កីឡាជាតិ
ជាតិ
សំ ថារ័ត្ន និយាយសុំទោសគ្រូ និងជនរួមជាតិក្រោយ ចាញ់ម្ចាស់ផ្ទះហ្វីលីពីន
× កីឡាការិនីល្បុក្កតោ និងក្បាច់គុនបុរាណខ្មែរ សំ ថារ័ត្ន បានចេញឃ្លីបវីដេអូខ្លីមួយ ដើម្បីសម្តែងការសុំទោសគ្រូបង្វឹក និងជនរួមជាតិ ក្រោយពេលដែលនាងបានប្រកួតចាញ់កីឡាការិនីហ្វីលីពីន Jujeath Nagaowa ក្នុងទឹកទី២នៃព្រឹត្តិការណ៍ ONE FC: Warrior’s Way នៅលើសង្វៀន Mall of Asia Arena ក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃសុក្រ។
សំ ថារ័ត្ន ដែលមានរហស្សនាមថា «តាឡនតន» ឬ «កង្កែបតូច» (Little Frog) បានក្លាយជាកីឡាការិនីទីមួយរបស់កម្ពុជា ដែលបានបង្ហាញវត្តមាននៅសង្វៀនអន្តរជាតិនៃព្រឹត្តិការណ៍ដែលរៀបចំដោយស្ថាប័នក្បាច់គុនចម្រុះ ONE FC។ ថារ័ត្ន ត្រូវបានកីឡាការិនីម្ចាស់ផ្ទួលក្រោយការប្រកួតអស់ប្រមាណ ៣:៣៤នាទី។
តាមរយៈឃ្លីបវីដេអូរបស់ខ្លួន កីឡាការិនីវ័យ២៤ឆ្នាំរូបនេះ បានថ្លែងទាំងអួលដើមកថា នាងមានបញ្ហាស្មានៅជិតចប់ទឹកទីមួយ ដោយខ្លួនខំស៊ូរដែរ ប៉ុន្តែដល់ទឹកទីពីរបែរជាគាំងវាយអត់ចេញ។ នាងបាននិយាយទាំងលើកដៃសំពះថា៖ «អរគុណមែនទែនសម្រាប់ការគាំទ្រតាំងពីដើមរហូតដល់ចប់ ខ្ញុំមានកម្លាំងចិត្តមែនទែន ពេលឡើងទៅគឺជឿជាក់លើខ្លួនឯងច្រើន ប៉ុន្តែធ្វើអត់បាន»។
«តាឡនតន» បានសុំទោសជាពិសេសចំពោះលោក ចាន់ រាជ ដែលជាគ្រូបង្វឹក ដោយលោកបានខំអស់ពីសមត្ថភាព ហើយនាងបានសម្តែងការសោកស្តាយដែលមិនបានស្តាប់តាមការណែនាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com