ជាតិ
ពិភពតារា៖ អេននី ហ្សេម ខ្លាចរអាក្នុងមេរៀនស្នេហ៍
× ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចឮថា តារាចម្រៀង សាច់សខ្ចី ប្រចាំផលិតកម្ម ថោន កញ្ញា អេននី ហ្សាម មានអ្នកស្រលាញ់ច្រើននាក់ ប៉ុន្តែ នាងនៅមិនទាន់អើពើយ៉ាងណានោះទេ នាងហាក់ដូចជានៅស្ទាក់ស្ទើរ ដោយសាររៀងចាលក្នុងមេរៀនស្នេហ៍ចាស់ ដែលធ្វើឲ្យនាងឈឺចាប់។
នៅពេលដែលអតីតកាលដែលធ្លាប់ឆ្លងកាត់នូវរឿងរ៉ាវបែកបាក់ស្នេហានាពេលកន្លងមក បានធ្វើឲ្យបេះដូងដ៏ក្រពុំរបស់តារាចម្រៀងសាច់សខ្ចី កញ្ញា អេនី ហ្សាម លែងចង់ហ៊ានសាកល្បងទទួលយកស្នេហាជាលើកទីពីរ បើទោះជាមានបុរសជាច្រើននាក់ កំពុងតាមស្រលាញ់នាងយ៉ាងណាក៏ដោយ។
ប្រភពព័ត៌មានជិតស្និទ្ធមួយ បានឲ្យដឹងថា មុនពេលស្រីស្អាត មុខកូនកាត់ចិន អេននី ហ្សាម ចូលសិល្បៈ នាងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយបុរសទ្រព្យស្តុកស្តមម្នាក់ម្តងរួចមកហើយ ប៉ុន្តែដោយសារតែមានបញ្ហា ទើបធ្វើឲ្យពួកគេបែកបាក់គ្នា។ ការបែកបាក់នោះ ធ្វើឲ្យ អេននី ហ្សាម ឈឺចាប់ស្ទើរតែមិនចង់នឹកគិតយករឿងស្នេហាមកដាក់ខ្លួននៅថ្ងៃណាមួយទៀត។
យ៉ាងណាមិញ ជីវិតស្នេហា និងជីវិតការងាររបស់នាង ត្រូវបានផ្លាស់ប្តូរ បន្ទាប់ពី អេននី ហ្សាម ឈានជើងចូលប្រឡូកក្នុងអាជីពសិល្បៈ និងបានក្លាយជាតារាចម្រៀងក្នុងផលិតកម្ម ថោន។
ទន្ទឹមនឹងភាពជោគជ័យក្នុងវិស័យសិល្បៈ បុប្ផាមួយទងនេះ ក៏ជានារីរូបស្រស់ម្នាក់ ដែលសម្បូរមន្តស្នេហ៍ផងដែរ ពោលគឺតាំងពីនាងចាប់ផ្តើមសិល្បៈមក បុរសៗអ្នកមានស្តុកស្តម្ភជាច្រើន តែងប្រាថ្នាចង់ដណ្តើមយកតំណែងធ្វើជាម្ចាស់គ្រងបេះដូងរបស់នាង។ តែទោះជាយ៉ាងណាក្តី អេននី ហ្សាម នៅមិនទាន់សម្រេចចិត្តថា ត្រូវជ្រើសរើសយកបុរសណាម្នាក់ មកឃុំគ្រងបេះដូងរបស់នាងនៅឡើយនោះទេ ព្រោះតែនាងនៅតែមានអារម្មណ៍ថា ខ្លាចរអាជាមួយនឹងដានសេ្នហ៍ចាស់ ដែលធ្វើឲ្យនាងឈឺចាប់នាពេលកន្លងមក ស្ទើរតែរៀងចាល មិនហ៊ានទទួលស្នេហាថ្មីពីអ្នកណានោះទេ ខណៈការងារ របស់នាង ក៏ជោគជ័យគួរឲ្យកត់សម្គាល់។
ទាក់ទិននឹងព័ត៌មានដែលលេចឮថា នាងកំពុងមានបុរសសូមស្នេហ៍នោះ “ថ្មី” បានព្យាយាមសូមធ្វើបទសម្ភាសជាមួយនាង កាលពីពេលកន្លងទៅ ប៉ុន្តែនៅពេលដែលសួរដល់រឿងស្នេហា នាងសូមមិននិយាយអ្វីទាំងអស់ បន្ទាប់ពីប្រាប់ថា ការងារសិល្បៈធម្មតា នាងក៏បិទទូរស័ព្ទទៅ ជាមួយនឹងហេតុផលថាជាប់រវល់។
បុប្ផាមួយទងដែលប្រសូត្រចេញពីទឹកដីនៃខេត្តព្រះសីហនុ រូបនេះ បានឈានជើងចូលប្រឡូកសិល្បៈ តាមរយៈបងប្រុសរបស់នាងឈ្មោះ មង្គល ទីណា ដែលជាតារាចម្រៀងនៅក្នុងផលិតកម្ម Town ស្រាប់។ តែដំបូង នាងក៏ត្រូវសាកសំឡេងសិនដែរ ទើបក្រោយមក ម្ចាស់ផលិតកម្មព្រមឲ្យចូលច្រៀងនៅឆ្នាំ២០១០ ៕
© រក្សាសិទ្ធិដោយ thmeythmey.com