អន្តរជាតិ
ប្រេសិតរុស្ស៊ី៖ លោកត្រាំ មិនអាចបញ្ចប់សង្រ្គាមអ៊ុយក្រែនត្រឹមមួយថ្ងៃ ទោះជាប់ជាប្រធានាធិបតី
02, Jul 2024 , 8:29 pm        
រូបភាព
លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ ជួបជាមួយអ្នកគាំទ្រ នៅថ្ងៃទី២៨ ខែមិថុនា។ រូបភាព AFP
លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ ជួបជាមួយអ្នកគាំទ្រ នៅថ្ងៃទី២៨ ខែមិថុនា។ រូបភាព AFP
វិបត្តិអ៊ុយក្រែន មិនអាចដោះស្រាយត្រឹមរយៈពេល ១ថ្ងៃឡើយ។ លោក Vassily Nebenzia អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) បានតបបែបនេះនឹងលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក ដែលអះអាងថា អាចបញ្ចប់ជម្លោះត្រឹម ២៤ម៉ោង បើជាប់ឆ្នោតជាថ្មីនៅខែវិច្ឆិកា ខាងមុខ។

 
ជាងរយៈពេល ២ឆ្នាំហើយ សង្រ្គាមអ៊ុយក្រែន នៅតែបន្តអូសបន្លាយ ដោយក្រុងមូស្គូបន្តវាយប្រហារលើក្រុងកៀវ មិនដកដៃ។ ច្រកសន្តិភាពនៅតែមិនទាន់មាន ដោយសារតែភាគីរុស្ស៊ី និងអ៊ុយក្រែន បន្តខ្វែងគំនិតគ្នាលើចំណុចជាច្រើន មុនចូលតុចរចា។ 
 
យ៉ាងណាមិញ នៅក្នុងការជជែកដេញដោលជាមួយលោកប្រធានាធិបតី ចូ បៃឌិន នៅ២៧ ខែមិថុនា លោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក និងជាបេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ បានលើកឡើងថា លោកអាចបញ្ចប់ជម្លោះត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ប្រសិនបើជាប់ឆ្នោតជាថ្មី។ ការបោះឆ្នោតប្រធានាធិបតីអាម៉េរិក នឹងរៀបចំនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។
 
យ៉ាងណាមិញ មន្រ្តីទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានច្រានចោល ការលើកឡើងរបស់លោក ត្រាំ ដែលចង់បានការគាំទ្របន្ថែម ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ 
 
«វិបត្តិអ៊ុយក្រែន មិនអាចដោះស្រាយបានត្រឹមរយៈពេល ១ថ្ងៃនោះទេ»។ លោក Vassily Nebenzia បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១ ខែកក្កដា ដែលជាខែរុស្ស៊ីចាប់ផ្តើម ធ្វើជាប្រធានផ្លាស់វេននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាថ្មី។ 
 
វិមានក្រេមឡាំង ក៏ធ្លាប់បន្លុយពីការបើកចំហកិច្ចចរចាជាមួយរដ្ឋបាលអាម៉េរិកថ្មី ដែលអាចដឹកនាំដោយលោក ត្រាំដែរ ប៉ុន្តែសំណើសន្តិភាពទាំងនោះ ត្រូវតែផ្អែកលើទិដ្ឋភាពជាក់ស្តែង ពាក់ព័ន្ធនឹងអ៊ុយក្រែន។ កន្លងមក លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ក្រុងមូស្គូ នឹងពិចារណាចូលតុចរចា ប្រសិនបើអ៊ុយក្រែន ដកទ័ពចេញពីដែនដីDonetsk, តំបន់ Lugansk, តំបន់ Kherson និងតំបន់ Zaporizhzhia។ 
 
តំបន់ទាំង៤ នេះ បានប្រកាសផ្តាច់ខ្លួននៅក្នុងឆ្នាំ២០២២ ក្រោយប្រតិបត្តិការយោធារុស្ស៊ី។ យ៉ាងណាមិញ ទ័ពអ៊ុយក្រែន នៅតែគ្រប់គ្រងមួយភាគធំនៅតំបន់ Kherson, និងតំបន់Zaporizhzhia។
 
ចំណែក អ្នកនាំពាក្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ លោក Steven Cheung បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកត្រាំ ជារដ្ឋបុរស និងជាអ្នកចរចាដ៏មានប្រសិទ្ធភាពបំផុត៕ 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com