ជាតិ
សម្ដេច ហ៊ុន ម៉ាណែត​ ប្រាប់​ឱ្យ​សមាគម​សិល្បករ​ខ្មែរ បន្ត​​ជួយសិល្បករជួបការលំបាក និងមានវ័យចាស់
02, Jul 2024 , 7:59 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត ជួបជាមួយសិល្បករវ័យចំណាស់ ក្នុងកម្មវិធី អ្នកស្នងមរតក កាលពីថ្ងៃទី៣១ ឧសភា។ រូបភាព STPM
សម្ដេច ហ៊ុន ម៉ាណែត ជួបជាមួយសិល្បករវ័យចំណាស់ ក្នុងកម្មវិធី អ្នកស្នងមរតក កាលពីថ្ងៃទី៣១ ឧសភា។ រូបភាព STPM
ភ្នំពេញ៖ ក្នុង​ជំនួប​រវាង​​នាយករដ្ឋមន្រ្តីកម្ពុជា និង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ សម្ដេច ហ៊ុន ម៉ាណែត​ បាន​​លើក​ទឹក​ចិត្ត​ឱ្យ​​​សមាគម បន្ត​​ជួយដល់សិល្បករជួបការលំបាក និងមានវ័យចាស់ ដែលបាត់បង់សមត្ថភាពសម្តែង។ លើសពីនេះ សមាគម ត្រូវ​បន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ចូលជាសមាជិក ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នា និង​ចេះជួយគ្នាទៅវិញទៅមក។



នា​ព្រឹក​ថ្ងៃទី​២​ កក្កដានេះ សម្ដេច ហ៊ុន ម៉ាណែត បាន​អនុញ្ញាតឱ្យ​លោកស្រី ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ ជួប​សម្ដែង​ការ​គួរ​សម។ ក្នុង​ជំនួបនេះ សម្ដេច ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់​សមាគម​ឱ្យមានការសហការ ជាមួយស្ថាប័នអង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីរួមចំណែកក្នុងការកសាងសមាគមឱ្យកាន់តែរីកចម្រើន។
 
សម្ដេច ហ៊ុន ម៉ាណែត ​មាន​ប្រសាសន៍ថា ទោះបីមិនមែនជាសមាជិករបស់សមាគម តែ​ការ​ផ្តល់ឱកាសចូលរួមដល់សិល្បករ សិល្បការិនីគ្រប់ទម្រង់សិល្បៈផ្សេងៗ គឺ​ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសិល្បៈនៅកម្ពុជា។ ទន្ទឹម​នឹង​នេះ សម្ដេច​នាយក​រដ្ឋមន្រ្តី ក៏​បាន​ជំរុញ​ឱ្យសមាគមបន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ចូលជាសមាជិកសមាគមសិល្បៈ ជាពិសេសជួយដល់សិល្បករដែលជួបការលំបាក និងមានវ័យចាស់។
  
ជំនួបរវាង​សម្ដេច ហ៊ុន ម៉ាណែត និង​តំណាង​សមាគម​សិល្បករ​ខ្មែរ។ រូបភាព STPM

នា​ជំនួប​ខាង​លើ  សម្ដេច ហ៊ុន ម៉ាណែត បានផ្តល់នូវអនុសាសន៍ណែនាំដល់សមាគម ឱ្យចូលរួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការសិក្សាស្រាវជ្រាវចងក្រងឯកសារគោល និងកំណត់អត្តសញ្ញាណនៃស្នាដៃសិល្បៈឱ្យបានច្បាស់លាស់។ ជាមួយ​គ្នានេះ​ សមាគម ត្រូវ​ចូលរួមផ្សព្វផ្សាយនូវស្នាដៃសិល្បៈឱ្យកាន់តែទូលំទូលាយ តាមរយៈការរៀបចំបង្កើតព្រឹត្តិការណ៍ ឬសកម្មភាពផ្សេងៗ ដើម្បីឱ្យសាធារណជនបានយល់ដឹងអំពីវប្បធម៌សិល្បៈ។
 
ក្រៅ​ពី​ការ​សហការ​ជាមួយ​ក្រសួង​វប្បធម៌ សម្ដេច ហ៊ុន ម៉ាណែត ជំរុញ​ដល់​សមាគម​ បន្ត​ចូលរួមអនុវត្តប្រកបដោយភាពបត់បែននូវស្នាដៃសិល្បៈវប្បធម៌ ដោយឈរលើមូលដ្ឋានជាក់លាក់ និងច្បាស់លាស់។ ចំណុច​សំខាន់មួយទៀត នៃ​អនុសាសន៍​របស់​នាយករដ្ឋមន្រ្តី គឺ​ចង់​ឱ្យ​សមាគមជំរុញការអនុវត្តក្រមសីលធម៌នៃអ្នកសិល្បៈឱ្យកាន់តែមានប្រសិទ្ធភាព។
 
សូម​បញ្ជាក់ថា នាកម្មវិធី«អ្នកស្នងមរតក» ដែល​រៀបចំ​កាល​ពី​ថ្ងៃទី​៣១ ឧសភាកន្លងទៅ សម្ដេច ហ៊ុន ម៉ាណែត បាន​ប្រកាស​​ឧបត្ថម្ភថវិកា​ប្រចាំឆ្នាំចំនួន ១០ម៉ឺនដុល្លារដល់​សមាគម​សិល្បករខ្មែរ។ ក្នុង​​ពិធីនោះ នាយករដ្ឋមន្រ្តីកម្ពុជា ក៏​បាន​ប្រកាសបង្កើតមូលនិធិ ដើម្បីអភិរក្សសិល្បៈដែលរងហានិភ័យខ្ពស់ និងប្រឈមនឹងការបាត់បង់ផងដែរ៕ 

Tag:
 សមាគមសិល្បករ
  វប្បធម៌
  ហ៊ុន ម៉ាណែត
  មនុស្សចាស់​
© រក្សាសិទ្ធិដោយ thmeythmey.com