សង្គមអន្តរជាតិ​
អន្តរជាតិ
បុរសវៀតណាមអាយុ៦០ឆ្នាំទៅប្រឡងបាក់ឌុប ព្រោះចង់ធ្វើជាគំរូដល់កូនចៅ
28, Jun 2024 , 11:19 am        
រូបភាព
លោក ជិន កុង ញិន រៀនត្រៀមនៅផ្ទះមុនពេលប្រឡងបាក់ឌុប។ រូបភាព ៖ VnExpress
លោក ជិន កុង ញិន រៀនត្រៀមនៅផ្ទះមុនពេលប្រឡងបាក់ឌុប។ រូបភាព ៖ VnExpress
វៀតណាម ៖ ក្នុងវ័យ៦០ឆ្នាំ លោក ជិន កុង ញិន បានតាំងចិត្តប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីបំពេញបំណងយុវវ័យ និងធ្វើជាគំរូដល់កូនៗចៅៗ។

 
លោក ញិន រស់នៅខេត្តដុងណាយភាគខាងជើងទីក្រុងហូជីមិញ ដែលជាបេក្ខជនចាស់ជាងគេក្នុងការប្រឡងសញ្ញាបត្របាក់ឌុបនៅវៀតណាមឆ្នាំនេះ។ លោកបានចុះឈ្មោះប្រឡងនៅវិទ្យាល័យក្បែរផ្ទះ ដោយជ្រើសរើសមុខវិជ្ជា គណិតវិទ្យា អក្សរសាស្ត្រ អង់គ្លេស និងមុខវិជ្ជាវិទ្យាសាស្ត្រសង្គម(ប្រវត្តិវិទ្យា ភូមិវិទ្យា ការអប់រំពលរដ្ឋ)។
 
បើតាមបេក្ខជនវ័យចំណាស់រូបនេះ កាលពីក្មេងដោយសារស្ថានភាព​គ្រួសារ​​មាន​ការ​លំបាក រូបលោកមិនទាន់អាចមានឱកាស​ប្រឡងបាក់ឌុប។ ជាច្រើនឆ្នាំមកនេះ លោកតែងតែប្រាថ្នាចង់បានសញ្ញាបត្រមួយនេះ។ បច្ចុប្បន្ន បើទោះបីជាលោកមានវ័យចំណាស់ក៏ដោយ ប៉ុន្តែលោកមានលក្ខខណ្ឌល្អប្រសើរក្នុងការរៀនសូត្រដោយខ្លួនឯងបានល្អជាងមុន។
 
«​ខ្ញុំ​ប្រឡង​ព្រោះ​ចង់​ធ្វើ​ជា​គំរូ​ដល់​កូន​ចៅ​ឲ្យមាន​ស្មារតី​រៀន​សូត្រ»។ លោក ញិន បានប្រាប់សារព័ត៌មាន VnExpress បែបនេះ។ 
 
លោក ញិន បានឲ្យដឹងថា កន្លងមក ក្រៅពីការរៀនសូត្រខ្លួនឯងតាមសៀវភៅ និងលំហាត់ត្រៀម លោកក៏បានសួរគ្រូ និងកូនចៅនៅផ្ទះបន្ថែម ត្រង់ចំណុចដែលលោកមិនយល់។ បេក្ខជនចាស់ជាងគេនៅខេត្តដុងណាយរូបនេះ មើលឃើញបញ្ហាធំបំផុតសម្រាប់ខ្លួនសម្រាប់មុខវិជ្ជា គណិតវិទ្យា និងភាសាអង់គ្លេស។
 
ដូច្នេះ នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ប្រឡងបាក់ឌុប ​លោកមាន​ការ​ពេញ​ចិត្ត​នឹងមុខវិជ្ជា​អក្សរសាស្ត្រច្រើនជាង​។ សំណួរនៅក្នុងការប្រឡងបាក់ឌុបមុខវិជ្ជាអក្សរសាស្ត្រឆ្នាំនេះ ​គឺការវិភាគអំពី​កំណាព្យមួយពាក់ព័ន្ធ«ប្រទេសជាតិ» ជា​ស្នាដៃដែល​​លោក​ ញិន ចូល​ចិត្ត​ខ្លាំង ហើយ​បាន​ធ្វើវារួចរាល់​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ យ៉ាងណាមិញ អ្វី​ដែល​ធ្វើ​ឱ្យ​លោក​សោកស្ដាយ ​គឺ​ដៃ​របស់លោក​ខ្សោយ និង​មិន​អាច​សរសេរ​បាន​លឿន។
 
លោក ញិន បានសង្កត់ធ្ងន់ថា ៖«ថ្ងៃនេះ ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពក្នុងការប្រឡងមុខវិជ្ជាដែលសេសសល់ និងភាសាអង់គ្លេស។ ទោះជាលទ្ធផលយ៉ាងណា ខ្ញុំសង្ឃឹមថាកូនៗ និងចៅៗរបស់ខ្ញុំនឹងមើលឃើញ ហើយយកគំរូអនុវត្តតាម»។ 
 
ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៤ នៅវៀតណាម ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៧-២៨ ខែ​មិថុនា។ យោងតាមបទប្បញ្ញត្តិរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម អ្នកដែលបានបញ្ចប់កម្មវិធីមធ្យមសិក្សាទុតិយភូមិ ប៉ុន្តែមិនទាន់មានសញ្ញាបត្រ ឬចង់ប្រឡងឡើងវិញដើម្បីទទួលបានពិន្ទុចូលរៀននៅសាកលវិទ្យាល័យ អាចចុះឈ្មោះចូលប្រឡងបាន៕ 
 

Tag:
 វៀតណាម​ ​
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com