កីឡាជាតិ
ជាតិ
សហព័ន្ធគុនខ្មែរ ដាក់ផែនការទិញ ប.ស.ស ឲ្យមន្ដ្រី និងកីឡាករ-ការិនី
28, Jun 2024 , 11:59 am        
រូបភាព
សហព័ន្ធគុនខ្មែរ ដាក់ផែនការទិញ ប.ស.ស ឲ្យមន្ដ្រី និងកីឡាករ-ការិនី
សហព័ន្ធគុនខ្មែរ ដាក់ផែនការទិញ ប.ស.ស ឲ្យមន្ដ្រី និងកីឡាករ-ការិនី
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានផែនការទិញបេឡាសន្ដិសុខសង្គម (ប.ស.ស) ឲ្យមន្ដ្រី កីឡាករ កីឡាការិនី និងក្លិប ដែលជាសមាជិករបស់ខ្លួន ដើម្បីអ្នកទាំងនោះមានភាពកក់ក្ដៅក្នុងការបំពេញតួនាទី ដ្បិតនេះជាកីឡាដែលប្រឈមគ្រោះថ្នាក់។



រយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ពោលក្នុងអំឡុង ខែមិថុនានេះ លោក ខូវ ឆាយ រួមទាំងមន្ដ្រីសហព័ន្ធប្រដាល់គុនខ្មែរ បានចុះសួរសុខទុក្ខតាមបណ្ដាក្លិបមួយចំនួន និងបានយកសម្ភារហ្វឹកហាត់ខ្លះ និងអង្ករ ជាដើម ឲ្យក្លិបទាំងនោះ។
 
ក្នុងបទសម្ភាសជាមួយ លោក ហ៊ ង៉ែត ពិធីករអត្ថាធិប្បាយកីឡាដ៏ល្បីឈ្មោះ ប្រធានសហព័ន្ធរូបនេះ មានផែនការទិញ ប.ស.ស ទៅលើការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ការងារ ទៅឲ្យមន្ដ្រី កីឡាករ-កីឡាការិនី និងក្លិប ដែលជាសមាជិករបស់សហព័ន្ធ។ ចំពោះការទិញ ប.ស.ស ឲ្យកីឡាករនេះ លោក ខូវ ឆាយ ចាត់ទុកថា ជាការផ្ដល់ភាពកក់ក្ដៅឲ្យមន្ដ្រី កីឡាករ-ការិនី  ព្រោះកីឡានេះ មានគ្រោះថ្នាក់គ្រប់ពេលអំឡុងប្រកួត។
 
លោក ខូវ ឆាយ បាននិយាយដូច្នេះថា៖«សហព័ន្ធ មានផែនការក្នុងការ​ទិញ ប.ស.ស ទៅលើការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ការងារ។ យើង ចូលជាសមាជិក ប.ស.ស យើងឲ្យមន្ដ្រីរបស់យើងទាំងអស់ និងកីឡាករ ដែលមានឈ្មោះក្នុងសហព័ន្ធ និងក្លិបដែលបានចុះបញ្ជី សហព័ន្ធ នឹងរ៉ាប់រងការបង់ បេឡាជាតិសន្ដិសុខសង្គមជូនគាត់។នៅពេលគាត់មានជម្ងឺ ឈឺស្កាត់ គ្រោះថ្នាក់អី គាត់អាចទៅមន្ដ្រីពេទ្យ ដែលសហការជាមួយ ប.ស.ស ដោយមិនគិតប្រាក់ទេ។ នេះ គឺជារឿងដែលយើងចង់ធ្វើ ឲ្យមានការធានារ៉ាប់រង ដល់កីឡាករ ឲ្យមានភាពកក់ក្ដៅ ទោះបីគាត់មិនមានថវិកា ក៏មានការយកចិត្តទុកដាក់ពេលគាត់ឈឺ។»។
 
កន្លងមកសហព័ន្ធប្រដាល់គុនខ្មែរ ក៏បានសហការជាមួយមន្ទីរពេទ្យកាលម៉ែត្រ និងមន្ទីរពេទ្យលោកសង្ឃដែរ។ មន្ទីរពេទ្យទាំងនោះ ក៏បានអនុគ្រោះដោយមិនយកថវិកាពីកីឡាករ-កីឡាការិនី ដែលរងរបួស ទៅតាមការស្នើសុំពីសហព័ន្ធ។ 
 
លោក ខូវ ឆាយ បន្ថែមថា ការធ្វើ ប.ស.ស ឲ្យកីឡាករ-កីឡាការិនីទាំងនោះ គឺជាការពង្រីកវិសាលភាពនៃការធានារ៉ាប់រង ការព្យាបាលផ្សេងៗ ដែលអាចឲ្យអ្នកទាំងនោះ រកសេវាកម្មនេះបាន នៅតាមបណ្ដាលខេត្ត ផងដែរ។«យើងចង់ឲ្យវិសាលភាពនៃការធានារ៉ាប់រងនេះ គ្រប់ដណ្ដប់ដល់កីឡាករទាំងអស់ គាត់នៅពេទ្យខេត្តក៏ដោយ ពេទ្យណាក៏ដោយ គឺពួកគាត់ទៅមិនគិតប្រាក់។ យើង ត្រូវឲ្យពួកគាត់ចូលរួមក្នុង បេឡាជាតិសន្ដិសុខសង្គមនេះ។»។ ប្រធានសហព័ន្ធរូបនេះ បាននិយាយដូច្នេះ៕

Tag:
 ខូវ ឆាយ
  ប្រដាល់
  គុនខ្មែរ
  ប.ស.ស
© រក្សាសិទ្ធិដោយ thmeythmey.com