ជាតិ
សហគមន៍កសិកម្មទំនើបដំបូងបង្អស់នៅកម្ពុជា គ្រោងដាក់ដំណើរការនៅខែសីហា
30, Jun 2024 , 10:19 pm        
រូបភាព
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងដាក់ដំណើរការសហគមន៍កសិកម្មទំនើប ដំបូងគេ សម្រាប់ដំណាំស្វាយចន្ទី នៅអំឡុងខែកក្កដា ឬសីហា ក្នុងភូមិសាស្រ្ត ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ នេះបើតាមការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម ប្រាប់សារព័ត៌មានថ្មី នៅថ្ងៃទី៣០ មិថុនានេះ។

 
លោក ឃឹម ហ្វីណង់ ប្រាប់ថា សហគមន៍កសិកម្មទំនើបថ្មីនេះ មានឈ្មោះថា «ទំរីងកំពង់ធំ» មានសមាជិក ៧៦គ្រួសារ និងផ្ទៃដីផលិតកម្មចន្ទី ដែលផ្តល់ផលស្រាប់ ៤៥៨ហិកតា។ បច្ចុប្បន្ន កសិករដាំស្វាយចន្ទី កំពុងរៀបចំផែនការអាជីវកម្ម។ តាមផែនការ «សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ» អាចនឹងដាក់ឱ្យដំណើរនៅរយៈពេល១-២ខែទៀត។ លោក ឃឹម ហ្វីណង់ បន្ថែមថា៖ «ក្រោយ រៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍ គឺយើងកំពុងស្ថិតក្នុងដំណាក់ការរៀបចំផែនការអាជីវកម្ម។ បើតាមគម្រោង អាចថាពី១ទៅ២ខែទៀត យើងអាចដំណើរការសហគមន៍កសិកម្មទំនើបសម្រាប់ស្វាយចន្ទីនេះបានហើយ»។ 
 
បើតាមអ្នកនាំពាក្យរូបនេះ ការបង្កើតសហគមន៍កសិកម្មទំនើប គឺមានគោលដៅប្រែក្លាយការធ្វើកសិកម្មពីលក្ខណៈគ្រួសារ ទៅជាពាណិជ្ជកម្ម ដែលមានលទ្ធភាពប្រកួតប្រជែងខ្ពស់ទាំងថ្លៃដើម បរិមាណ និងគុណភាព ហើយកសិករជាសមាជិក គឺអាចទទួលបានអត្ថប្រយោជន៍ច្រើន។ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ ធានាថា សហគមន៍កសិកម្មទំនើបទី១នេះ នឹងបានជោគជ័យ ដើម្បីបើកផ្លូវឱ្យមានការចូលរួមពីកសិករដទៃទៀត សម្រាប់ដំណាក់កាលបន្តបន្ទាប់។ 
 
«ប្រាកដណាស់ យើងត្រូវធានាបានថា សហគមន៍សកម្មទំនើបដំបូងៗនេះ ត្រូវទទួលបានជោគជ័យ ព្រោះវានឹងបើកផ្លូវទៅដល់ការចូលរួមពីកសិករដទៃទៀត នៅក្នុងដំណាក់កាលបន្តបន្ទាប់។ គោលដៅយើង គឺចង់ឱ្យសហគមន៍នេះ កាន់តែធំ កាន់តែប្រសើរ ដើម្បីទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចមាត្រដ្ឋាន»។ លោក ឃឹម ហ្វីណង់បន្ថែម។
 
សហគមន៍កសិកម្មទំនើប គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្ម រួមគ្នាក្នុងទ្រង់ទ្រាយធំ នៅក្នុងវិស័យកសិកម្ម ដែលជាផ្នែកមួយនៃកម្មវិធី គោលនយោបាយអាទិភាពទី៦ របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ ២០២៣។ បច្ចុប្បន្ន ការបង្កើតសហគមន៍កសិកម្មទំនើប គឺផ្ដល់អាទិភាពសម្រាប់តែដំណាំ៤ប្រភេទប៉ុណ្ណោះ រួមមាន ស្វាយចន្ទី ស្រូវ ម្រេច និងបន្លែ៕ 
 

Tag:
 សហគមន៍កសិកម្មទំនើប
  ក្រសួងកសិកម្ម
  ឃឹម ហ្វីណង់
© រក្សាសិទ្ធិដោយ thmeythmey.com