងនាមក្រុមលេខ៣ល្អ បន្ទាប់ពីស្មើអង់គ្លេស ០-០ នៅជំនួបចុងក្រោយពូល C។ លទ្ធផលស្មើរបស់ក្រុមទាំងពីរ ធ្វើឱ្យក្រូអាស៊ីអស់ភារកិច្ចនៅអាល្លឺម៉ង់។ ហូឡង់បញ្ចប់ត្រឹមចំណាត់ថ្នាក់ទី៣ល្អក្នុងពូល D ក្រោយចាញ់អូទ្រីសដែលឈរកំពូលតារាង ៣-២ ស្របពេលបារាំងនៅលេខ២ ក្រោយស្មើប៉ូឡូញ ១-១។



ក្រោយបញ្ចប់ការប្រកួតចំនួន៤គូ ក្នុងពូល C និង D នៅរាត្រីថ្ងៃទី២៥ ខែមិថុនា គេបានរកឃើញ៣ក្រុមទៀតបានកៅអីទៅវគ្គខ្វែងរួមមានអូទ្រីស ដាណឺម៉ាក និងស្លូវេនី ស្របពេលស៊ែប៊ី និងក្រូអាស៊ី អស់ការប្រកួតត្រឹមវគ្គចែកពូល។
 
ក្រូអាស៊ីមាន២ពិន្ទុក្នុងពូល B ដែលរង់ចាំអ៊ុតលេច៣ល្អ ទទួលត្រឹមខកចិត្ត ក្រោយស្លូវេនី បញ្ចប់ក្នុងលទ្ធផលសូន្យស្មើអង់គ្លេសនៅជំនួបចុងក្រោយពូល C។ ស្មើអង់គ្លេស ជួយស្លូវេនីរកបាន៣ពិន្ទុ និងក្លាយជាក្រុមលេខ៣ល្អ ស្រពេលអង់គ្លេសឈរលេខ១ និងដាណឺម៉ាក់នៅលេខ២ មាន៣ពិន្ទុ ក្រោយស្មើក្រុមបាតតារាងស៊ែប៊ី ០-០។ ដាណឺម៉ាក ដែលបញ្ចប់ចំណាត់ថ្នាក់លេខ២ពូល C ត្រូវប៉ះម្ចាស់ផ្ទះអាល្លឺម៉ង់នៅវគ្គ ១៦ក្រុមចុងក្រោយ។
 
ដោយឡែកនៅពូល D អូទ្រីសដណ្តើមបានចំណាត់ថ្នាក់កំពូលតារាង តាមរយៈការយកឈ្នះហូឡង់ ៣-២ ខណៈបារាំងស្មើប៉ូឡូញ ១-១។ តាមរយៈលទ្ធផលនេះ អូទ្រីសមាន៦ពិន្ទុ នាំមុខលេខ២បារាំង១ពិន្ទុ និងហូឡង់ទទួលបានចំណាត់ថ្នាក់ទី៣ល្អ មាន៤ពិន្ទុ។
 
ក្រុមដែលបានកៅអីទៅវគ្គ១៦ក្រុមមានអេស្ប៉ាញ អាល្លឺម៉ង់ ដាណឺម៉ាក ព័រទុយហ្កាល់ បារាំង អូទ្រីស អង់គ្លេស ស្វ៊ីស អ៊ីតាលី ស្លូវេនី ហូងឡង់។ ក្រុមដែលហាលអាវមាន ស្កុតឡែន ប៉ូឡូញ និងអាល់បានី ក្រូអាស៊ី និងស៊ែប៊ី៕

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com