អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី-ឥណ្ឌា​កាន់តែ​ស្អិតល្មួត​ក្រោយ​ដំណើរ​ទស្សនកិច្ច​លោកពូ​ទីន
11, Dec 2014 , 4:58 pm        
រូបភាព
ទំនាក់ទំនង​រុស្ស៊ី និង​ឥណ្ឌា​កាន់តែ​ជិតស្និទ្ធ និង​ស្អិតល្មួត​ក្នុងពេលដែល​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ឥណ្ឌា​ជា​ផ្លូវការ​ក្នុង​រយៈពេល​បី​ថ្ងៃ។ លោក ពូ​ទីន ដែលមាន​គោលដៅ​សំខាន់​បង្កើន​ចំណងមិត្តភាព​អោយ​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការពារជាតិ​ជាមួយ​មហា​យក្ស​អាស៊ី​ខាងត្បូង នឹង​ជួបពិភាក្សា​ជាមួយ​បណ្តា​មេដឹកនាំកំពូលៗ និង​អ្នកជំនួញធំៗឥណ្ឌា ហើយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​យ៉ាងច្រើន​នឹងត្រូវ​មេដឹកនាំ​ប្រទេស​ទាំងពីរ​ចុះហត្ថលេខា។ យ៉ាងណាមិញ​រយៈពេល​ចុងក្រោយ ទំនាក់ទំនង​រុស្ស៊ី​ជាមួយ​ឥណ្ឌា​ត្រលប់​មករក​ភាពល្អក់​ករក​ដោយសារ​ការ​រុស្ស៊ី​លក់​យន្តហោះ​ចម្បាំង​អោយ​សត្រូវ​ជិតខាង​ខ្លួន​គឺ​ប្រទេស​ប៉ា​គី​ស្ថាន ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​មេដឹកនាំ​រុស្ស៊ី​លើក​នេះ ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ការ​រឹតបន្តឹង​ចំណងមិត្តភាព​នៃ​មហាអំណាច​ទាំងពីរ។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ឆ្លើយតប​នឹង​សំណួរ​របស់លោក ជាវ សំណាង ទាក់ទិន​នឹង​បញ្ហា​នេះ៖



១.សំណួរ៖ និស្ស័យ ប្រធានាធិបតី​រុស្ស៊ី​បានធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ទៅកាន់​ប្រទេស​ឥណ្ឌា​រយៈពេល​បី​ថ្ងៃ ដែល​ទស្សនកិច្ច​នេះ​ចាប់ផ្តើម​ពី​ម្សិលមិញ។ តើ​និស្ស័យ​អាចជួយ​លម្អិត​ពី​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​រុស្ស៊ី​នេះ​បន្តិច​បានទេ​បាទ?
១.ចម្លើយ៖ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ទៅកាន់​ប្រទេស​មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​នេះ ជា​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​មួយ​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​ស៊ីជម្រៅ​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ។ បើ​និយាយ​ពី​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​រុស្ស៊ី​ទៅកាន់​ប្រទេស​ឥណ្ឌា​នេះ គឺ​ផ្តោត​សំខាន់​លើ​វិស័យ​សំខាន់​មួយចំនួន​ដូចជា​វិស័យ​ថាមពល សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​វិស័យ​ការពារជាតិ​ជាដើម។កិច្ចព្រមព្រៀង​ជាច្រើន​នឹងត្រូវ​ចុះហត្ថលេខា​ដោយ​ភាគី​ទាំងពីរ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ។ ការផ្តោត​សំខាន់​លើ​វិស័យ​ទាំងអស់​ខាងលើនេះ ជា​សញ្ញា​មួយ​បញ្ជាក់​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់មេ​ដឹកនាំ​ទាំងពីរ​ក្នុងការ​បង្កើន​និង​រឹត​បន្ត​ចំណងមិត្តភាព​ជាមួយគ្នា ក៏ដូចជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុងនាម​ជា​មហាអំណាច​ពិភពលោក។ សូម​រំលឹក​បន្តិច​ថា លោក ពូ​ទីន បាន​ទៅដល់​ក្រុង​ឌែ​លី​កាល​យប់​ម្សិលមិញ ដោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទទួលបាន​ការស្វាគមន៍​យ៉ាង​រាក់ទាក់​និង​កក់ក្តៅ​ជាទីបំផុត​ពី​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី។ មេដឹកនាំ​ទាំងពីរ​នាក់​ធ្លាប់​ជួបពិភាក្សា​គ្នា​ទ្វេភាគី និង​មិន​ផ្លូវការ កាលពី​ខែកក្កដា​នៅក្នុង​កិច្ចប្រជុំ BRICS នៅ​ប្រេ​ស៊ី​ល និង​កិច្ចប្រជុំ G20 កាលពី​ខែ​មុន​នៅក្នុង​ប្រទេស​អូស្ត្រាលី។

២.សំណួរ៖ និស្ស័យ​រុស្ស៊ី​បច្ចុប្បន្ននេះ​កំពុងស្ថិត​ក្នុង​ភាព​ឯកោ​រលើ​ឆាក​អន្តរជាតិ ដោយសារ​តួនាទី​របស់​ប្រទេស​នេះ​ក្នុង​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន។តើ​និស្ស័យ​យល់ថា​មេដឹកនាំ​រុស្ស៊ី ធ្វើដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌា​លើក​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​អ៊ុយ​ក្រែ​ន​ទេ?
២.ចម្លើយ៖ តិច​ឬ​ច្រើន​វា​ពិតជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​អ៊ុយ​ក្រែ​ន។ តាមពិតទៅ​រុស្ស៊ី​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​ដោយសារ​ការដាក់​គំនៀប​ផ្នែក​សេដ្ឋកិច្ច​របស់លោក​ខាងលិច​ជាពិសេស​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់ខ្លួន​សហភាព​អឺរ៉ុប។ម្យ៉ាងវិញទៀត​រុស្ស៊ី​ចង់​ស្វែងរក​ទីផ្សារ​ថ្មី​សម្រាប់​ផលិតផល​ឧស្ម័ន​ក៏ដូចជា​ប្រេង​របស់ខ្លួន នៅ​តំបន់​អាស៊ី​ជំនួស​អោយ​អឺរ៉ុប។ ហើយ​រុស្ស៊ី​មើលឃើញ​ឥណ្ឌា​ជា​ប្រទេស​ដ៏​ធំ​នៅ​អាស៊ី​ខាងត្បូង​មាន​ប្រជាជន​ច្រើន​បំផុត​បន្ទាប់ពី​ចិន ដែល​អាច​ប្រឈមមុខ​នឹង​ការខ្វះខាត​ថាមពល​សម្រាប់​ប្រើប្រាស់​ពេលអនាគត។ តាមពិតទៅ រុស្ស៊ី​ធ្លាប់​នាំចេញ​ឧស្ម័ន​ធម្មជាតិ​និង ប្រេង​ច្រើន​សន្ធឹកសន្ធាប់​ទៅកាន់​តំបន់​អឺរ៉ុប ប៉ុន្តែ​ដោយសារតែ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​រុស្ស៊ី​សម្រេច​លុបចោល​គម្រោង​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​ទៅកាន់​ប្រទេស​នៅ​អឺរ៉ុប​កាលពី​សប្តាហ៍​មុន។ម្យ៉ាងវិញទៀត​រុស្ស៊ី​ត្រូវ​រឹតបន្តឹង​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​ជា​មហាអំណាច​មួយ ព្រោះ​ដោយសារ​វិបត្តិ​អ៊ុយ​ក្រែ​ន​រុស្ស៊ី​កានតែ​ឯកោ។ អ្វីដែល​សំខាន់​ឥណ្ឌា​នេះ​មិនបាន​បង្ហាញ​ជំហរ​គាំទ្រ​ទណ្ឌកម្ម​លោកខាងលិច​ប្រឆាំង​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ឡើយ ហើយ​ឥណ្ឌា​នេះ​ជាទី​ផ្សារ​សព្វាវុធ​មួយ​ដ៏​ធំ​របស់​រុស្ស៊ី​ថែម​ទៀតផង។

៣.សំណួរ៖ និស្ស័យ ត្រលប់មក​ផ្តោតលើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​វិញ​ម្តង តើ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី​នេះ​ជួយ​អ្វីខ្លះ​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ?
៣.ចម្លើយ៖ តាមពិតទៅ​ដូច​ខ្ញុំ​បានលើកឡើង​ខាងដើម​ស្រាប់ ដំណើរ​ទស្សនកិច្ច​រប​ស​លោកពូ​ទីន មាន​គោលដៅ​សំខាន់​ផ្តោតលើ​ទំនាក់​លើ​វិស័យ​ថាមពល ពាណិជ្ជកម្ម និង​មួយទៀត​វិស័យ​ការពារជាតិ។ បើ​និយាយ​បញ្ហា​ពាណិជ្ជកម្ម​ដំណើរ​ទស្ស​ទស្សនកិច្ចរ​ប​ស់លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ទៅ​ឥណ្ឌា​លើក​នេះ​អនុញ្ញាតអោយ​លោក​អាច​ពិភាក្សា​ជា​លក្ខណៈ​ទេ្វ​ភាគី​លើ​គម្រោង​ទិញ​លក់​ត្បូង​ពេជ្រ​មានតម្លៃ ចរចា​លើ​ការបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ភារ​វាង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី (បេឡា​រ៉ុ​ស កា​ហ្សា​ក់​ស្ថាន និង​រុស្ស៊ី) ជាមួយ​ឥណ្ឌា​ជាដើម។ ក្រៅពីនេះ​គឺ បញ្ហា​ថាមពល។ លោកពូ​ទីន ឆ្លៀត​យក​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​បន្ត​ជជែក​ជាមួយ​ឥណ្ឌា​លើ​គម្រោង​ជាច្រើន​រួមមាន​ការកសាង​ស្ថានីយ៍​នុយក្លេអ៊ែរ​នៅ​ឥណ្ឌា គម្រោង​កសាង​បំពង់​បង្ហូរ​ឧស្ម័ន និង​ប្រេង​រវាង​ប្រទេស​ទាំងពីរ​ជាដើម​ផង។ នៅ​មុនពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ទឹកដី​ឥណ្ឌា គេ​រំពឹងថា​លោក ពូ​ទីន នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប្រមាណ ១៥ ដែល​ក្នុង​មាន​កិច្ចព្រមព្រៀង​ក្រុមហ៊ុន​ឯកជន​ប្រទេស​ទាំងពីរ​ផងដែរ។

៤.សំណួរ៖ ជា​សំណួរ​ចុងក្រោយ​របស់ខ្ញុំ តាមពិត​ទៅមុន​នឹងមាន​ដំណើរ​ទស្សនកិច្ច​រប​ស់លោក ពូ​ទីន ទៅ​ឥណ្ឌា ទំនាក់ទំនង​ឥណ្ឌា​និង​រុស្ស៊ី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ហាក់បីដូចជា​ធ្លាក់ចុះ​ខ្លាំង។ តើ​និស្ស័យ​អាច​បញ្ជាក់​បានទេ តើ​បញ្ហា​នេះ​បណ្តាលមកពី​អ្វី​ទៅ? 
៤.៖ចម្លើយ៖ ពិត​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ចំណងមិត្តភាព​រវាង​ឥណ្ឌា​និង​រុស្ស៊ី​មាន​ភាព​ធ្លាក់ចុះ បើ​ប្រៀបធៀប​និង​ពេលមុន។ បើ​និយាយ​ពី​សម័យ​សង្គ្រាមត្រជាក់​ឥណ្ឌា​និង​រុស្ស៊ី​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​គ្នា​ណាស់ ហើយ​កាលនោះ​ឥណ្ឌា​ជា​ប្រទេស​ដែល​បង្កើត​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ផងដែរ។ តាមពិតទៅ​ឥណ្ឌា​អន់ចិត្ត នឹង​រុស្ស៊ី​ដែល​នៅ​ចចេស​លក់​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ដល់​សត្រូវ​ក្បែរ​ខាង​ខ្លួន​គឺ​ប៉ា​គី​ស្ថាន។ មុនពេល​រុស្ស៊ី​លក់​យន្តហោះ​ចម្បាំង​ទៅអោយ​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាត  មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​បាន​ព្រលយ​ពាក្យ​ថា សកម្មភាព​របស់​រុស្ស៊ី នឹង​ធ្វើអោយប៉ះពាល់​ដល់​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​ដែល​បង្កើត​អស់កាល​ច្រើន​ទសវត្ស​មកហើយ​នោះ។ រុស្ស៊ី​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែល​ផ្គត់ផ្គង់​សព្វាវុធ​ធំ​បំផុត​ទៅអោយ​ឥណ្ឌា​តាំងពី​ឆ្នាំ ១៩៦០មកម្ល៉េះ ប៉ុន្តែ​មកដល់​ឆ្នាំ ២០០០ ឥណ្ឌា​ចាប់ផ្តើម​នាំចូល​សព្វាវុធ​ពី​បណ្តា​ប្រទេស​ផ្សេងទៀត​ដូចជា​អាមេរិក អ៊ីស្រាអែល និង​អឺរ៉ុប​ជាពិសេស​បារាំង​តែម្តង។ 


© រក្សាសិទ្ធិដោយ thmeythmey.com